ប្រព័ន្ធ Li-Fi លឿន​ជាង Wi-Fi 100 ដង

Li-Fi ដែលជា​ស្ដង់ដា​បញ្ជូន​ទិន្នន័យ​ដោយ​មិន​ប្រើប្រាស់​ខ្សែ 802.11bb មាន​ល្បឿន 224 Gb/វិនាទី លឿន​ជាង 100 ដង បើ​ធៀប​នឹង Wi-Fi បច្ចុប្បន្ន។

យោងតាម​ប្រកាស​កាលពី​ថ្ងៃទី 13 កក្កដា 2023 ​របស់​ស​មា​គម​វិស្វករ​អគ្គិសនី និង​អេ​ឡិច​ត្រូ​និ​ច (IEEE) ប្រព័ន្ធ 802.11bb ត្រូវបាន​ដាក់ចូល​ទៅក្នុង​បញ្ជី​ស្ដង់ដា​នៃ​ការបញ្ជូន​ទិន្នន័យ​តាម​អ៊ី​ន​ធើ​ណិ​ត​ដោយ​មិន​ប្រើ​ខ្សែ​ប្រភេទ​ថ្មី។ ប្រការនេះ​នឹង​ជួយ​បង្កើនល្បឿន​នៃ​ការដាក់​ពង្រាយ និង​ការ​បញ្ចូល​ស្ដង់ដា​បច្ចេកវិទ្យា​បញ្ជូន​ទិន្នន័យ​ថ្មី​នេះ​ទៅក្នុង​ជីវភាព​ប្រចាំថ្ងៃ។

បច្ចុប្បន្ន ស្ដង់ដា​ថ្មី​បំផុត​របស់ Wi-Fi បាន​វិ​វត្ត​ឡើងដល់​កម្រិត 802.11be ដែល​ត្រូវបាន​ហៅថា Wi-Fi 7 ដោយមាន​ល្បឿន​ខ្ពស់បំផុតត្រឹម​ 30 Gb/វិនាទី លឿន​ជាង​បី​ដង​ធៀប​នឹង​កម្រិត 9.7 Gb/វិនាទី​នៅលើ Wi-Fi 6។ ចំណែក​ស្ដង់ដា Wi-Fi ដែល​ពេញនិយម​នាបច្ចុប្បន្ន​គឺ 2.4 GHz និង 5 GHz ដែលមាន​ល្បឿន​ប្រហែល​ពី 200 Mb/វិនាទី ទៅ 1.3 Gb/វិនាទី។

ក្នុង​គ្រា​ដែល Wi-Fi ប្រើប្រាស់​រលក​វិទ្យុ (RF) ដើម្បី​បញ្ជូន​ទិន្នន័យ Li-Fi ឯណោះ​វិញ​ប្រើប្រាស់​បច្ចេកវិទ្យា​រល​ក​ពន្លឺ​តាមរយៈ​អំពូល​ភ្លើង LED។ Li-Fi មិន​ត្រឹមតែ​បញ្ជូន​ទិន្នន័យ​បាន​លឿន​ខ្លាំង (224 Gb/វិនាទី) នោះទេ តែ​ក៏​មិន​បង្ក​ការរំខាន​ដល់​ឧបករណ៍​វេជ្ជសាស្ត្រ និង​មិន​ប៉ះពាល់​ដល់​រលក​វិទ្យុ​ដែល​មាននា​បច្ចុប្បន្ន។

ទោះជា​យ៉ាងណាក៏ដោយ Li-Fi ក៏​នៅតែមាន​ចំណុចខ្សោយ។ នៅពេល​មាន​ឧបសគ្គ​​ដូចជា​ជញ្ជាំង ឬ​កន្លែង​ពុំមាន​ពន្លឺ​ជាដើម ការបញ្ជូន​ទិន្នន័យ​ក៏ត្រូវ​ជួប​បញ្ហា។

មកដល់ពេលនេះ មាន​ក្រុមហ៊ុន​មួយចំនួន​បានចាប់ផ្ដើម​ផលិត​ម៉ូឌុល Li-Fi សម្រាប់​បណ្ដា​ឧបករណ៍​បញ្ចេញ​រលកសញ្ញា និង​ឧបករណ៍​ត​ភ្ជាប់។ ក្នុងនោះ ក្រុម​ហ៊ុន pureLiFi ផ្គត់ផ្គង់​ម៉ូឌុល Light Antenna ONE សម្រាប់​បណ្ដា OEM (original equipment manufacturer) ធ្វើការ​ប្រើប្រាស់​សាកល្បង និង​វាយតម្លៃ។ បណ្ដា​ឧបករណ៍ Li-Fi ពាណិជ្ជកម្ម​អាច​នឹង​បង្ហាញខ្លួន​ជា​លើកដំបូង​នៅក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍បច្ចេក​វិទ្យា​ MWC 2024 នៅ​ប្រទេស​អេ​ស្ប៉ា​ញ​នាពេលខាងមុខ៕

Advertisement