Liverpool លត់ Bournemouth ចាស់ដៃ ខណៈ Man Utd ផ្តួល West Brom

ក្រុម​ហង្ស​ក្រហម Liverpool បាន​វិល​ទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ4វិញ ក្រោយពី​បាន​ផ្តួល​ក្រុម Bournemouth យ៉ាង​រាប​ដូច​កន្ទេល​ក្នុង​លទ្ធផល 4-០ ខណៈដែល​ក្រុម Manchester United បាន​រក្សា​ក្តីសង្ឃឹម​នៃ​ការ​ប្រជែង​ក្របខ័ណ្ឌ Premier League របស់​ពួកគេ​តាមរយៈ​ការ​ផ្តួល​ក្រុម West Bromwich Albion 2-1 កាលពី​ថ្ងៃអាទិត្យ។

ស្រប​ពេលដែល​ក្រុម Manchester City កំពុង​តែមាន​ពិន្ទុ​នាំមុខ​ដាច់​យ៉ាង​ឆ្ងាយ​នៅលើ​កំពូល​តារាង​នោះ ក្រុម Man United ត្រូវតែ​ដណ្តើម​ជ័យជម្នះ​ឲ្យ​បាន​នៅ​កីឡដ្ឋាន Hawthorns ដើម្បី​មានឱកាស​ណាមួយ​ក្នុងការ​ដេញតាម​ឲ្យ​ទាន់​គូប្រជែង​ក្នុង​តំបន់​តែមួយ​របស់​ពួកគេ។ ខ្សែប្រយុទ្ធ Romelu Lukaku បាន​ជួយ​ឲ្យ​ក្រុម​របស់លោក Jose Mourinho មាន​គ្រាប់​បាល់​នាំ​មុខមុន​នៅ​នាទី​ទី27 ហើយ​ខ្សែបម្រើ Jesse Lingard រកបាន1គ្រាប់​ទៀត​ដើម្បី​បន្ថែម​ការនាំ​មុខ​របស់​ក្រុម​ខ្លួន​នៅ​នាទី​ទី35។ ប៉ុន្តែ Man United មិនបាន​កត់ត្រា​ជ័យជម្នះ​យ៉ាង​ងាយស្រួល​ឡើយ ក្រោយពី​ខ្សែបម្រើ Gareth Barry បានធ្វើការ​វាយបក​បាន1គ្រាប់​វិញ​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​នៅ​នាទី​ទី77។ ប៉ុន្តែ Man United នៅតែ​បានបញ្ចប់​ការប្រកួត​នេះ​តាមរយៈ​ការដណ្តើម​បាន​ជ័យជម្នះ​មួយ​ដែល​បានធ្វើ​ឲ្យ​ពួកគេ​រក្សា​ការ​ដេញតាម​ពីក្រោយ​ក្រុម Man City ចំនួន11ពិន្ទុ។ លោក Mourinho បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​គិតថា យើង​ពិតជា​ស័ក្តិសម​ក្នុងការ​ឈ្នះ​ហើយ។ យើង​គឺជា​ក្រុម​ខ្លាំង​បំផុត។ យើង​បាន​គ្រប់គ្រង​ការប្រកួត​នេះ​អស់​រយៈពេល​ជា​យូរ។ ភាពស្វិតស្វាញ​ក្នុង​តង់​ទី1 មិន​ដូច​ភាពស្វិតស្វាញ​ក្នុង​តង់​ទី2ឡើយ»។

ស្របពេល​ជាមួយគ្នានេះ ខ្សែបម្រើ​ប្រយុទ្ធ Mohamed Salah និង Philippe Coutinho បាន​ជួយ​ឲ្យ​ក្រុម Liverpool ដណ្តើមបាន​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​ក្នុង​លទ្ធផល 4-០ នៅលើ​ទឹកដី​ក្រុម Bournemouth ខណៈដែល​ក្រុម​ហង្ស​ក្រហម​មួយ​នេះ​បាន​វិល​ទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ4នៅលើ​តារាង​ក្របខ័ណ្ឌ Premier League វិញ៕

ប្រភពពី៖ Sport24

Advertisement