Young ជួយ​ឲ្យ Man Utd កាត់​ពិន្ទុ​តាម​ពីក្រោយ ខណៈ Spurs ជួប​ការខកចិត្ត

ក្រុម Manchester United បាន​កាត់បន្ថយ​ពិន្ទុ​នាំមុខ​របស់​ក្រុម Manchester City នៅលើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League ឲ្យ​នៅ​មក​ត្រឹម5ពិន្ទុ ខណៈដែល​ខ្សែបម្រើ Ashley Young បានធ្វើ​ឲ្យ​ពួកគេ​ទទួល​ជ័យជម្នះ 4-2 លើ​ក្រុម Watford ខណៈដែល​ក្តីសង្ឃឹម​នៃ​ការ​ប្រជែង​ពានរ​បស់​ក្រុម Tottenham បាន​ជួប​ការខកចិត្ត​ធំ​តាមរយៈ​ការ​ចាញ់​ក្នុង​លទ្ធផល 2-1 នៅលើ​ទឹកដី​ក្រុម Leicester កាលពី​ថ្ងៃ​អង្គារ។

គ្រាប់​បាល់​បញ្ចូល​ទី​ជា​លើក​ទី1របស់ Young សម្រាប់​ក្រុម Man United ចាប់តាំងពី​ខែឧសភា ឆ្នាំ2016 បាន​កើតឡើង​នៅមុន​ពេល​មាន​គ្រាប់​បាល់1គ្រាប់​ពី​ខ្សែប្រយុទ្ធ Anthony Martial ខណៈដែល​ក្រុម​បិសាច​ក្រហម​មួយ​នេះ​បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​តង់​ទី1នា​កីឡដ្ឋាន Vicarage Road។ ការទទួល​ជ័យជម្នះ​ក្នុងការ​ប្រកួត​លី​ក​ជា​លើក​ទី3ជាប់ៗគ្នា​របស់​ក្រុម Man United ត្រូវបានធ្វើ​ឲ្យ​មាន​សុវត្ថិភាព។

នៅពេល​ជិត​បញ្ចប់​ការប្រកួត ខណៈដែល Troy Deeney និង Abdoulaye Doucoure បា​នរក​គ្រាប់​បាល់​វាយបក​វិញ​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ មុនពេល Jesse Lingard បាន​បណ្តើរ​បាល់​ដាច់​តែម្នាក់ឯង​ហើយ​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ។ បើទោះបី​ក្រុម Man United បាន​កាត់បន្ថយ​ពិន្ទុ​ដេញតាម​ក្រោយ​ក្រុម Man City ក៏ដោយ ប៉ុន្តែ​ក្រុម​របស់លោក Pep Guardiola ដែល​កំពុងតែ​សម្លឹង​រក​ការទទួល​ជ័យជម្នះ​ក្នុងការ​ប្រកួត​លី​ក​ជា​លើក​ទី12ជាប់ៗគ្នា​របស់​ពួកគេ​នោះ អាច​នឹង​រក្សា​ការនាំ​មុខ8ពិន្ទុ​វិញ នៅពេលដែល​ពួកគេ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម Southampton នៅ​រាត្រី​នេះ។

ចំណែក​នៅឯ​កីឡដ្ឋាន King Power ឯនោះ​វិញ ក្រុម Tottenham បាន​ភ្លាត់ស្នៀត និង​រង​បរាជ័យ​ដ៏​គួរឱ្យ​ខកចិត្ត​មួយ ដែល​ធ្វើ​ឲ្យ​ពួកគេ​បាន​កត់ត្រា​ជ័យជម្នះ​ត្រឹមតែ1លើក​គត់​ក្នុងចំណោម​ការប្រកួត​ក្របខ័ណ្ឌ​លី​ក5លើកចុងក្រោយ​របស់​ពួកគេ៕

ប្រភពពី៖ The Straits Times

Advertisement