វិធី​ជំរុញ​កុមារ​ឱ្យមាន​ការចងចាំ​ល្អ និង​ជួយ​ឱ្យ​រៀន​ពូកែ

កូនៗរៀន​ពូកែ និង​ក្លាយជា​មនុស្ស​មាន​សមត្ថ​ភាព​គឺជា​ក្តី​ស្រមៃ​របស់​អាណាព្យាបាល​ជាច្រើន​ដែល​ពួកគាត់​ខិតខំ​ប្រឹងប្រែង​គ្រប់​លទ្ធភាព​ដើម្បីកូនៗ តែ​ជា​អកុសល​ឪពុកម្តាយ​មួយចំនួន​មិនបាន​ដឹង​វិធីសាមញ្ញៗដើម្បី​ជួយកូនតូចៗមានការ​ចងចាំ​ល្អ​ឡើយ។

ការពឹង​តែ​លើ​សាលារៀន​គ្រប់យ៉ាង មិនមែនជា​ជម្រើស​ល្អ​នោះទេ​សម្រាប់​អប់រំកូនតូចៗឱ្យ​ចង់​រៀនសូត្រ ហើយ​ក្លាយជា​អ្នកចេះដឹង  ព្រោះ​គ្រូបង្រៀន​មិនអាច​ធ្វើឱ្យ​ក្មេង​ទាំងអស់​ក្លាយជា​សិស្ស​លេខ1 ពេញ​មួយ​ថ្នាក់​បានឡើយ តែ​ប្រសិនបើ​អាណាព្យាបាល​ពូកែ​អប់រំ​កូន​វិញ គាត់​អាច​នឹង​ជួយកូនតូចៗរបស់គាត់​ឱ្យ​ជោគជ័យ​ក្នុងការ​រៀនសូត្រ​បាន។

ខាងក្រោម​នេះ​ជា​វិធីសាមញ្ញៗដើម្បី​ជួយក្មេងៗឱ្យមាន​ភាព​ឆ្លាត​វៃ ហើយ​ធ្វើឱ្យ​ពួកគេ​ចូលចិត្ត​រៀន​រហូតដល់​ពួកគេ​ធំ​ឡើង។

  1. ព្យាយាម​ស្វែងយល់​ពី​ប្រព័ន្ធ​អប់រំ

អាណាព្យាបាល​ជាច្រើន​បាន​បញ្ជូន​កូន​ទៅ​រៀន​ដោយ​រំពឹងថា គាត់​បាន​ចំណាយ​លុយកាក់ និង​ធនធាន​គ្រប់យ៉ាង​ដើម្បីឱ្យ​កូន​ទទួលបាន​ចំណេះដឹង​ពី​ក្នុង​សាលា ហើយ​តួនាទី​របស់គាត់​គឺ​គ្រាន់តែ​ជា​អ្នក​រកលុយ​ផ្គត់ផ្គង់ ការសិក្សា​របស់​កូន​តែប៉ុណ្ណោះ។ ការគិត​បែបនេះ​មិនមែនជា​ការគិត​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ទាំងស្រុង​នោះទេ ព្រោះថា អាណាព្យាបាល​ដែលមាន​ភាព​វៃឆ្លាត​តែងតែ​នៅ​ពីក្រោយ​ភាពជោគជ័យ​របស់​កូន​ជានិច្ច។

លទ្ធផល​នៃ​ការស្រាវជ្រាវ​មួយចំនួន​ស្តីពី​ការអប់រំ​បានបង្ហាញ​ថា កូនក្មេង​ដែល​ទទួលបាន​ការសិក្សា​ល្អ ភាគច្រើន​មាន​អ្នក​ណែនាំ និង​ទទួលបាន​បទពិសោធ​ជាក់ស្តែង​ពី​ខាងក្រៅ​ច្រើនជាង​ការ​គ្រាន់តែ​រៀន​ក្នុង​សាលា។ ហេតុនេះ​ការដែល​អាណាព្យាបាល​បាន​មើលត្រួសៗពី​ចំណុចសំខាន់ៗក្នុង​សៀវភៅ​របស់​ក្មេង​ដែល​នឹងត្រូវ​រៀន​ពេញ​មួយឆ្នាំ ឬ​ចំណាយពេល​មើល​ពី​មាតិកា​អប់រំសំខាន់ៗទុកជាមុន អាចជួយ​ឱ្យ​ពួកគាត់​ដឹង​ពី​ចំណុច​ដែល​គាត់​អាចជួយ​កូន​របស់គាត់​បាន ហើយ​ថែមទាំង​រៀបចំ​វិធីសាស្ត្រ​លើកទឹកចិត្ត​កូន​បានល្អ​ទៀតផង ព្រោះកូនៗអាច​នឹង​គិតថា គាត់​ជា​មនុស្ស​យល់ចិត្ត និង​ដឹង​ពី​តម្រូវការ​របស់គេ​គ្រប់យ៉ាង។

