លោក Mourinho កោតសរសើរ Lingard ក្រោយ Man Utd ផ្តួល Everton

លោក Jose Mourinho បាន​កោតសរសើរ​ចំពោះ​ការអភិវឌ្ឍ​របស់ Jesse Lingard ក្រោយពី​ខ្សែបម្រើ​ស្លាប​រូបនេះ​រកបាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ និង​បាន​ជួយ​ឲ្យ​ក្រុម Manchester United ដណ្តើមបាន​ជ័យជម្នះ 2-០ នៅលើ​ទឹកដី​ក្រុម Everton កាលពី​ថ្ងៃ​ចន្ទ។

ក្នុងពេល​ក្រុម​របស់លោក Mourinho កំពុងតែ​នាំមុខ1គ្រាប់ តាមរយៈ​គ្រាប់​បាល់​របស់​ខ្សែប្រយុទ្ធ Anthony Martial ពេលនោះ Lingard បាន​គ្រប់គ្រង​បាល់​យ៉ាង​ល្អ​ក្នុង​រយៈពេល9នាទីចុងក្រោយ នៅ​កីឡដ្ឋាន Goodison Park។ រយៈពេល​ប៉ុន្មាន​វិនាទី​ក្រោយមក ខ្សែបម្រើ​វ័យ25ឆ្នាំ​រូបនេះ បាន​បណ្តើរ​បាល់​ផុត​តំបន់​ការពារ​របស់​ក្រុម Everton និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​តែម្តង។ វា​ជា​គ្រាប់​បាល់​ទី10របស់ Lingard នៅ​រដូវ​កាល​នេះ និង​ជា​គ្រាប់​បាល់​ទី4របស់គេ​ក្នុងការ​បង្ហាញខ្លួន5លើកចុងក្រោយ​របស់គេ។

ក្រោយពី​បាន​ចំណាយពេល​ជាច្រើន​អាជីព​ក្នុង​ក្លិប Man United របស់គេ។ ដោយ​ការ​ប្រជែង​យក​កៅអី​ក្នុង​ជម្រើស​ដំបូង Lingard បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ ក្រោម​ការដឹកនាំ​របស់​លោក Mourinho ដែល​បាន​កោតសរសើរ​យ៉ាងខ្លាំង​ទៅលើ​ការអភិវឌ្ឍ​របស់គេ។ លោក Mourinho បាន​ឲ្យ​ដឹងថា៖ «រឿង​មួយ​គឺ​ទេពកោសល្យ​របស់​កីឡាករ​វ័យក្មេង​ម្នាក់ ហើយ​រឿង​មួយទៀត គឺ​ការ​ក្លាយជា​កីឡាករ​ដ៏​ឆ្នើម​ម្នាក់។ កីឡាករ​ខ្លះ​មិនមាន​សមត្ថភាព​បោះជំហាន​ទៅកាន់​កម្រិត​នោះឡើយ។

ពួកគេ​ចេញពី​សក្តានុពល​ដ៏​អស្ចារ្យ ដើម្បី​ក្លាយជា​កីឡាករ​ធម្មតា​ម្នាក់។ ប៉ុន្តែ Lingard កំពុងតែ​បោះជំហាន​ដ៏​ធំ​មួយ​ឆ្ពោះទៅមុខ»។ ស្របពេល​ជាមួយគ្នានេះ Liverpool ដណ្តើមបាន3ពិន្ទុ​ពេញ តាមរយៈ​ការ​ផ្តួល​ក្រុម​ឡើង​ទម្រង់​លេង Burnley 2-1 បើទោះបី Philippe Coutinho និង Mohamed Salah បាន​អវត្តមាន​ដោយសារតែ​បញ្ហា​របួស​ភ្លៅ និង​ក្រលៀនរៀងៗខ្លួន​ក៏ដោយ៕

ប្រភពពី៖ Daily Nations

Advertisement