Man United ស្រេកឃ្លាន​ជ័យជម្នះ​ពេល​ប៉ះ Watford រាត្រី​នេះ

ក្រុម​បិសាច​ក្រហម Manchester United នឹងធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម Watford ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Premier League ដ៏​សំខាន់​នៅ​រាត្រី​នេះ ខណៈដែល​ពួកគេ​នឹង​សម្លឹង​រក​ការកាត់បន្ថយ​ពិន្ទុ​ដេញតាម​ពីក្រោយ​ក្រុម​កំពុងតែ​នាំមុខ Manchester City ។

ស្រប​ពេលដែល Man City ក៏​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម Southampton នៅ​រាត្រី​ថ្ងៃ​ពុធ​ដែរនោះ ក្រុម Man United ដែល​បាន​យកឈ្នះ​លើ​ក្រុម Brighton ទាំង​លំបាក​ក្នុង​លទ្ធផល 1-0 កាលពី​ថ្ងៃ​សៅរ៍​នោះ មិនត្រូវ​ធ្វើ​ឲ្យ​មានការ​ភ្នា​ត់​ស្នៀត​ឡើយនា​កីឡដ្ឋាន Vicarage Road ជា​កន្លែង​ក្រុម Watford ធ្លាប់បាន​បង្កើត​ការភ្ញាក់ផ្អើល​ម្ដង​រួចមកហើយ​តាមរយៈ​ការ​ផ្តួល​ក្រុម​របស់លោក Jose Mourinho 3-1 កាលពី​រដូវ​កាល​មុន។

ស្រប​ពេលដែល​ក្រុម Watford បាន​កត់ត្រា​ជ័យជម្នះ​ដ៏​គួរ​ឲ្យ​ជឿជាក់​មួយ​ក្នុង​លទ្ធផល 3-0 នៅលើ​ទឹកដី​ក្រុម Newcastle កាលពី​ថ្ងៃ​សៅរ៍​នោះ ក្រុម Man United បាន​ជួប​ការលំបាក​ក្នុងការ​បំបែក​តំបន់​ការពារ​របស់​ក្រុម Brighton នា​កីឡដ្ឋាន Old Trafford នៅ​មុនពេល​ការធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​របស់​កីឡាករ Lewis Dunk ពី​ការបញ្ជូន​បាល់​របស់​ខ្សែបម្រើ Ashley Young បាន​បំពេញ​ជ័យជម្នះ​ក្នុងការ​ប្រកួត​លី​ក​ជា​លើក​ទី2ជាប់ៗគ្នា​របស់​ពួកគេ​តែម្តង។ ខ្សែការពារ Victor Lindelof របស់​ក្រុម Man United សង្ឃឹមថា ក្រុម​របស់គេ​អាច​បន្ត​ដណ្តើមបាន​ជ័យជម្នះ​ទៀត ស្រប​ពេលដែល​កំពុងតែ​ស្វែងរក​ទម្រង់​លេង​ដ៏​មុត​ស្រួច​របស់​ពួកគេ​ត្រឡប់មកវិញ។ កីឡាករ​រូបនេះ​បាន​ឲ្យ​ដឹងថា៖ «យើង​បាន​ព្យាយាម​អស់ពី​សមត្ថភាព​របស់​យើង​ក្នុង​ការប្រកួត​នេះ យើង​បាន​ព្យាយាម​លេង​ការប្រកួត​របស់​យើង ប៉ុន្តែ វា​មិនបាន​ដំណើរ​ការល្អ​ឡើយ»។ Lindelof បាន​បន្ថែមទៀតថា៖ «យើង​ទទួលបាន3ពិន្ទុ ហើយ​នោះ​គឺជា​រឿង​ដ៏​សំខាន់បំផុត។ យើង​មិនបាន​លេង​ការប្រកួត​ដ៏​ល្អ​បំផុត​របស់​យើង​ឡើយ ប៉ុន្តែ យើង​បានទទួល​ជ័យជម្នះ ហើយ​នោះ​គឺជា​ការបង្ហាញ​ពី​ភាពខ្លាំង​របស់​យើង»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង3ទៀបភ្លឺ៕

ប្រភពពី៖ The Guardian

Advertisement