Middlesbrough ត្រូវកាត់ចេញពីក្រប​ខ័ណ្ឌ Premier League ខណៈ Chelsea ឆ្ពោះទៅកាន់ការលើកពាន

ក្រុម Middlesbrough ត្រូវ​បាន​កាត់​ចេញ​ពី​ក្រប​ខ័ណ្ឌ Premier League នៅ​រដូវ​កាល​ក្រោយ ក្រោយ​ពី​ពួក​គេ​បាន​ជួប​បរា​ជ័យ​ក្នុង​លទ្ធ​ផល ៣-០ ក្រោម​ស្នា​ដៃក្រុម​កំពុង​នាំ​មុខ​លើ​តារាង​លីក Chelsea កាល​ពី​ថ្ងៃ​ចន្ទ​។

លទ្ធ​ផល​នេះ​មាន​ន័យ​ថា Middlesbrough ដេញ​តាម​ពី​​ក្រោយ​ក្រុម​ស្ថិតក្នុង​តំបន់​សវុត្ថិ​ភាព​ដល់​ទៅ​ ៧​ពិន្ទុ ខណៈ​ដែល​​នៅ​សល់​ការ​ប្រកួត​ត្រឹម​តែ​ ២​លើក​ទៀត​ប៉ុណ្ណោះ ហើយ​និឹងវិល​ទៅកាន់​ក្រប​ខ័ណ្ឌ Championship វិញ ក្រោយពី​បាន​ចំណាយ​ពេល​ត្រឹម​តែ​១​ឆ្នាំ​ក្នុង​ក្រប​​ខ័ណ្ឌ​កំពូល​។ ពួក​គេ​នឹង​ត្រូវ​ចូល​រួម​ជា​មួយ​នឹង​ក្រុម​ឆ្មា​ខ្មៅ Sunderland នៅ​រដូវ​កាល​ក្រោយ បន្ទាប់​ពី​ក្រុម​មាន​មូល​ដ្ឋាន​នៅ​​ភាគ​ឦសាន​មួយ​នេះ ត្រូវ​បាន​កាត់​ចេញ​កាល​ពី​ខែ​មុន​។ ប៉ុន្តែ ការ​ទទួល​ជ័យ​ជម្នះ​នេះ បាន​ធ្វើ​ឲ្យ​​ក្រុម​តោ​ខៀវ Chelsea ត្រូវ​ការ​ជ័​យ​ជម្នះ​ត្រឹម​តែ​ ១​លើក​​ទៀត​​ប៉ុណ្ណោះ ពី​ការ​ប្រកួត​ដែល​នៅ​​សល់​ ៣​ប្រកួត​​ទៀត​ដើម្បី​លើក​ពាន​​ក្រប​ខ័ណ្ឌ Premier League ជា​លើក​ទី​២​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​។

Chelsea នឹង​​ត្រូវ​ធ្វើ​ដំណើរ​ទៅ​​​កាន់​​ទឹក​ដីក្រុម West Brom ក្នុង​​ការ​ប្រកួត​បន្ទាប់​របស់​គេ​នៅ​ថ្ងៃ​សុក្រ ខាង​មុខ​នេះ​។ លោក Antonio Conte គ្រូ​បង្វឹក​របស់​ក្រុម Chelsea បាន​ឲ្យ​ដឹង​ថា៖ «យើង​​​ប្រាកដ​ជា​រីក​រាយ​។ វា​ជា​ការ​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​អស្ចារ្យ​មួយ​ ហើយ​កីឡាករ​របស់​ខ្ញុំ​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត និង​​ការ​​ខិត​ខំ​ដើម្បី​ប្រជែង​យក​បី​ពិន្ទុ​​»​។ គ្រូ​បង្វឹក​សញ្ជាតិ​អ៊ី​តាលី​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «ក្នុង​ដំណាក់​​កាល​នេះ វា​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​ឈ្នះ និង​ដណ្តើម​យក​ប្រៀប​លើ​ការ​បរា​ជ័យ​របស់ Tottenham​។ បច្ចុប្បន្ន វា​សល់​តែ​មួយ​ជំ​ហាន​ទៀត​ប៉ុណ្ណោះ​ក្នុង​ការ​ឈ្នះ​ពាន​។ យើង​ត្រូវ​តែ​​សម្រាក​ឲ្យ​បាន​ល្អ និង​ត្រៀម​លក្ខណៈ​ឲ្យ​រួច​រាល់​ដើម្បី​ជួប​ជាមួយ​​នឹង​ក្រុម West Brom​»​។ ដោយ​ឡែក លោក Steve Agnew គ្រូ​បង្វឹក​របស់​ក្រុម Middlesbrough បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​សោក​ស្តាយ និង​ខក​​ចិត្ត​ណាស់​ជា​មួយ​នឹង​លទ្ធផល​នេះ ហើយ​​បច្ចុប្បន្ន​យើង​​បាន​បាត់​បង់​ទី​តាំង​របស់​​យើង​ក្នុង Premier League​»​៕

ប្រភព​ព័ត៌​មាន៖ Reuters

Advertisement