ធ្លាយរូប G-Dragon ដឹកដៃមិត្តស្រីទៅផ្អែមល្ហែមនៅលើកោះ ឆេជូ

តាមរយៈសារព័ត៌មាន Teenee ដែលបានចេញផ្សាយនៅថ្ងៃទី3 ខែមករា ឆ្នាំ2018 បានឱ្យដឹងថា អ្នកប្រមាញ់រូបភាពតារាល្បីៗបានបញ្ចេញរូបភាពរបស់តារាចម្រៀងប្រុសល្បីឈ្មោះ G-Dragon ដែលជាសមាជិកក្រុមចម្រៀង BigBangបានធ្វើដំណើរជាមួយមិត្តស្រីរបស់លោក គឺកញ្ញា Lee Joo-yeon ដែលជាសមាជិកក្នុងក្រុមចម្រៀងស្រី After School តាមរយៈរថយន្ដវីអាយភីជាមួយគ្នា យ៉ាងលួចលាក់ តែផ្អែមល្ហែម ទៅកាន់កោះឆេជូ ទាំងយប់។

សារព័ត៌មានកូរ៉េ Dispatch បានអះអាងថា រូបភាពដែលគេថតបាននោះ បានបង្ហាញឱ្យឃើញថា អ្នកទាំងពីរកំពុងតែធ្វើដំណើរតាមផ្លូវដោយជិះរថយន្ដប្រណីតទៅកាន់កោះ ឆេជូ រយៈពេល 3 ថ្ងៃ ហើយបានត្រឡប់មកវិញស្របពេលជាមួយគ្នាផងដែរ នៅវេលាម៉ោង 2 រំលងអធ្រាត្រ។ ជាមួយគ្នានោះដែរ អ្នកលេងបណ្ដាញសង្គមអ៊ីនស្តាក្រាមបានអះអាងថា រូបភាពដែលតារាស្រី EuJu Hyun បានបង្ហោះ និងរូបភាពរបស់ G-Dragon គឺស្ថិតនៅត្រង់កន្លែងតែមួយ ពោលគឹនៅខាងក្រោយអគារព្រលានយន្ដហោះ ខណៈដែលពួកគេប្រុងប្រៀបធ្វើដំណើរត្រឡប់មកទីក្រុងសេអ៊ូល វិញ។

គួរបញ្ជាក់ផងដែរថា បើទោះបីជាតារាចម្រៀងប្រុសរូបនេះ បានដឹកដៃមិត្តស្រីទៅឆ្លងឆ្នាំថ្មីយ៉ាងផ្អែមល្ហែមនៅលើកោះ និងមានការចាប់ដានអ្នកទាំងពីរជាប់យ៉ាងណាក្ដី ប៉ុន្ដែខាងផលិតកម្ម YG Entertainment  នៅមិនទាន់មានការចេញសេចក្ដីប្រកាសបកស្រាយពីទំនាក់ទំនងស្នេហារបស់តារាទាំងពីរដួងនេះនៅឡើយទេ៕

Advertisement