ផ្ទុះការិះគន់ឈុតសម្លៀកបំពាក់កាន់ទុក្ខក្នុងពិធីបុណ្យសព ក្នុងរឿង «បិសាចគួរឱ្យស្រឡាញ់​»

ទន្ទឹមនឹងការដាក់បញ្ជាំងរឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍ហង្សមាស ក៏ទទួលបានអ្នកគាំទ្រជាច្រើនលាន់មាត់ពោលសរសើរថា ពិតជាល្អមើល ដោយរឿងនេះ លាយឈុតឆាកជាច្រើន ទាំងមានខ្មោច និងឈុតកំប្លែងជាដើម។ រឿងភាគថ្មីនោះគឺរឿង «បិសាចគួរឱ្យស្រឡាញ់​» ដែលចូលរួមដោយកំពូលតារាចម្រៀងល្បីជាច្រើនរូប ដូចជា អ្នកនាង ពេជ្រ សោភា កញ្ញា ហ្សាណា លោក Step អ្នកនាង ខាត់ សុឃីម និង តារាសម្តែងល្បីៗជាច្រើនដួងទៀត។

យ៉ាងណាមិញ ថ្មីៗនេះនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកស្រាប់ផ្ទុះមតិ រិះគន់ លើឈុតសំលៀកបំពាក់ក្នុងពិធីបុណ្យសពនៅក្នុងប្លង់មួយ នៃសាច់រឿងនោះ។ ជាក់ស្ដែងតាមរយះគណនី Facebook របស់បុរសម្នាក់បាន Post រូបភាពមួយសន្លឹក ដែលតួអង្គក្នុងសាច់រឿងស្លៀកជាឈុតសំលៀកបំពាក់ពណ៍ខ្មៅ ដើម្បីកាន់ទុក្ខ ក្នុងពិធីបុណ្យសព ដោយលើកឡើងថា “បើតាមខ្ញុំដឹង និងជីដូនរបស់ខ្ញុំបានប្រាប់ថា សម្លៀកបំពាក់ដែលត្រូវស្លៀក ក្នុងពិធីបុណ្យសព ប្រពៃណីជាតិខ្មែរ គឺអាវព៌ណស និងខោឬសំពត់ព៌ណខ្មៅ។ ចំនែកសម្លៀកឈុតព៌ណខ្មៅទាំងអាវនិងខោឬសំពត់នេះ ជាសម្លៀកបំពាក់ប្រពៃណីរបស់ថៃទេ។ ភាពយន្តមួយៗតែងបង្ហាញនូវវប្បធ៌មមួយ ដល់ពិភពលោក ឱ្យគេស្គាល់ ថាខ្លួនជាអ្នកណា”។

គួរបញ្ជាក់ផងដែរថា ស្របគ្នានេះដែរ អ្នកលេងហ្វេសប៊ុកជាច្រើននាក់បានបង្ហាញភ័ស្ដុតាង និងលើកអំណះអំណាងលើគំនូរបុរាណខ្មែរដែលមាននៅក្នុងព្រះវិហារ ដែលបង្ហាញឱ្យឃើញថា ខ្មែរមានប្រពៃណីស្លៀកឈុត ស ក្នុងការធ្វើបុណ្យសព និងកាន់ទុក្ខផងដែរ៕

Advertisement