ពៅ លីដា ហ៊ឺហារជាមួយ រថយន្តតម្លៃជិត24ម៉ឺនដុល្លារ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ទើបតែបានចំណាយលុយយ៉ាងច្រើនទិញមាសរាប់តម្លឹង ដែលជាគ្រឿងអលង្ការឈុតជូនអ្នកម្តាយជាទីស្រឡាញ់របស់ខ្លួនមិនទាន់បានប៉ុន្មានផង ស្រីស្រស់សម្បុរស្រអែម កញ្ញា ពៅ លីដា បានបង្ហាញពីភាពហ៊ឺហារនឹកស្មានមិនដល់មួយទៀតដោយកុម្ម៉ងទិញរថយន្តទំនើបម៉ាក Lexus ស៊េរីថ្មី ឆ្នាំ2018 ពណ៌សដ៏រលើបរលោងមួយទៀតជាមួយនឹងតម្លៃជិត24ម៉ឺនដុល្លារ។ ជាមួយនឹងការបង្ហាញពីភាពឡូយឆាយក្លាយជាម្ចាស់រថយន្តទំនើបមួយនេះ ពៅ លីដាបានលើកឡើងថា មិនមែនទិញដើម្បីបង្អួតភ្នែកញាតិនោះទេ ប៉ុន្តែវាជាការបំពេញក្ដីស្រមៃ និងសម្រាប់អបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ ជាការពិតណាស់ សម្រាប់កញ្ញា ពៅ លីដា ត្រូវបានមហាជនទូទៅ ទាំងនៅក្នុងស្រុក និងនៅក្រៅប្រទេស បានទទួលស្គាល់ថា កញ្ញាគឺជាតារាសម្ដែងស្រីមួយដួងដែលមានប្រជាប្រិយភាពខ្ពស់ ដែលសូម្បីតែអត្តចរិតក៏សុភាពរាបសាររួសរាយរាក់ទាក់ ផ្ទៃមុខពោរពេញទៅដោយស្នាមញញឹមពព្រាយ ដែលទាំងអស់នេះហើយ ជាដើមចមធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់កញ្ញាមានភាពលេចធ្លោររហូតទទួលបានការសាទរពីសំណាក់បងប្អូនប្រជាជនខ្មែរដែលកំពុងរស់នៅតាមបណ្តាប្រទេសនានាអញ្ជើញរូបនាងទៅសម្ដែងនៅក្នុងឱកាសដ៏រីករាយជាច្រើនជាបន្តបន្ទាប់។ ជាក់ស្ដែងកាលពីពេលកន្លងទៅ ខណៈដែលការងារសម្ដែងខ្សែភាពយន្តភាគខ្មែរសម្រាប់ត្រៀមចាក់បញ្ចាំងនៅតាមបណ្តាស្ថានីយទូរទស្សន៍ ក៏ដូចជាខ្សែភាពយន្តខ្នាតធំផងដែរនោះ ពៅ លីដា ត្រូវបានកាត់បន្ថយពេលវេលាដ៏មមាញឹក ចាកចេញទៅសម្ដែងនៅឯសហរដ្ឋអាមេរិករយៈពេល3ខែប្រកបដោយភាពជោគជ័យគួរជាទីមោទនៈបំផុត។

កញ្ញា ពៅ លីដា បានលើកឡើងថា “ភាពជោគជ័យដែលខ្ញុំទទួលបានពីការចេញទៅសម្ដែងនៅលើទឹកដីសហរដ្ឋអាមេរិកលើកដំបូងក្នុងឆាកជីវិត កាលពីពេលកន្លងទៅនោះ ខ្ញុំពិតជារីករាយខ្លាំងស្ទើរមិនគួរឱ្យជឿ ព្រោះពួកគាត់ពិតជាបានផ្តល់នូវការរាក់ទាក់យ៉ាងកក់ក្ដៅជាពិសេស ឱ្យតម្លៃអ្នកសិល្បៈខ្មែរដែលចូលចិត្តនិយមសម្លៀកបំពាក់បែបប្រពៃណីខ្មែរតែម្ដង”។

ដោយឡែកពេលនេះ សូមងាកមកចាប់អារម្មណ៍ជាថ្មីម្ដងទៀតទៅលើកម្រិតជីវភាពក្រៅឆាក និងការប្រើប្រាស់សម្ភារនិយមរបស់ ពៅ លីដា វិញម្ដង ជឿថា ម្នាក់ៗសុទ្ធតែនាំគ្នាភ្ញាក់ផ្អើលមិនខាន ដែលក្រៅពីការទិញផ្ទះវីឡាថ្មី បើកមុខជំនួញផ្ទាល់ខ្លួននោះ ពៅ លីដា បានបង្ហាញរថយន្តថ្មីទំនើបថ្មីសន្លាងមួយគ្រឿងទៀតម៉ាក Lexus 570 ពណ៌ស ស៊េរីឆ្នាំ2018 ជាមួយនឹងតម្លៃប្រមាណជាង238,000ដុល្លារ។ យ៉ាងណាក៏ដោយ ចំពោះវត្តមានរថយន្តថ្មីនេះ ពៅ លីដា បានបញ្ជាក់ថា វាមិនមែនបានមកពីការជួយរបស់អ្នកមានណាម្នាក់នោះទេ ក្រៅតែពីការជួយលុយពីឪពុកម្តាយ បូកផ្សំនឹងលុយលក់រថយន្តចាស់ ជាមួយនឹងលុយដែលសន្សំបានពីការចេញច្រៀង និងសម្ដែងនៅក្រៅប្រទេសកាលពីពេលកន្លងទៅនោះ។ ពៅ លីដា ក៏បានបង្ហាញពីគម្រោងនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះថា ក្រៅពីទៅវត្តប្រគេនបង្ហាន់ដល់ព្រះសង្ឃនៅវត្ត និងជូនសម្ភារប្រើប្រាស់ជូនដល់ដូនជី តាជីនោះ នាងរួមជាមួយនឹងគ្រួសារក៏មានគម្រោងចេញដើរកម្សាន្តនៅតាមមណ្ឌលកម្សាន្តមួយចំនួនទៀតផង ដោយប្រើរថយន្តថ្មីដែលទើបនឹងទិញនេះធ្វើជាយានជំនិះ៕

Advertisement