Torres នឹង​ចាក​ចេញពី Atletico Madrid នៅ​ចុងរដូវ​កាល​នេះ

ខ្សែប្រយុទ្ធ Fernando Torres របស់ Atletico Madrid គ្រោង​នឹង​ចាក​ចេញពី​ក្លិប​នេះ នៅពេលដែល​កិច្ចសន្យា​របស់គេ​ផុតកំណត់​នៅ​ចុងរដូវ​កាល​នេះ ដើម្បី​ស្វែងរក​កន្លែង​ដែល​រូបគេ​អាចមាន​ឱកាស​លេង​បាន​ច្រើនជាង​នេះ។

Torres វ័យ 34ឆ្នាំ បាន​ចូល​លេង​ក្នុង​ជម្រើស 11នាក់​ដំបូង​នៃ​ក្របខ័ណ្ឌ La Liga ត្រឹមតែ 3ប្រកួត​ប៉ុណ្ណោះ​នៅ​រដូវ​កាល​នេះ និង​បាន​បង្ហាញខ្លួន 17លើក​ក្នុងនាម​ជា​កីឡាករ​បម្រុង ដោយបាន​ស៊ុត​បាល់​បញ្ចូល​ទី 2គ្រាប់។ Torres បានឱ្យដឹង​នៅក្នុង​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា៖ «ខ្ញុំ​ចង់​ឆក់យក​ឱកាស​នេះ​ដើម្បី​និយាយថា នៅទីនេះ​នឹង​ក្លាយជា​រដូវ​កាល​ចុងក្រោយ​របស់ខ្ញុំ​ជាមួយនឹង​ក្លិប​នេះ»។

ខ្សែប្រយុទ្ធ​រូបនេះ​បាន​ប្រាប់​បន្តថា៖ «វា​មិនមែនជា​ការសម្រេចចិត្ត​ដែល​ងាយស្រួល​ឡើយ តែ​ការស្វែងរក​ភាពជាក់លាក់ និង​ស្ថានភាព​មួយ​ផ្សេងទៀត ប្រហែលជា​រឿង​ដ៏​ល្អ​បំផុត។ ខ្ញុំ​ទទួលស្គាល់ថា ខ្ញុំ​មិនសូវមាន​តួនាទី​ច្រើន​ឡើយ ដូច្នេះ​ឥឡូវនេះ​គឺ ដល់ពេល​វេលា​ក្នុងការ​ចាកចេញ​ហើយ»។

ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ កំពុងតែ​ស្ថិតក្នុង​ពេលវេលា​ទី2 របស់គេ​នៅក្នុង​ក្លិប​នេះ ដែល​រូបគេ​បាន​ចាកចេញ​កាលពី​ឆ្នាំ2007ដើម្បី​ផ្ទេរ​ទៅកាន់​ក្លិប Liverpool ហើយ​រូបគេ​ក៏​ធ្លាប់បាន​ចំណាយពេល​នៅ​ជាមួយនឹង​ក្លិប Chelsea និង AC Milan ផងដែរ នៅមុន​ពេល​វិល​ទៅកាន់​អេ​ស្ប៉ា​ញ​វិញ​នៅ​ឆ្នាំ2015។ Torres បាន​បន្ថែមទៀតថា៖ «វា​ពិតជា​លំបាក​ណាស់​ក្នុងការ​និយាយថា លា​ហើយ​ជា​លើក​ទី2 ពីព្រោះ​ខ្ញុំ​ចង់​លេង​នៅទីនេះ​រហូតដល់​ចូលនិវត្តន៍ ប៉ុន្តែ អ្វីៗមិនមែន​ដំណើរការ​ទៅ​ដូច​អ្វីដែល​អ្នក​ចង់បាន​នោះឡើយ»៕

ប្រភពពី៖ Channel News Asia

Advertisement