អ៊ី វ៉ា បង្ហាញសកម្មភាពការងារនៅសាន់ដេ បើទោះមានដំណឹងចេញទៅថោន

មួយរយៈចុងក្រោយនេះ រមែងមានលេចឮព័ត៌មានខ្សឹបខ្សៀវតៗគ្នានៅតែមិនចេះចប់មិនចេះហើយមកថា តារាចម្រៀងស្រីល្បីឈ្មោះនៅសាន់ដេនាង អ៊ី វ៉ា នៅតែមានការសង្ស័យថា បានស្ពាយបង្វេចដើរចេញពីផលិត​កម្មសាន់ដេទៅចូល​ផលិតកម្មថោនបាត់ទៅហើយ ព្រោះនាងបានចប់កុងត្រាជាមួយសាន់ដេហើយ ​ខណៈកន្លងមកទៀតធ្លាប់ធ្លាយដំណឹងតារាស្រីវ័យក្មេងរូបនេះត្រូវបានផលិតកម្មធំពីរចាប់អារម្មណ៍ និងកំពុងព្យាយាមអូសទាញមកធ្វើជាសមាជិកថ្មីរបស់ខ្លួនជាយូរមកហើយ។

យ៉ាងណាមិញ ក៏មានការបកស្រាយបញ្ចប់ចម្ងល់ពីតារាស្រីរូបនេះដូចគ្នា ក៏ប៉ុន្ដែមហាបែរជាគិតថា ការបកស្រាយរបស់ អ៊ី វ៉ា មិននិយាយ​ឱ្យចំៗនេះឡើយ ពោលគឺនាងនៅតែពង្វៀងដានមហាជនអ្នកគាំទ្រ។ ពេលថ្មីៗនេះ តារាស្រី អ៊ីវ៉ា បានបង្ហោះពីសកម្មភាពកំពុងថតបទចម្រៀងត្រៀមអបអរចូលឆ្នាំថ្មីប្រពៃណីជាតិ ជាមួយតារាចម្រៀងរៀមច្បងមួយចំនួន ដូចជាកញ្ញា សុខ ពិសី, ឆាយ វីរៈយុទ្ធ, មាស សាលី និង សុខ រក្សា ជាដើម។ គោលបំណងរបស់តារាស្រីរូបនេះ នៅតែចង់បង្ហាញថា នាងនិងមិនចាកចេញពីសាន់ដេ ទេ។

សូមជម្រាបបន្ថែមថា សារចុងក្រោយនៅលើហ្វេសប៊ុករបស់នាង បានសរសេរថា « ច្បាស់ជាងខ្លួនខ្ញុំទៀតណ៎..អ្វីក៏អាចផ្លាស់ប្ដូរបានដែរ។ ទៅមុខត្រឡប់ក្រោយ ត្រឡប់ក្រោយទៅមុខ ទិសដៅក្រឡាប់ចាក់ អាចនិងឆ្ងល់ តែនិងយល់ ពេលដឹងពីអត្ថន័យ »។ តើការពោលបែបនេះ អាចបញ្ជាក់បានទេថា អ៊ី វ៉ា នៅក្រាញននៀលនៅសាន់ដេឬយ៉ាងណា? ការពិតនៅតែជាការពិត មានតែប្រិយមិត្តទាំងអស់បន្ដតាមដានព័ត៌មាននេះជាបន្ដបន្ទាប់ទៀត៕

Advertisement