នៅពេលដែល​អាណាព្យាបាល​បានដឹង​ពី​មេរៀនខ្លះៗដែល​កូន​នឹងត្រូវ​រៀន​ពេញ​មួយឆ្នាំ​នោះ គាត់​អាច​នឹង​នាំ​កូន​របស់គាត់​ឱ្យ​ស្គាល់​ពិភព​ពិត​ជាក់ស្តែង​ដែល​មេរៀន​ចង់​ពន្យល់​គាត់​នៅពេល​សម្រាក រួមទាំង​វិធីសាស្ត្រ​ល្អជា​ច្រើន​ទៀត។

  1. បើ​មាន​ជម្រើស ក្មេងៗចូលចិត្ត​ស្តាប់​រឿង​ជាង​ការលេង​របស់​លេង​ម្នាក់ឯង

នៅ​ក្នុងសម័យ​បច្ចេកវិទ្យា អាណាព្យាបាល​ជាច្រើន​កំពុងមាន​ក្តីកង្វល់​ខ្លាំង​លើ​គម្លាត​រវាងកូនៗ និង​ពួកគាត់។ គម្លាត​ទាំងអស់នោះ​អាចមកពី​បញ្ហា​ពេលវេលា​ក្នុង​ការងារ និង​ការជក់​លេង​របស់​ក្មេង​ក្នុង​ពិភព​បច្ចេកវិទ្យា​ដែល​ឪពុកម្តាយ​គ្រប់គ្រង​មិនបាន​ល្អ។ នៅក្នុង​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន ក្រុម​អ្នកវិទ្យាសាស្ត្រ​ដែល​ក្នុងនោះ​រួមទាំង​ក្រុមហ៊ុន Apple ផង​បានចាប់ផ្តើម​រិះរក​វិធីផ្សេងៗដើម្បី​ទប់ស្កាត់​ភាព​ញៀន​របស់​កុមារ​ចំពោះ​បច្ចេកវិទ្យា ហើយ​ងាក​មក​បង្កើន​ភាពស្និទ្ធស្នាល​ជាមួយ​ពិភព​មនុស្ស​ជាក់ស្តែង ឬ​ជាមួយ​អាណាព្យាបាល​វិញ។

អ្នកជំនាញ​អប់រំ​បានផ្តល់​ដំបូន្មាន​ថា ការចេះ​រក​វិធី​នាំ​កូន​កម្សាន្ត​បែប​អប់រំ ជា​វិធី​ល្អ​បំផុត​ក្នុង​ការបង្កើន​ភាពស្និទ្ធស្នាល​ដល់​កុមារ។ អាណាព្យាបាល​មួយចំនួន​អាច​ស្វែងរក​ល្បែង​កម្សាន្ត​ដែលមាន​ភាព​ទាក់ទាញ និង​ទាក់ទង​នឹង​ការសិក្សា​បែប​គណិតវិទ្យាស្រាលៗ ឬ​អាច​ជ្រើស​រើសយក​រឿងខ្លីៗដែលមាន​ក្នុង​កម្មវិធីសិក្សា​មក​និយាយប្រាប់កូនតូចៗបាន ព្រោះ​ក្មេង​អាច​នឹង​ចូលចិត្ត​ស្តាប់ប្រសិនបើ​មនុស្ស​ធំ​មាន​វិធីសាស្ត្រល្អៗក្នុងការ​លួងលោម​ពួកគេ​ឱ្យមាន​ភាពសប្បាយ​រីករាយ។

