CAMSOC​ ​បង្ហាញ​ទិដ្ឋភាពខ្លះៗនៅមុន​ពិធី​បិទ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32

ដូច​ទៅនឹង​ពិធី​សម្ពោធ​ចាប់ផ្ដើម​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (ស៊ី​ហ្គេម) លើក​ទី 32 ម្ចាស់ផ្ទះ​កម្ពុជា​មិនបាន​ប្រកាស​ព័ត៌មាន​លំអិត​ស្ដីពី​កម្មវិធី​ដែល​ត្រូវ​ប្រារព្ធ​ឡើង​នោះទេ ប៉ុន្តែ គេ​សង្ឃឹមថា ព្រឹត្តិការណ៍​បិទ​ក៏​នឹង​អស្ចារ្យ​មិន​ចាញ់​ព្រឹត្តិការណ៍​បើក​ប៉ុន្មាន​ឡើយ។

នៅ​ល្ងាច​ថ្ងៃទី 17 ឧសភា ទំព័រ​ផ្លូវការ​របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម (CAMSOC) បាន​បញ្ចេញ​រូបភាព​មួយចំនួន​បង្ហាញ​អំពី​ការត្រៀម​សម្រាប់​ពិធី​បិទ​ស៊ី​ហ្គេម​លើក​នេះ។ «កាន់តែ​រួចរាល់ សម្រាប់​ពិធី​បិទ​ផ្លូវការ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី 32 ឆ្នាំ 2023 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ» ទំព័រ​បណ្ដាញ​សង្គម​របស់ CAMSOC សរសេរ​ដូច្នេះ។

វិញ្ញាសា​ទាំងឡាយ​នៅ​ស៊ី​ហ្គេម​ត្រូវ​បានបញ្ចប់​កាលពី​យប់​ថ្ងៃទី 16 ឧសភា។ ថ្ងៃនេះ​ពុំមាន​ការប្រកួត​ទៀត​នោះទេ គឺ​មានតែ​កម្មវិធី​បិទ​ជា​ផ្លូវការ​តែប៉ុណ្ណោះ។ ព្រះ​អគ្គិ​ជ័យ​នៅ​ទីលាន​នៃ​ពហុ​​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក៏​នឹង​ត្រូវបាន​ពន្លត់​នៅ​ចុងបញ្ចប់​នៃ​ពិធី​បិទ បញ្ជាក់ថា រដូវ​ស៊ី​ហ្គេម​លើក​ទី 32 ត្រូវបាន​ចប់​​ជា​ស្ថាពរ។

ពិធី​សម្ពោធ​ចាប់ផ្ដើម​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី 32 កាលពី​យប់​ថ្ងៃទី 05 ឧសភា ត្រូវបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាពសម្បូរ​បែប និង​អស្ចារ្យ ប្រហាក់​ប្រហែល​នឹង Asiad ដែលជា​មហា​ព្រឹត្តិការណ៍​ប្រកួត​កីឡា​នៅ​ទ្វីបអាស៊ី។ ចំណែក​ពិធី​បិទ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​នេះ​ក៏ត្រូវ​បាន​អ្នកជំនាញ​យល់ថា នឹង​អស្ចារ្យ​ផងដែរ៕

Advertisement