Bayern វាយបក​ផ្តួល Augsburg ដើម្បី​លើក​ពាន Bundesliga ជា​លើក​ទី6 ជាប់ៗគ្នា

ក្រុម Bayern Munich បានឈ្នះ​ពាន​ក្របខ័ណ្ឌ Bundesliga សម្រាប់​រយៈពេល 6រដូវ​កាលជាប់ៗគ្នា ក្រោយពី​បាន​វាយបក​ដើម្បី​ផ្តួល​ក្រុម Augsburg ក្នុង​លទ្ធផល 4-1 កាលពី​ថ្ងៃ​សៅរ៍។ លោក JuppHeynckes ដែល​បាន​ចូលកាន់​តំណែង​កាលពី​ខែតុលា ក្រោយពី​លោក Carlo Ancelotti ត្រូវបាន​បណ្តេញចេញ​នោះ បាន​ដឹក​នាំឱ្យ​ក្រុម​របស់លោក ជួប​លទ្ធផល​ដ៏​ជឿជាក់​មួយ ដោយ​ចាញ់​ត្រឹមតែ 2លើក​គត់​ក្នុងចំណោម​ការប្រកួត​ទាំង 31លើក​របស់លោក។

Bayern បាន​របូត​ឱ្យមាន​គ្រាប់​បាល់ 1គ្រាប់​នាំមុខ​នៅលើ​ទឹកដី​ក្រុម Augsburg ក្រោយពី​ខ្សែការពារ NicklasSule បានធ្វើឱ្យ​បាល់​ចូល​ទី​ខ្លួនឯង នៅ​មុនពេល​កីឡាករ CorentinTolisso, James Rodriguez និង Arjen Robben រកបាន​គ្រាប់​បាល់​មកវិញ​ដើម្បី​ជួយ​ឱ្យ​ក្រុម Bayern ឈ្នះ​ពាន​មួយ​នេះ​តែម្តង។

ខ្សែប្រយុទ្ធ​ចំណូល​ថ្មី Sandro Wagner បា​នរក​គ្រាប់​បាល់​ទី4នៅ​ជិត​បញ្ចប់​ការប្រកួត​សម្រាប់​ក្រុម Bayern Munich ដែល​ក៏​កំពុងតែ​ស្ថិតក្នុង​ទីតាំង​ដ៏​ល្អ​នៃ​ការប្រកួត​ជាមួយនឹង​ក្រុម Sevilla ក្នុង​ក្របខ័ណ្ឌ Champions League ផងដែរ។ ការ​ឈ្នះ​ពាន 6លើកជាប់ៗគ្នា គឺជា​ការគ្រប់គ្រង​ដ៏​យូរអង្វែង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ប្រកបដោយ​ផ្លែផ្កា​របស់​ក្លិប​នេះ។ បច្ចុប្បន្ន Bayern បានឈ្នះ​ពាន​ក្របខ័ណ្ឌ​អាល្លឺម៉ង់​សរុប​ចំនួន 28លើក។

លទ្ធផល​នេះ ធ្វើឱ្យ​ក្រុម Bayern នាំមុខ 20ពិន្ទុ​ដាច់ ខណៈដែល​នៅសល់​ការប្រកួត​លី​ក 5លើក​ទៀត​នៅ​រដូវ​កាល​នេះ និង​បានបង្ហាញ​ពី​សមត្ថភាព​ដ៏​ខ្លាំង​របស់​ពួកគេ​ក្នុងការ​គ្រប់គ្រង​ក្របខ័ណ្ឌ Bundesliga ទាំងស្រុង។ តារា​ជើងចាស់ Robben ដែល​បច្ចុប្បន្ន បានឈ្នះ​ពាន​ក្របខ័ណ្ឌ Bundesliga 7លើក ចាប់តាំងពី​ចូលរួម​ជាមួយនឹង​ក្លិប Bayern ក្នុង​ឆ្នាំ2009នោះ បានឱ្យដឹងថា៖ «វា​តែងតែ​ជា​រឿង​ដ៏​ល្អ​ក្នុងការ​ឈ្នះ​ពាន​មួយ។ យើង​បានដឹងថា វា​នឹង​កើតឡើង ប៉ុន្តែ យើង​នៅតែ​ត្រូវ​ឈ្នះ​ជា​ផ្លូវការ។ គ្មាន​អ្វីដែល​កើតឡើង​ដោយងាយៗឡើយ​នៅក្នុង Bundesliga»៕

ប្រភពពី៖ The Sun

Advertisement