ទំនិញ​ឆ្លង​កាត់​កំពង់ផែ​ស្ងួត សុវណ្ណខេត្ត របស់​ឡាវ សម្រេច​បាន​ជាងប្រាំ​ពាន់​លាន​ដុល្លារ

តម្លៃ​ទំនិញ​ឆ្លង​កាត់​កំពង់ផែស្ងួត​ សុវណ្ណខេត្ត ក្នុង​ឆ្នាំ 2022 សម្រេច​បាន​ជាង 5.9 ពាន់​លាន​​ដុល្លារ​អាម៉េរិក ខណៈ​ដែល​​​ 10 ​ខែ​​ដំបូង​នៃ​​ឆ្នាំ​នេះ សម្រេច​បានជិត​ 5.6 ពាន់​លាន​ដុល្លារ​។

ព័ត៌មាន​ខាងលើ​នេះ​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​​របស់​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាកម្ម ពាណិជ្ជកម្ម​ឡាវ Malaythong Kommasith នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​សុវណ្ណខេត្ត C – Savan Park និង​កំពង់ផែនស្ងួត​សុវណ្ណខេត្ត។

នៅ​ក្នុង​ជំនួប​ជាមួយ​នឹង​ប្រតិភូ​រដ្ឋមន្ត្រី នៃក្រសួង​ឧស្សាកម្ម ពាណិជ្ជកម្ម​ឡាវ លោក Tee Chee Seng ដែល​ជា​អ្នក​គ្រប់​គ្រង​ Savan Park បាន​រាយការណ៍​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​សុវណ្ណខេត្ត (Savan Park SEZ Zone C) កំពុង​ផ្ដល់​សេវាកម្ម​ដឹក​ជញ្ជូន​​គ្រប់​ប្រភេទ​។

តំបន់សេដ្ឋកិច្ច​ពិសេស​សុវណ្ណខេត្ត ស្ថិត​នៅ​ទីតាំង​យុទ្ធ​សាស្ត្រ​នៃ​ច្រក​របៀង​សេដ្ឋកិច្ច​បស្ចិម-បូព៌ា (EWEC)។ EWEC ជាច្រក​របៀង​ដែល​​ឆ្លង​កាត់ខេត្ត​សុវណ្ណខេត្តរបស់​ឡាវ និង​ប្រទេស​ថៃ ហើយ​បញ្ចប់​នៅ Mawlamyine នៃប្រទេស​មីយ៉ាន់ម៉ា ដែល​តភ្ជាប់​ទៅ​នឹង​សមុទ្រ Andaman និង​សមុទ្រ​ចិន​ខាង​ត្បូង​។

តំបន់សេដ្ឋកិច្ច​ពិសេស​សុវណ្ណខេត្ត ស្ថិត​នៅ​ទីតាំង​យុទ្ធ​សាស្ត្រ​នៃ​ច្រក​របៀង​សេដ្ឋកិច្ច​បស្ចិម-បូព៌ា (EWEC)

យោង​តាម​ទិន្នន័យ​ដែល​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​កាល​ពី​ខែ​វិច្ឆិកា 2023 តម្លៃ​សរុប​នៃ​ការ​នាំ​ចូល​​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ Savan Park SEZ Zone C ក្នុង​ឆ្នាំ 2023 សម្រេច​បាន​​ជាង 140 លាន​ដុល្លារ​អាម៉េរិក​ ខណៈ​តម្លៃ​នៃ​ការ​នាំ​ចេញ​គឺ​ជាង 160 លាន​ដុល្លារ​។ ក្នុង​ឆ្នាំ​ 2022 តម្លៃ​សរុប​នៃ​ការ​នាំ​ចូល​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​ផ្ដល់​ជំនួយ​ដោយ​អង្គការ​ជប៉ុន JICA នេះ គឺ​ជាង 207 លាន​ដុល្លារ​។

តម្លៃ​ទំនិញ​ឆ្លង​កាត់​កំពង់ផែស្ងួត​ Savannakhet ក្នុង​ឆ្នាំ 2022 សម្រេច​បាន​ជាង 5,929,965,000 ​​ដុល្លារ​អាម៉េរិក ខណៈ​ដែល​​​ 10 ​ខែ​​ដំបូង​នៃ​​ឆ្នាំ​ 2023 សម្រេច​បានជាង 5,595,773,000 ​ដុល្លារ​អាម៉េរិក៕

Leave a Comment