Giroud ជួយ Chelsea ផ្តួល Southampton ដើម្បី​ទៅ​ជួប Man Utd ក្នុង FA Cup វគ្គ​ផ្តាច់ព្រ័ត្រ

ការរកបាន​គ្រាប់​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​របស់​ខ្សែប្រយុទ្ធ Olivier Giroud បាន​ជួយ​ឱ្យ​ក្រុម Chelsea ដណ្តើមបាន​ជ័យជម្នះ​ក្នុង​លទ្ធផល 2-០ លើ​ក្រុម Southampton ដើម្បី​កក់​កៅអី​របស់​ពួកគេ​ទៅ​ជួប​ក្រុម Manchester United របស់លោក Jose Mourinho ក្នុង​ពាន FA Cup វគ្គ​ផ្តាច់ព្រ័ត្រ។

យុទ្ធនាការ​ជា​លើក​ទី137 មួយ​នេះ​ក៏​នឹង​ក្លាយជា​ការជួបគ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី1 រវាង​ក្លិប​យក្ស​ទាំង2 ផងដែរ​ក្នុង​រយៈពេល1ទសវត្សរ៍​នេះ។ ក្រោយពី​ដណ្តើមបាន​ជ័យជម្នះ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃអាទិត្យ លោក ­Antonio Conte បានឱ្យដឹងថា៖ «យើង​កំពុងតែ​និយាយ​ពី​អ្នកចាត់ការ​ទូទៅ 2នាក់​ដែលមាន​ឥរិយាបថ​ខ្លាំង​ដូចគ្នា និង​ជា​អ្នកឈ្នះ 2នាក់។ នៅពេលនោះ ក្នុង​ចិត្ត បេះដូង និង​ឈាម​របស់​អ្នក មានតែ​សុច្ឆន្ទៈ1ប៉ុណ្ណោះ គឺ​ឈ្នះ។ ពិតណាស់ យើង​ចង់​ប្រជែង​យក​ពានរង្វាន់​នេះ»។

ការសម្រេចចិត្ត​ជ្រើស​រើសយក Giroud ឱ្យ​លេង​ក្នុង​ជម្រើស​ដំបូង​ជំនួស Alvaro Morata បានក្លាយ​ជាការ​កាត់សេចក្តី​ដ៏​ត្រឹមត្រូវ​ពី​សំណាក់​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម Chelsea លោក Conte ខណៈដែល​អតីត​តារា​ឆ្នើម​របស់​ក្លិប Arsenal រូបនេះ បានបង្ហាញ​ពី​ទេពកោសល្យ​ដ៏​អស្ចារ្យ​របស់គេ​ដើម្បី​រក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី​នៅ​ដើមតង់​ទី2។

Giroud ពិតជា​បានផ្តល់​ការខកចិត្ត​ដ៏​ធំ​ដល់​ក្រុម Southampton នៅ​រដូវ​កាល​នេះ ក្រោយពី​បាន​ស៊ុត​បាល់​បញ្ចូល​ទី 2គ្រាប់​ដើម្បី​ជួយ​ឱ្យ​ក្រុម Chelsea ទទួលបាន​ជ័យជម្នះ​ក្នុង​លទ្ធផល 3-2 កាលពី​ចុង​សប្តាហ៍​មុន ហើយក៏​បាន​រក​គ្រាប់​បាល់​តាម​ស្មើ​ក្នុងពេល​ប្រកួត​ជាមួយនឹង​ពួកគេ សម្រាប់​ក្រុម Arsenal កាលពី​ខែធ្នូ​ផងដែរ។គ្រាប់​បាល់​ទី4 របស់គេ​សម្រាប់​ក្រុម Chelsea ចាប់​តាំង​ការផ្ទេរ​របស់គេ​កាលពី​ខែមករា បានកើត​ឡើង នៅមុន​ពេល​មាន​គ្រាប់​បាល់​តែ​ត​បញ្ចូល​ទី​នៅ​ជិត​បញ្ចប់​ការប្រកួត​ពី​ខ្សែប្រយុទ្ធ​បម្រុង Morata ដើម្បី​បង្កើតឱ្យមាន​ការជួបគ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយនឹង​ក្រុម​ជើង​ខ្លាំង Man United នា​កីឡដ្ឋាន Wembley នៅ​ថ្ងៃទី19 ខែឧសភា ខាងមុខនេះ​តែម្តង៕

ប្រភពពី៖ The Telegraph

Advertisement