យាន​កង់ពិសេស​ដំណើរការ​ដោយ​អគ្គិសនី អាច​បើកបរ​ឆ្លងកាត់​ស្ទើ​គ្រប់​​ឧបសគ្គ​នៅលើ​ដី

ក្រុមហ៊ុន 18 Wheels ដែលមាន​ទីស្នាក់ការ​នៅ Helsinki ប្រទេស​ហ្វាំ​ង​ឡង់ បានបង្ហាញ​យាន​គំរូ​មួយ​ប្រភេទ​ដែល​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី និង​មាន​កង់​រហូតដល់ 18 គ្រាប់។

រចនា​រូបរាង​ពិសេស​របស់​យាន​នេះ អនុញ្ញាតឱ្យ​វា​ធ្វើដំណើរ​ក្នុង​ល្បឿន​លឿន​នៅលើ​ភូមិសាស្ត្រ​ដែល​មាន​ឧបសគ្គ​​កម្ពស់​រហូតដល់ 20 សង់ទីម៉ែត្រ ដោយ​មិនត្រូវ​បន្ថយល្បឿន។ វា​អាច​រត់​លើ​ដើមឈើ​ដែល​ផ្ដេក​នៅលើ​ដី ដុំថ្ម និង​ជណ្ដើរ​ជាដើម។ នេះ​បើតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 25 កក្កដា 2023។

កង់នីមួយៗរបស់​យាន​ចម្លែក​នេះ​ប្រើប្រាស់​ម៉ូ​ទ័​រ​អគ្គិសនី​មួយគ្រឿង។ ដោយសារ​ប្រព័ន្ធ​ជើង​ក្រោម​ដ៏​ពិសេស វា​ដំណើរការ​ស្ទើរ​ដូច​ទៅនឹង​កង់​របស់​រថក្រោះ។ យាន​នេះ​ត្រូវបាន​អភិវឌ្ឍ​ឡើង​ដើម្បី​ធ្វើដំណើរ​លើ​ភូមិសាស្ត្រ​ដែល​សម្បូរ​ឧបសគ្គ និង​មិន​បង្កឱ្យមាន​ការខូចខាត​ផ្ទៃដី​ដែលវាបាន​ធ្វើដំណើរ​ឆ្លងកាត់។

យាន​ចម្លែក​នេះ​ត្រូវបាន​គេ​រៀប​គម្រោង​តាំងពី​ឆ្នាំ 2021 និង​អភិវឌ្ឍ​កាលពី​ឆ្នាំ 2022 មុននឹង​ធ្វើការ​សាកល្បង​នាពេលថ្មីៗនេះ ដូចដែល​បានបង្ហាញ​នៅក្នុង​វីដេអូ​ខាងក្រោម។

ក្រុម​អ្នកស្រាវជ្រាវ​កំពុង​អភិវឌ្ឍ​កំណែ​គំរូ​ទី​ពីរ ដែល​គេ​ជឿថា នឹង​ដោះស្រាយ​បញ្ហា​ដែល​បានកើត​ឡើង​នៅក្នុង​ការសាកល្បង។ កំណែ​គំរូ​ទី​ពីរ​គ្រោង​នឹង​ត្រូវបាន​ផលិត​បន្ទាប់ពី​បានបញ្ចប់​ការសាកល្បង​នៅ​ចុង​រដូវក្ដៅ​ឆ្នាំ2023​៕

Advertisement