YouTube ចេញ​គោលការណ៍​ថ្មី ដែលនាំឱ្យ​អ្នករក​លុយ អាច​នឹង​បាត់បង់​ចំណូល

អាមេរិក៖ ក្រុមហ៊ុន​វីដេអូ​យក្ស YouTube បានចាប់ផ្ដើម​អនុវត្តន៍​នូវ​គោលការណ៍​របស់ខ្លួន ដោយ​ធ្វើការ​រឹង​បន្តឹង​ទៅលើ​ការត្រួតពិនិត្យ​វីដេអូ ដែល​គោលការណ៍​ថ្មី​នេះ អាចធ្វើឱ្យ​អ្នកបង្កើត​វីដេអូ​រកលុយ​តាមរយៈ YouTube អាច​ធ្លាក់​ចំណូល ជាពិសេស​គឺ​សម្រាប់ YouTube Channels ល្បីៗតែម្ដង។

យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន The Guardian បានឱ្យដឹងថា ក្រុមហ៊ុន YouTube បានចាប់ផ្ដើម​អនុវត្តន៍​គោលការណ៍​ថ្មី ដោយ​ប្រើប្រាស់​មនុស្ស​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​វីដេអូ ហើយ​បើ​ត្រឹមត្រូវ​ទៅតាម​លក្ខ​ណៈហើយ​នោះ ទើប​ក្រុមហ៊ុន YouTube អនុញ្ញាតិ​ឱ្យចេញ​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម។

នៅក្នុង​គោល​ការ​ថ្មី​នេះ​ផងដែរ បណ្ដា​ក្រុមហ៊ុន​ផ្សព្វផ្សាយផ្សេងៗ មាន​សិទ្ធិ​ក្នុងការ​សម្រេចចិត្ត​ជ្រើសរើស​ដាក់​ផ្ទាំង​ពាណិជ្ជកម្ម​របស់ខ្លួន​នៅលើ​វីដេអូ​ទាំងឡាយណា​ដែលមាន​សញ្ញា Google Preferred ព្រោះ​រាល់​វីដេអូ​ដែលមាន​សញ្ញា​នេះ គឺ​សុទ្ធតែ​ត្រូវបាន​ត្រួតពិនិត្យ និង​បំពេញ​តាម​លក្ខខណ្ឌ​ត្រឹមត្រូវ​របស់ YouTube។

ក្រុមហ៊ុន YouTube បានបញ្ជាក់​នៅក្នុង​សេចក្ដីប្រកាស​របស់ខ្លួន​ផងដែរ​ថា ការត្រួតពិនិត្យ​ទៅលើ YouTube Channels ដើម្បី​ដាក់ចេញ​នូវ​សញ្ញា Google Preferred និង​ត្រូវ​បញ្ចប់​នៅ​ពាក់កណ្ដាល​ខែកុម្ភៈ​សម្រាប់ Channels ដែលមាន​ទីតាំងនៅ​សហរដ្ឋអាមេរិក ហើយ​សម្រាប់​ក្រៅពី​សហរដ្ឋអាមេរិក នឹងត្រូវ​បញ្ចប់​នៅ​ចុងខែ​មីនា។

ពីដំបូង​ឡើយ ដើម្បី​បង្កើត YouTube Channels រកលុយ​បាន​ជាមួយនឹង YouTube Partner Program (YPP) ពួកគេ​ចាំបាច់​ត្រូវមាន​អ្នក Views វីដេអូ​រហូតដល់​ជាង 10,000 views ប៉ុន្តែ​សម្រាប់​គោលការណ៍​ថ្មី គឺ​ត្រូវមាន​អ្នក Subscribers ទៅលើ Channels 1,000នាក់ និង​ត្រូវមាន​អ្នក Views វីដេអូ​រហូតដល់ 4,000ម៉ោង ក្នុង​រយៈពេល 12ខែ​ចុងក្រោយ បើ​មិន​គ្រប់​លក្ខខណ្ឌ​នេះ​ទេ នោះ​មិនអាច​យក​រកលុយ​បានឡើយ។

គោលការណ៍ និង​លក្ខខណ្ឌ​ថ្មី​នេះហើយ ដែល​ធ្វើឱ្យ​អ្នករក​លុយ​តាម​បណ្ដាញ YouTube អាច​នឹង​ធ្លាក់​ចំណូល ឬ​អាច​បាត់បង់​ចំណូល​តែម្ដង ហើយ​ការចេញ​គោលការណ៍​ថ្មី​នេះ​ផងដែរ គឺ​ក្រោយពេល​កើតមាន​រឿងអាស្រូវ​ស្ដេច​រកលុយ YouTube ដែលមាន​ឈ្មោះថា Logan Paul ដែល​បាន​បង្ហោះ​រូបភាព​ជនរងគ្រោះ​ដោយ​អំពើ​អត្តឃាត​ក្នុង​វីដេអូ​របស់លោក ជាហេតុ​នាំឱ្យមាន​ការផ្ទុះ​កំហឹង​ពី​សាធារណជន៕

Advertisement