ទិដ្ឋភាព​កញ្ញា​គុន​តេក្វាន់ដូ​របស់​កម្ពុជា​ដណ្ដើម​បាន​មេដាយ​មាស​ នៅ​ពេល​ផ្ដួល​ម្ចាស់​ជើង​ឯក​វៀតណាម​

កីឡាការិនី​តេក្វាន់ដូ​ ថិប កាសាន់ទ្រីនីកូល របស់​កម្ពុជា បាន​យក​ឈ្នះ​លើ​ម្ចាស់​ជើង​ឯក​ បាក ធី ខៀម របស់​វៀតណាម​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ប្រភេទ​ទម្ងន់​ 67 គីឡូក្រាម​ កាល​ពី​ល្ងាច​ថ្ងៃទី 15 ឧសភា​នេះ​។

កីឡាការិនី​កូនកាត់ខ្មែរ-អាមេរិកកាំង កញ្ញា ថិប កាសាន់ទ្រីនីកូល (Cassandre Nicole Tubbs) ហៅក្រៅថា​ ខេស៊ី ដែល​ទើប​ដណ្ដើម​បាន​មេដាយមាស​នៅ​ស៊ីហ្គេម​លើក​ទី 32 ធ្លាប់​ឆ្លង​កាត់​ការ​ហ្វឹក​ហាត់​នៅ​អឺរ៉ុប និង​សហរដ្ឋ​អាម៉េរិក​។ ចំណែក បាក ធី ខៀម របស់​វៀតណាម​ គឺជា​ម្ចាស់​ជើង​ឯក​។

ក្នុង​ការ​ប្រកួត​ ខេស៊ី គឺជា​អ្នក​គ្រប់​គ្រង​ស្ថានភាព​ ដោយ​សារកីឡាការិនី​រូប​នេះ​​តែង​តែ​មាន​ភាព​​ម្ចាស់​ការ​ក្នុង​ការ​ប្រយុទ្ធ ខណៈ​កីឡាការិនី​វៀតណាម ត្រូវ​រង​ការ​វាយ​សម្រុក​ជា​ញឹក​ញាប់​។

ខេស៊ី យំ ដោយ​ការ​សប្បាយ​រីក​រាយ​ នៅ​ពេល​អាជ្ញាកណ្ដាល​បញ្ជាក់​ថា ជ័យ​ជម្នះ​បាន​មក​លើ​ខ្លួន​ ក្រោយ​ពី​ការ​ប្រកួត​បានចប់​។

មុន​ពេល​ប្រកួត​នៅ​ស៊ីហ្គេម​លើក​នេះ ខេស៊ី ធ្លាប់​ចូល​រួម​ប្រកួត​ប្រភេទ​ទម្ងន់ 62​ គីឡូក្រាម​ ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​ឆ្នាំ 2017, 2021 និង​មេដាយ​ប្រាក់​នៅ​ឆ្នាំ 2019​។

Advertisement