អ៊ឹម ជីវ៉ា អំពាវនាវឱ្យយុវជនខ្មែរថែរក្សាល្បែងប្រជាប្រិយខ្មែរ

ល្បែង​ប្រជាប្រិយខ្មែរមាន​ប្រវត្តិ​ផ្សារ​ភ្ជាប់​ជាមួយប្រពៃណី​វប្បធម៌ ក៏ដូច​ជា​ជីវ​ភាព​​រស់នៅរបស់ប្រជាជនខ្មែរ​ជា​យូរលង់ណាស់មកហើយ ហើយ​​បើ​តាម​ការ​បញ្ជាក់ពី​អ្នកប្រវត្តិសាស្រ្ត និង​សាស្រ្តា​​ចារ្យ​ខាងវប្បធម៌បានបង្ហាញ​ថា ល្បែង​ប្រជាប្រិយ​ខ្មែរ ដូចជា បោះ អង្គញ់ លាក់​​កន្សែង ស្តេចចង់ ទាញ​ព្រ័ត្រ ក្រុង​មេ​មាន់ វាយ​ក្អម ចោល​ឈូង ឆ្មា​ចាប់​​កណ្តុរ ដណ្តើម​ស្លឹកឈើ ពង្រត់​កូន​ក្រមុំ ចាប់​កូន​​ខ្លែង ។ល។ និងបានដើរតួនាទី​យ៉ាង​សំខាន់ក្នុងការផ្សារ​ភ្ជាប់ទំនាក់ទំនងសង្គម មិត្តភាព និងសេ្នហា ក្នុងឱកាស​​បុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​ ប៉ុន្តែ​នៅក្នុងរយៈ​ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ល្បែង​ប្រជាប្រិយខ្មែរ ត្រូវបានគេ​មើល​​ឃើញថា បានធ្លាក់ចុះ មិន សំបូរ​អ្នក​លេងទំាងនៅមុន និងអំឡុង​ពេល​ចូល​ឆ្នាំខ្មែរ​ប្រពៃណី​​ជាតិ ។

នៅក្នុងនោះដែរ តារាសម្ដែង និងច្រៀង លោក អ៊ឹម ជីវ៉ា ក៏បានបង្ហោះសារអំពាវនាវឱ្យបងប្អូនប្រជាពលខ្មែរ ជាពិសេសគឺយុវជនទាំងអស់ រួមគ្នាដើម្បីថែរក្សាល្បែងប្រជាប្រិយខ្មែរ ដែលសង្កេតឃើញថា បច្ចុប្បន្នយុវជនមិនសូវនិយមលេងដូចមុនទៀតហើយ។ នៅក្នុងសាររបស់លោក បានសរសេររៀបរាប់ថា « Shareមួយផងកូនខ្មែរ  ល្បែងប្រជាប្រិយខ្មែរនិងត្រូវបាត់បង់បើកូនខ្មែរមិនចូលរួមជួយថែរក្សា។ នាពេលបច្ចុប្បន្នយើងសង្កេតឃើញថា យុវវ័យជាច្រើនមិនសូវចាប់អារម្មណ៍លេងល្បែងប្រជាប្រិយខ្មែរទេ បែជាចូលចិត្តយកវប្បធម៌គេមកលេងពេលចូលឆ្នាំខ្មែរដូចជាជះទឹក និងប៉ាតម្សៅទៅវិញ ។

បើយើងក្រឡេកមកមើលល្បែងប្រជាប្រិយខ្មែរ ដូចជា ចោលឈូង បោះអង្គុញ់ លាក់កន្សែង លាក់កូនខ្លែង វ៉ៃក្អម ដណ្តើមស្លឹកឈើ លោតប៉ាវ .ល. មិនត្រូវបានគេយកមកថតតាមកម្មវិធីទូរទស្សន៍នានាឡើយ គឺមានតែទូរទស្សន៍មួយចំនួនតូចតែប៉ុណ្ណោះដែលថតមកផ្សព្វផ្សាយអំពីល្បែងប្រជាប្រិយខ្មែរ ក្រៅពីនោះឃើញថតតែរាំនិងច្រៀង បើមើលទៅវាហាក់បីដូចជាកំពុងត្រូវបានគេមិនគាំទ្រ ឬបាត់បង់បន្តិចម្តងហើយ ។

ខ្ញុំសូមសំណូមពរដល់យុវវ័យខ្មែរមួយចំនួនជួយថែរក្សាល្បែងប្រជាប្រិយខ្មែរយើងផង កុំឱ្យទាល់តែគេលួចអស់ គេស្នើដាក់ជាសម្បត្តិបេតិកភណ្ឌជាតិគេ បាននាំគ្នាមកធ្វើផ្អើលឈូឆរនោះគឺជាការដែលខុសឆ្គងបំផុត ដូចពាក្យខ្មែរតែងតែនិយាយថា កុំចាំគោបាត់ទើបធ្វើរបង ឬកុំធ្វើអ្វីក្រោយព្រឹត្តិការណ៍កើតឡើងអោយសោះ។

តែកន្លងមកយើងក៏ឃើញការរៀបចំដ៏ល្អបំផុតរបស់ ស.ស.យ.ក ដែលបានរៀបចំនូវព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប ដែលបំផុសស្មារតីយុវវជនអោយចូលរួមកម្សាន្តសប្បាយរីករាយ ក្នុងនោះក៏មានការរៀបចំអោយមានការលេងល្បែងប្រជាប្រិយជាច្រើននៅខាងមុខប្រាសាទអង្គរតូច និងល្បែងរបាំដែលជាវប្បធម៌ឍប្រពៃណីខ្មែរ ជាច្រើនទៀតនៅតាមប្រាសាទនានាជាច្រើននៅលើទឹកដីនៃខេត្តសៀមរាប ដើម្បីបង្ហាញដល់ភ្ញៀវជាតិនិងអន្តរជាតិលើពិភពលោក អោយបានឃើញអោយបានស្គាល់ថាអ្វីដែលជារបស់ខ្មែរពិតប្រាកដ តួយ៉ាងក្នុងឆ្នាំនះក៏មានការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តទៀតដែរ ក្រោមការដឹកនាំដោយបងប្រុស ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក នេះគឺជាគំរូដ៏ល្អបំផុតរបស់កូនខ្មែរជំនាន់ក្រោយ»៕

Advertisement