Salah រងរបួស ខណៈ Liverpool លត់​ក្រុម Man City ចាស់ដៃ

Liverpool នឹងធ្វើ​ការត្រួតពិនិត្យ​ទៅលើ Mohamed Salah ក្រោយពី​រូបគេ​ត្រូវបាន​បង្ខំចិត្ត​ប្តូរ​ចេញ​នៅ​ដើមតង់​ទី2 ក្នុងពេល​ក្រុម​ខ្លួន​ដណ្តើមបាន​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​ក្នុង​លទ្ធផល 3-0 លើ​ក្រុម Manchester City ក្នុង​ក្របខ័ណ្ឌ Champions League វគ្គ 8ក្រុម​ចុងក្រោយ ជើង​ទី1 កាលពី​ថ្ងៃ​ពុធ។

ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ហ្ស៊ី​ប​រូបនេះ​បា​នរក​គ្រាប់​បាល់​បើកឆាក ក្នុងពេល​ក្រុម Liverpool បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​នា​កីឡដ្ឋាន Anfield ប៉ុន្តែ ត្រូវបាន​ប្តូរ​ចេញ​នៅ​នាទី​ទី52 ដោយ​ខ្សែបម្រើ Georginio Wijnaldum និង​បាន​ដើរទៅ​កាន់​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​ជាមួយនឹង​ក្រុមគ្រូពេទ្យ។ លោក Jurgen Klopp ដែលជា​អ្នកចាត់ការ​ទូទៅ បាន​បញ្ជាក់ថា Salah មានការ​ជឿជាក់​លើ​ខ្លួនឯង​ថា រូបគេ​មិនមាន​បញ្ហា​អ្វី​ឡើយ ប៉ុន្តែ​តារា​ឆ្នើម​កំពុងតែ​ឡើង​ទម្រង់​លេង​រូបនេះ​អាច​នឹងត្រូវ​អវត្តមាន​សម្រាប់​ការប្រកួត​រវាង​ក្រុម​ស្ថិតក្នុង​តំបន់ Merseyside តែមួយ​គឺ Everton នៅ​ថ្ងៃ​សៅរ៍​នេះ។

លោក Klopp បានឱ្យដឹងថា៖ «ទាក់ទង​នឹង Mo ខ្ញុំ​មិនដឹង​ឡើយ។ រូបគេ​អាច​នឹង​អវត្តមាន ប៉ុន្តែ​រូបគេ​បាន​ប្រាប់​ខ្ញុំ​ថា រូបគេ​មិន​អី​ទេ ប៉ុន្តែ​យើង​ត្រូវតែ​ពិនិត្យមើល​ជាមុនសិន»។ ប៉ុន្តែ ទោះបីជា​យ៉ាងណា ក្រុម Liverpool កំពុងតែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុងការ​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​ការប្រកួត​នេះ ហើយ​ពួកគេ​នឹង​ឈានទៅ​កាន់ការ​ប្រកួត​ជើង​ទី2 នា​កីឡដ្ឋាន Etihad នៅ​សប្តាហ៍​ក្រោយ​ទាំង​ការជឿជាក់។ ក្រុម​ម្ចាស់ផ្ទះ បានចាប់ផ្តើម​យ៉ាង​ល្អ និង​បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​មុត​ស្រួច ខណៈដែល​ពួកគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដល់​ទៅ 3គ្រាប់​ក្នុង​ចន្លោះពេល​ត្រឹមតែ 19នាទី​ប៉ុណ្ណោះ​ក្នុង​តង់​ទី1៕

ប្រភពពី៖ Sky Sports

Advertisement