លោក Conte រង​ពិន័យ​កាត​ក្រហម  ឯ Sterling សង្គ្រោះ Man City ម្តងទៀត

Chelsea បានធ្វើ​ឲ្យ​ក្តីសង្ឃឹម​នៃ​ការ​ប្រជែង​ពាន​ក្របខ័ណ្ឌ Premier League របស់ខ្លួន​នៅតែ​បន្ត ក្រោយពី​បាន​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 1-០ លើ​ក្រុម Swansea ខណៈដែល​គ្រូបង្វឹក​នៃ​ក្រុម​តោ​ខៀវ​មួយ​នេះ​គឺ​លោក Antonio Conte ត្រូវបាន​បណ្តេញ​ឲ្យ​ទៅ​អង្គុយ​នៅ​កៅអី​របស់​អ្នកទស្សនា សម្រាប់​ការសម្តែង​កំហឹង​យ៉ាង​ខ្លាំងក្លា​នៅក្បែរ​ខ្សែបន្ទាត់​នៃ​ទីលាន​ប្រកួត។

លោក Conte បាន​បាត់បង់​ការគ្រប់គ្រង​អារម្មណ៍​របស់លោក​ក្នុង​តង់​ទី1 នា​កីឡដ្ឋាន Stamford Bridge ក្រោយពី​បាន​សម្តែង​នូវ​ការខឹង​សម្បា​យ៉ាងខ្លាំង និង​បានធ្វើ​ការរិះគន់​ទៅលើ​អាជ្ញាកណ្ដាល​ទី4លោក Lee Mason ក្រោយពី​លោក​អាជ្ញាកណ្តាល Neil Swarbrick មិនបាន​ផ្តល់​បាល់​ជ្រុង​ឲ្យ​ក្រុម​របស់ខ្លួន។ Chelsea មិនបាន​បាក់​ស្មារតី​ដោយសារតែ​ការ​អវត្តមាន​របស់​អ្នកចាត់ការ​ទូទៅ​របស់​ខ្លួន​ឡើយ និង​ដណ្តើមបាន3ពិន្ទុ​ពេញ​ក្នុង​តង់​ទី2 នៅពេលដែល​ខ្សែការពារ​អន្តរជាតិ​អាល្លឺម៉ង់ Antonio Rudiger បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​ក្នុងការ​ប្រកួត​លី​ក​ជា​លើក​ទី1របស់គេ ចាប់តាំងពី​ផ្ទេរ​មកពី​ក្លិប Roma មុនពេល​បើក​រដូវ​កាល។ ស្របពេល​ជាមួយគ្នានេះដែរ ខ្សែបម្រើ​ឡើង​ទម្រង់​លេង Raheem Sterling បា​នរក​គ្រាប់​បាល់​ឈ្នះ​ដ៏​មិន​នឹកស្មាន​ដល់​នៅ​នាទី​ទី96 ដោយបាន​ធ្វើឱ្យ​ក្រុម Manchester City យកឈ្នះ​លើ​ក្រុម Southampton ទាំង​ប្រផិតប្រផើយ​ក្នុង​លទ្ធផល1-0 កាលពី​ថ្ងៃ​ពុធ ដើម្បី​រក្សា​ការនាំ​មុខ​ពិន្ទុ​ដាច់​នៅលើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League។

ក្រុម​របស់លោក Pep Guardiola ហាក់ដូចជា​ត្រូវ​បាត់បង់​ពិន្ទុ​ទៅហើយ ក្រោយពី​ខ្សែប្រយុទ្ធ Oriol Romeu បា​នរក​គ្រាប់​បាល់​តាម​ស្មើ​គ្រាប់​បាល់​បើកឆាក​របស់​ខ្សែបម្រើ Kevin De Bruyne មុនពេល Sterling បាន​ជួយ​ឲ្យ​ក្រុម Man City កត់ត្រា​ជ័យជម្នះ​ជា​លើក​ទី19ជាប់ៗគ្នា ក្នុង​រាល់​យុទ្ធនាការ​ទាំងអស់ និង​ជា​លើក​ទី12ជាប់ៗគ្នា ក្នុង​ក្របខ័ណ្ឌ​លី​ក។ វា​ជា​គ្រាប់​បាល់​ឈ្នះ​ជា​លើក​ទី3របស់ Sterling ពី​ការប្រកួត​ទាំង3លើកចុងក្រោយ​នៃ​ក្រុម​របស់គេ៕

ប្រភពពី៖ The Straits Times

Advertisement