Liverpool ចង់បាន​តម្លៃ​ខ្លួន​យ៉ាងតិច130លាន​ផោន​ពី Barca ដើម្បី​លក់ Coutinho

តារា​ឆ្នើម Philippe Coutinho របស់​ក្លិប Liverpool ពិតជា​ស្រេកឃ្លាន​ក្នុងការ​ផ្ទេរ​ទៅកាន់​ក្លិប Barcelona នៅ​ខែមករា នេះ ប៉ុន្តែ ក្លិប Liverpool ដែលមាន​មូលដ្ឋាន​នៅ​តំបន់ Merseyside មួយ​នេះ​នឹង​ទាមទារ​តម្លៃ​ខ្លួន​យ៉ាងហោចណាស់130លាន​ផោន (ស្មើនឹង176.7លាន​ដុល្លារ​អាមេរិក) ទើប​ពិចារណា​ទៅលើ​ការពិភាក្សាគ្នា​បាន។

ការបើក​ទីផ្សារ​ដោះដូរ​កីឡាករ បាន​បង្កើត​ឲ្យ​មាន​ពាក្យ​ចចាមអារ៉ាម​ឡើងវិញ​នៅ​កីឡដ្ឋាន Anfield ខណៈដែល Coutinho បានបញ្ជាក់​យ៉ាងច្បាស់​ថា រូបគេ​នៅតែ​ចង់​ចាកចេញ បើទោះបី​ក្លិប Liverpool ព្យាយាម​ការពារ​ធនធាន​កីឡាករ​របស់​ក្លិប​ក៏ដោយ។

ជាមួយនឹង​ការ​មាន​ជំហរ​ផ្ទុយគ្នា​ស្រឡះ​កាលពី​រដូវក្តៅ​មុន វា​នៅតែមាន​ភាព​ស្ងៀមស្ងាត់​នៅឡើយ​ទៅលើ​បញ្ហា​ថា Coutinho នឹងត្រូវ​អនុញ្ញាត​ឲ្យ​ចាកចេញ ឬ​យ៉ាងណា​នោះ។ នៅពេលដែល​សំណើ​ដេញថ្លៃផ្សេងៗពី​ក្លិប Barcelona ត្រូវបាន​ផ្តល់​ឲ្យ​កាលពី​ខែកក្កដា ឆ្នាំមុន ក្លិប Liverpool បានចេញ​សេចក្តីប្រកាស​មួយ​ដើម្បី​បញ្ជាក់ថា ពួកគេ​នឹងមិន​លក់​តារា​ឆ្នើម​របស់ខ្លួន​ឡើយ។

ប៉ុន្តែ នៅពេលនេះ ជំហរ​របស់លោក Klopp បាន​ផ្លាស់ប្ដូរ ហើយ​ពាក្យសម្តី​ដ៏​មុតមាំ​នានា​កាលពី​ខែកក្កដា និង​សីហា​នោះបាន​បាត់ស្រមោល​អស់ហើយ។ ជាមួយគ្នានេះដែរ Coutinho នៅតែមាន​ការប្តេជ្ញា​ក្នុងការ​ចូលរួម​ជាមួយ​នឹង​ក្លិប Barcelona ហើយ​បើទោះបី​ការព្រមព្រៀង​គ្នា​មួយ​អាច​នឹង​កើតឡើង​នៅ​ខែ​នេះ ដែល​នឹង​អនុញ្ញាត​ឲ្យ​រូបគេ​ចាកចេញ​នៅ​រដូវក្តៅ​ខាងមុខ​ក៏ដោយ ប៉ុន្តែ បំណង​របស់គេ​គឺ​ការចាកចេញ​នៅត្រឹម​ខែមករា​នេះ។ រូបគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី12គ្រាប់​ក្នុងការ​បង្ហាញខ្លួន20លើក​នៅ​រដូវ​កាល​នេះ និង​បាន​ដើរតួនាទី​ដ៏​សំខាន់​ក្នុង​ការជួយ​ឲ្យ​ក្រុម​ខ្លួន​ឈានទៅ​វគ្គ16ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League៕

ប្រភពពី៖ The Telegraph

Advertisement