លោក Francesco ជំរុញ​ឱ្យ Roma បង្កើត​អភិនីហារ ពេល​ប៉ះ Barcelona រាត្រី​នេះ

លោក Eusebio Di Francesco គ្រូបង្វឹក​របស់​ក្រុម Roma បាន​ជំរុញ​ឱ្យ​ក្រុម​របស់លោក​ជឿជាក់​ទៅលើ «អភិនីហារ» មួយ​ក្នុង​ការលុបចោល​លទ្ធផល​ដេញតាម​ពីក្រោយ 4-1 នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម Barcelona និង​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League នៅ​រាត្រី​នេះ។ លោក Di Francesco បាន​ប្រាប់​ក្នុង​សន្និសីទ​សារព័ត៌មាន​មុនពេល​ការប្រកួត​ថា៖ «យើង​ត្រូវតែ​ជឿជាក់​លើ​ចំណុច​សំខាន់ផ្សេងៗ និង​ការ​ប្រជែង​ដោយ​ការស្រេកឃ្លាន​ដ៏​អស្ចារ្យ។

ពួកគេ​នឹង​លេង​ក្នុង​ទម្រង់​ដ៏​ល្អ​បំផុត​មួយ​របស់​ពួកគេ​ដើម្បី​យក​លទ្ធផល ប៉ុន្តែ​យើង​ក៏​អាចបង្កើត​ឱ្យមាន​អភិនីហារ​មួយ​ដែរ»។ គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «វា​ពិតជា​លំបាក ប៉ុន្តែ​យើង​ត្រូវតែ​ជឿជាក់។ យើង​បានធ្វើ​ការរារាំង Lionel Messi កាលពី​ជើង​ទី1 ហើយ​យើង​ត្រូវតែ​ព្យាយាម​ធ្វើឱ្យបាន​ម្តងទៀត​នៅ​រាត្រី​នេះ»។

ខ្សែប្រយុទ្ធ EdinDzeko បា​នរក​គ្រាប់​បាល់​ក្រៅ​ទឹកដី​ដ៏​សំខាន់​មួយគ្រា​ប់ ក្រោយពី​ការធ្វើឱ្យ​បាល់​ចូល​ទី​ខ្លួនឯង​ពី​សំណាក់ Daniele De Rossi និង Kostas Manolas នា​កីឡដ្ឋាន Camp Nou ប៉ុន្តែ ក្រុម​របស់​អ៊ីតាលី ចាំបាច់​ត្រូវតែ​ធ្វើការ​វាយបក​ដ៏​មិន​នឹកស្មាន​ដល់​មួយនា​កីឡដ្ឋាន StadioOlimpico ដើម្បី​ឈានទៅ​វគ្គ 4ក្រុម​ចុងក្រោយ​ជា​លើក​ទី1 ចាប់តាំងពី​ឆ្នាំ1989។

ស្របពេល​ជាមួយគ្នានេះ លោក Ernesto Valverde គ្រូបង្វឹក​របស់​ក្រុម Barcelona ក៏បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ផងដែរ​ថា លោក​រំពឹងទុក​ថា នឹងមាន​ការ​វាយ​សម្រុក​ខ្លាំងក្លា​ពី​ក្រុម Roma ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ 8ក្រុម​ចុងក្រោយ ជើង​ទី2 របស់​ពួកគេ​នៅ​កីឡដ្ឋាន StadioOlimpico នា​រាត្រី​នេះ។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង1:45ទៀបភ្លឺ៕

ប្រភពពី៖ Sport24

Advertisement