Man City ចូលរួម​ជាមួយ Arsenal ក្នុង League Cup វគ្គ1/2 ក្រោយ​ទម្លាក់ Leicester

ក្រុម​ដែលមាន​ការផ្លាស់ប្តូរ​កីឡាករ​ច្រើន​បំផុត Manchester City បាន​ទម្លាក់​ក្រុម​ប្រកបដោយ​ស្មារតី​ប្រយុទ្ធ Leicester កាលពី​ថ្ងៃ​អង្គារ ដើម្បី​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពាន League Cup ក្រោយពី​ការ​កាត់សេចក្តី​ឱ្យ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ដ៏​ចម្រូងចម្រាស ខណៈដែល​កាំភ្លើង​ធំ Arsenal ក៏បាន​ឈានទៅ​វគ្គ​បន្ត​ផងដែរ។

លោក Pep Guardiola បានបង្ហាញ​ពី​សមត្ថភាព​ដឹកនាំ​របស់លោក តាមរយៈ​ការផ្លាស់ប្តូរ​កីឡាករ​ដល់​ទៅ 9 នាក់​ក្នុង​ជម្រើស​ដំបូង​របស់លោក ខណៈដែល​ក្រុម​កំពុងតែ​នាំមុខ​ដាច់​លើ​តារាង​ក្របខ័ណ្ឌ Premier League មួយ​នេះ បាន​គ្រប់គ្រង​ការភិតភ័យ​របស់​ពួកគេ ដើម្បី​យកឈ្នះ​ក្នុងការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី 4 -1 ក្រោយពី​ក្រុម​ទាំងពីរ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ 1-1 បន្ទាប់ពី​ការបន្ថែម15នាទី​ពីរដង​រួចមក។

ស្របពេល​ជាមួយគ្នានេះ ក្រុម Arsenal បាន​ផ្តួល​ក្រុម West Ham ក្នុង​លទ្ធផល 1-០ ដើម្បី​រក្សា​ក្តីសង្ឃឹម​នៃ​ការជួបគ្នា​ដ៏​រំភើប​ដែលមាន​ក្រុម​ខ្លាំង4ក្នុងចំណោម​ក្រុម​ខ្លាំង​បំផុត​ទាំង6របស់​អង់គ្លេស។ Man City និង​ក្រុម Leicester បានរួម​គ្នា​ឈ្នះ​ពាន League Cup ចំនួន7លើក ប៉ុន្តែ លោក Guardiola និង​លោក Claude Puel គ្រូបង្វឹក​របស់​ក្រុម Leicester បាន​បង្ហាញថា អាទិភាព​របស់​ពួកគេ​គឺ​មិន​ស្ថិតក្នុង​យុទ្ធនាការ​នេះឡើយ ខណៈដែល​តារាឆ្នើមៗរបស់​ក្លិប​ទាំងពីរ​សឹងតែ​ទាំងអស់ បាន​អវត្តមាន​ក្នុង​ជម្រើស​ទាំង11នាក់​ដំបូង។ បើទោះបី​មានការ​ផ្លាស់ប្តូរ​កីឡាករ​ច្រើន​ក៏ដោយ ប៉ុន្តែ Man City ដែល​បានដាក់​ឲ្យ​តារា​ឆ្នើម​វ័យក្មេង​របស់​អង់គ្លេស Phil Foden ចូល​លេង បាន​គ្រប់គ្រង​ស្ទើរតែ​ទាំងស្រុង នៅ​ដើមតង់ ដោយមាន​ឱកាស​រក​គ្រាប់​បាល់​ពីរលើក​តាមរយៈ​កីឡាករ Ilkay Gundogan តែ​ធ្វើ​មិនបាន​សម្រេច។

នៅ​រាត្រី​នេះ ក្រុម Manchester United នឹងធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម Bristol City របស់​ក្របខ័ណ្ឌ Championship ខណៈ Chelsea ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម Bournemouth៕

ប្រភពពី៖ Sport24

Advertisement