ការជ្រើសរើស​យក​រឿង​ដែលមាន​ក្នុង​កម្មវិធីសិក្សា​មក​និយាយប្រាប់កូនតូចៗ អាចធ្វើឱ្យ​ក្មេង​រីករាយ ហើយ​ចងចាំ​បានល្អ។ វិធី​នេះ​អាចធ្វើឱ្យ​ពួកគេ​ចងចាំ​មេរៀន​បានល្អ និង​រីករាយ​នៅពេលដែល​គេ​ឃើញ​រឿង​ដែល​ខ្លួន​បានដឹង​រួចរាល់​ហើយ ត្រូវបាន​គ្រូ​លើក​យកមក​បង្រៀន។

  1. ក្មេង​ចូលចិត្ត​ការលើកទឹកចិត្ត តែ​មិន​ចូលចិត្ត​ការពិន័យ​នោះទេ

អាណាព្យាបាល​មួយចំនួនធំ​បានទទួល​ជោគជ័យ​លើ​ការអប់រំ​កូន​តាមរយៈ​ការជ្រើសរើស​យក​រឿង​ដែល​ធ្លាប់បាន​និយាយប្រាប់កូនៗហើយ​មក​បង្កើតជា​ល្បែង​ល្បងប្រាជ្ញា​សម្រាប់​សួរកូនៗវិញ។ អាណាព្យាបាល​ខ្លះ​ក៏​បរាជ័យ​ផងដែរ នៅពេលដែល​គាត់​ចាប់ជំរិត​ក្មេង​តូច​ដើម្បី​សួរ​មេរៀន ដែល​វា​នឹង​ធ្វើឱ្យក្មេងៗមានការ​ធុញទ្រាន់ ហើយ​មិន​ចង់​ឆ្លើយ។ នៅពេល​ក្មេង​មិន​ចង់​ឆ្លើយ មនុស្ស​ធំ​ភាគច្រើន​ប្រើ​វិធី​បង្ខំ ឬ​អំពើហិង្សា ដែល​បញ្ហា​នេះ​កាន់តែ​ធ្វើឱ្យ​ក្មេង​ស្អប់​ការរៀនសូត្រ​ថែម​ទៅទៀត។

ជា​ជម្រើស​ល្អ មិន​ថា​រឿងរ៉ាវ​ប្រវត្តិសាស្ត្រងាយៗ លំ​ហាត់​ល្បងប្រាជ្ញា​គណិតវិទ្យា ឬ​រឿង​អក្សរសិល្ប៍​នោះទេ ប្រសិនបើ​អាណាព្យាបាល​ឆ្លាត គាត់​នឹង​ជ្រើស​រើសយក​សាច់រឿង​ទាំងអស់​នោះមក​ធ្វើជា​សំណួរងាយៗ កំប្លែងៗ ដើម្បីឱ្យ​ក្មេងតូចៗឆ្លើយ។ ការធ្វើ​បែបនេះ​អាចធ្វើឱ្យ​ក្មេង​មានឱកាស​ហ្វឹកហាត់​សមត្ថភាព​បាន​យ៉ាង​ល្អ និង​ស្រឡាញ់​ការរៀនសូត្រ​កាន់តែខ្លាំង​ឡើង។

ម្យ៉ាងវិញទៀត នៅពេល​យើង​សួរក្មេងៗពី​មេរៀន​ប្រវត្តិសាស្ត្រ ហើយ​ពួកគេ​ឆ្លើយ​ត្រូវ​សំណួរ​អាណាព្យាបាល​អា​ចស​រ​សើរ ឬ​ផ្តល់​ជា​រង្វាន់​ដោយ​នាំ​ពួកគេ​ទៅកាន់​កន្លែង​នោះ​ផ្ទាល់​តែម្តង ដែល​ការធ្វើ​បែបនេះ​អាចធ្វើឱ្យ​ក្មេង​កាន់តែ​ចងចាំ​បានល្អ ហើយ​ចូលចិត្ត​រៀន និង​ស្រឡាញ់​ឪពុកម្តាយ​កាន់តែខ្លាំង​ឡើង​ទៀតផង៕

 

Advertisement