FIFA ជិត​ចាប់ផ្ដើម​ចូល​ស៊ើបអង្កេត ខណៈ U22 ឥណ្ឌូណេស៊ី​ប្ដេជ្ញា​ប្ដឹង​ប្រឆាំង U22 ថៃ ក្នុងករណី​នៅ​ស៊ី​ហ្គេម 2023

ភាគី​ខាង U22 ឥណ្ឌូណេស៊ី កំពុងតែ​មានបំណង​ពឹង FIFA កាត់ក្ដី​ករណី​អំពើហិង្សា​រវាង​ក្រុមបាល់ទាត់​បុរស​ជម្រើស​ជាតិ​ប្រទេស​នេះ និង​ក្រុមបាល់ទាត់​ថៃ នៅក្នុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម​លើក​ទី 32។

ហេតុការណ៍​វាយតប់​គ្នា​រវាង U22 ថៃ និង U22 ឥណ្ឌូណេស៊ី មិនទាន់​ត្រូវបាន​ដោះស្រាយ​រួចរាល់​នៅឡើយ បើ​ទោះ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម​ឆ្នាំ 2023 បាន​ចប់សព្វគ្រប់។ បន្ទាប់ពី​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) ចាប់ផ្ដើម​ស៊ើបអង្កេត ហើយ​ក្រុម​ទាំងពីរ​អាច​ត្រូវ​ទទួល​ការពិន័យ ភាគី​ឥណ្ឌូណេស៊ី​ក៏​បែរជា​ចង់​អញ្ជើញ​ទាំង FIFA មក​ចូលរួម​ដោះស្រាយ។

ភាគី​ឥណ្ឌូណេស៊ី​ចង់ឱ្យ​ថៃ​ទទួលខុសត្រូវ​នៅក្នុង​ករណីនេះ។ ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​ឥណ្ឌូណេស៊ី (NOC) Raja Sapta Oktohari បាន​បើក​កិច្ចប្រជុំ​មួយ​ជាមួយ​សមាជិក​របស់​ស​ហ​ព័ន្ធ​បាល់ទាត់​ឥណ្ឌូណេស៊ី (PSSI) ដើម្បី​ធ្វើការ​សម្រេច​លើ​ការស្នើសុំ​អន្តរាគមន៍​របស់ FIFA ក្នុងករណី​ហិង្សា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ផ្នែក​បាល់ទាត់​បុរស​នៅ​ស៊ី​ហ្គ​ម​លើក​ទី 32 និង​កាត់ក្ដី​ចុងក្រោយ។

ប្រធាន NOC ឱ្យដឹងថា «ពេលនេះ យើង​មិនទាន់​បញ្ជូន​របាយការណ៍​ឡើងទៅ​កាន់ FIFA ប៉ុន្តែ​រឿងនេះ​នឹង​កើតឡើងឆាប់ៗខាងមុខ។ កិច្ចប្រជុំ​ផ្ទៃក្នុង​បានបញ្ចប់ ខ្ញុំ និង​ប្រធាន PSSI – Erick Thohir សុទ្ធតែ​មិន​ចង់​នៅ​ស្ងៀម​ក្នុងករណីនេះ។ បើសិន​ខាង​ឥណ្ឌូណេស៊ី​ខុស យើង​នឹង​ទទួលខុសត្រូវ ប៉ុន្តែ​បើ​ថៃ​ខុស ពួកគេ​ក៏​នឹងត្រូវ​ធ្វើ​ដូច្នេះ»។

ភាគី​ឥណ្ឌូណេស៊ី​ទំនងជា​កំពុង​ជឿជាក់ថា ខ្លួន​មិនមាន​កំហុស​នៅក្នុង​ការ​វាយតប់​គ្នា​ជាមួយ​ក្រុម​ថៃ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម​ឆ្នាំ 2023។ ចំណែក​ថៃ​វិញ បច្ចុប្បន្ន​ក៏​កំពុងមាន​ភាព​តានតឹង​ខ្លាំង ទាក់ទង​នឹង​បញ្ហា​នេះ។ អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ Yuttana Yimkarun ថ្មីៗនេះ​បាន​សរសេរ​លិខិត​សុំលាលែង​ពី​តំណែង។ ប្រធាន​សមាគម​បាល់ទាត់​ថៃ (FAT) យល់ថា ពួកគេ​ត្រូវ​ទទួលខុសត្រូវ បន្ទាប់ពី​បាន​បណ្ដោយឱ្យ​កីឡាករ U22 ថៃ បាត់បង់​ការគ្រប់គ្រង​អារម្មណ៍​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​បង្កើតឱ្យមាន​រូបភាព​អាក្រក់​នៅ​កម្ពុជា។

ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង U22 ឥណ្ឌូណេស៊ី និង​ថៃ ត្រូវបាន​គេ​ចាត់ទុកថា​មាន​ភាព​ទាក់ទាញ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ស៊ី​ហ្គេម។ ក្នុងការ​ប្រកួត​នេះ ឥណ្ឌូណេស៊ី​បានឈ្នះ​ថៃ 5-2 ខណៈ​អាជ្ញាកណ្ដាល​បាន​ពិន័យ​កាត​លឿង​ជាង​ 10 និង​កាត​ក្រហម​ចំនួន 7 ដោយសារតែ​មានការ​ប៉ះទង្គិច​គ្នាច្រើន​ និង​ការប្រើ​អំពើហិង្សា៕

Advertisement