លោក Southgate៖ កីឡាករ​ជម្រើសជាតិ​អង់គ្លេស នៅតែមាន​កៅអី​ក្នុងការ​ទៅ​ដណ្តើមពាន World Cup

លោក Gareth Southgateបាន​ថ្លែងប្រាប់​ពី​សេចក្តីសង្ឃឹម​ក្នុង​យុទ្ធនាការ World Cup របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ថា វា​នៅតែមាន​កៅអី​ជាច្រើន​ក្នុងការ​ដណ្តើមយក ខណៈដែល​គ្រូបង្វឹក​រូបនេះ​ត្រៀម​ជ្រើស​រើសយក​ក្រុម​ចុងក្រោយ​របស់លោក​ស​ម្រា​ប់​យុទ្ធនាការ​នៅក្នុង​ប្រទេស​រុស្ស៊ី នាពេល​ខាងមុខនេះ។

លោក Southgate ត្រូវតែ​បញ្ជូន​ឈ្មោះ​កីឡាករ​ទាំង 23នាក់​របស់លោក​សម្រាប់​យុទ្ធនាការ World Cup មិនឱ្យ​យឺត​ជាង​ថ្ងៃទី4 ខែមិថុនា​ឡើយ ប៉ុន្តែ អ្នកចាត់ការ​ទូទៅ​នៃ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូបនេះ ចង់​បំពេញ​ការជ្រើសរើស​រប​ស់លោក​នៅមុន​ពេល​ការប្រកួត​មិត្តភាព​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា នៅ​ថ្ងៃទី2 ខែមិថុនា។

លោក Southgate ចង់បាន​ក្រុម​ចុងក្រោយ​ដែល​ល្អ​បំផុត​របស់លោក​សម្រាប់​យុទ្ធនាការ World Cup មក​ធ្វើការ​កម្តៅ​សាច់ដុំ​រួមគ្នា​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា និង​កូ​ស្តា​រី​កា ដែល​មានន័យថា ការប្រកួត​នៅ​រាត្រី​នេះ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​អ៊ីតាលី នា​កីឡដ្ឋាន Wembley នឹង​បង្ហាញ​ពី​ឱកាស​ដ៏​សំខាន់​ក្នុងការ​ប្រជែង​យក​កៅអី​មួយ​ទៅកាន់​ប្រទេស​រុស្ស៊ី​របស់​កីឡាករ​ជម្រើសជាតិ​អង់គ្លេស។

ក្រោយពី​ក្រុម​ជម្រើសជាតិ​អង់គ្លេស ដណ្តើមបាន​ជ័យជម្នះ​ក្នុង​លទ្ធផល 1-០ លើ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ កាលពី​ថ្ងៃ​សុក្រ លោក Southgate កំពុង​តែមាន​ផែនការ​ក្នុងការ​ផ្លាស់ប្តូរ​កីឡាករ​ជាច្រើន​នៅពេល​ប្រកួត​ជាមួយនឹង​អ៊ីតាលី ដើម្បី​ផ្តល់ឱកាស​ចុងក្រោយ​ដល់​កីឡាករម្នាក់ៗ ក្នុងការ​បង្ហាញ​ពី​សមត្ថភាព​របស់​ពួកគេ។ លោក Southgate បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅឯ​ទីលាន​ហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស កាលពី​ថ្ងៃ​ចន្ទ​ថា៖ «វា​មិនទាន់​យឺត​ពេល​ទេ​សម្រាប់​គ្រប់​កីឡាករ​ទាំងអស់។ យើង​នឹង​នៅតែ​ពិនិត្យមើលគ្រប់ៗគ្នា​រហូតដល់​ចុងរដូវ​កាល​នេះ»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង1រំលងអធ្រាត្រ៕

ប្រភពពី៖ Channel News Asia

Advertisement