ទិដ្ឋភាព​ឥណ្ឌូណេស៊ី​ហែ​ក្បួន​អបអរ​មេដាយមាសបាល់​ទាត់​​ស៊ី​ហ្គេម​លើក​ទី 32

បី​ថ្ងៃ​បន្ទាប់ពី​បាន​យកឈ្នះ​លើក​ក្រុមបាល់ទាត់​អាយុ​ក្រោម 22 ឆ្នាំ (U22) របស់​ថៃ ក្រុម​កីឡាករ​បាល់ទាត់​ឥណ្ឌូណេស៊ី ​បាន​ត្រលប់​ទៅ​ប្រទេស និង​នាំគ្នា​ហែ​ក្បួន​អបអរ​ជ័យជម្នះ​នៅ​រដ្ឋធានី​ហ្សា​ការ​តា។

ក្រុម U22 ឥណ្ឌូណេស៊ី បាន​ចាក​ចេញពី​កម្ពុជា ត្រលប់​ទៅ​មាតុភូមិ​កាលពី​ព្រលប់​ថ្ងៃទី 18 ឧសភា តាមរយៈ​យន្តហោះ​ពិសេស ខណៈ​នៅឯ​ព្រលានយន្តហោះ Soekarno-Hatta អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​បាននាំគ្នា​រង់ចាំ​ទទួល​។

នៅតាម​ផ្លូវ​ដែល U22 ឥណ្ឌូណេស៊ី​ធ្វើដំណើរ​ពី​ព្រលានយន្តហោះ​ទៅកាន់​សណ្ឋាគារ អ្នកគាំទ្រ​ឈរ​អម​សងខាង ព្រមទាំង​ដុត​​កូន​កាំជ្រួច​បញ្ចេញ​ពន្លឺ។ តំបន់​ខ្លះ​ក៏​រៀបចំ​ឆាក​តន្ត្រី​ដើម្បី​ទទួល​ស្វាគមន៍។

កាលពី​ព្រឹក​ថ្ងៃទី 19 សហព័ន្ធ​កីឡាបាល់ទាត់​ឥណ្ឌូណេស៊ី (PSSI) ក៏​បាន​រៀបចំ​ពិធី​ហែ​ក្បួន នាំ​ក្រុម U22 ទាំងមូល​ធ្វើដំណើរ​តាម​រថយន្តក្រុង​គ្មាន​ដំបូល ពី​សណ្ឋាគារ Kemenpora ទៅកាន់​ទីលាន Gelora Bung Karno។

PSSI រៀបចំ​ទីតាំង​បួន​កន្លែង​ដែលមាន​សកម្មភាព​កម្សាន្ត អម​សងខាង​ផ្លូវ​ដែល​ក្បួន​ធ្វើដំណើរ​ឆ្លងកាត់។ នៅ​ទីតាំង​ទាំងនោះ​មាន​តន្ត្រី និង​សកម្មភាព​លើកតម្កើង U22 ឥណ្ឌូណេស៊ី។

នៅ​ស៊ី​ហ្គេម​លើក​ទី 32 ដែល​ធ្វើឡើង​នៅ​កម្ពុជា U22 ឥណ្ឌូណេស៊ី បាន​ផ្ដួល​សិង្ហ​បុរី មី​យ៉ាន់​ម៉ា ទី​ម័​រ​ខាងកើត និង​កម្ពុជា នៅ​វគ្គ​ប្រកួត​វិលជុំ។ បន្ទាប់មក U22 ឥណ្ឌូណេស៊ី ក៏បាន​យកឈ្នះ​លើ​វៀតណាម 3-2 នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ឥណ្ឌូណេស៊ី ក៏បាន​ផ្ដួល​ថៃ​ក្នុង​លទ្ធផល 5-2 ក្រោយ​ការប្រកួត 120 នាទី​ប្រកបដោយ​ហិង្សា៕

Advertisement