គ្រូ​បង្វឹក​ថៃ មិន​ភ្ញាក់​ផ្អើល​នៅ​ពេល​ឥណ្ឌូណេស៊ី​ផ្ដួល​វៀតណាម​បាន​សម្រេច

យោង​តាម​គ្រូ​បង្វឹក Inssara Sritaro ​ឥណ្ឌូណេស៊ី​មាន​កម្លាំង​កាយ​ល្អ​ជាង​ដោយ​សារ​សម្រាក​បាន​ច្រើន​ថ្ងៃ​ មុន​នឹង​ផ្ដួល​វៀតណាម​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​វិញ្ញាសា​បាល់​ទាត់​បុរស​នៅ​ស៊ីហ្គេម​លើក​ទី 32 នៅ​កម្ពុជា​។

«ខ្ញុំ​មិន​ភ្ញាក់​ផ្អើល​នោះ​ទេ​ នៅ​ពេល​ឥណ្ឌូណេស៊ី​ឡើង​ដល់​វគ្គ​​​ផ្ដាច់​ព្រ័ត្រ​។ ពួក​គេ​បាន​សម្រាក​ពីរ​ថ្ងៃ​ ដោយ​សារ​តែ​ពូល A ទាត់​មុន​ និង​រួច​រាល់​បាន​មុន​។ ពូល B ចប់​ក្រោយ ហើយ​ក្រុម​នានា​សម្រាក​បាន​តែ​មួយ​ថ្ងៃ​ រួច​ក៏​ទាត់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​។ ជាង​នេះ នៅ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​នៅពូល B ក្រុម​ថៃ​ប្រកួត​ជាមួយ​វៀតណាម​នៅ​លើ​ទីលាន​មិន​ល្អ សើម ទើប​កីឡាករ​ត្រូវ​ចំណាយ​កម្លាំង​ច្រើន​» គ្រូបង្វឹក​ថៃ Sritaro និយាយ​ដូច្នេះ​ក្រោយ​ពី​ថៃ​ឈ្នះ​មីយ៉ាន់ម៉ា 3-0 ក្នុង​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ​កាល​ពី​ព្រលប់​ថ្ងៃទី 13 ឧសភា​។

វៀតណាម និង​ថៃ​ប៉ះគ្នា​ក្នុង​​ការប្រកួត​ចុង​ក្រោយនៅ​ពូល B កាល​ពី​ថ្ងៃទី 11 ឧសភា និង​មាន​លទ្ធផល 1-1។ លទ្ធផល​ស្មើ​គ្នា​នេះ ធ្វើ​ឱ្យ​វៀតណាម​ឈរ​លំដាប់​លេខ​ពីរ​នៅ​ពូល B ហើយត្រូវ​ប៉ះ​ឥណ្ឌូណេស៊ី​​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​ ដែល​នៅ​ទី​នេះ ឥណ្ឌូណេស៊ី​បាន​ផ្ដួល​វៀតណាម​ដោយ​លទ្ធផល 3-2​។

វៀតណាមមិន​អាច​ការ​ពារ​តំណែង​ជើង​ឯក​នៅ​ស៊ីហ្គេម

ជិត​ពីរ​ម៉ោង​ក្រោយ​ពី​ឥណ្ឌូណេស៊ី​យក​ឈ្នះ​លើ​វៀតណាម ក្រុម​ U22 ថៃ​ក៏​បាន​ផ្ដួល​មីយ៉ាន់ម៉ា ដោយ​លទ្ធផល​ 3-0​។ ដូច្នេះ​ ថៃ​ត្រូវ​ប៉ះ​ឥណ្ឌូណេស៊ី​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃវិញ្ញាសា​បាល់​ទាត់​បុរស​នៅ​ស៊ីហ្គេម​លើក​នេះ​។

«ឥណ្ឌូណេស៊ី​គឺ​ជា​គូប្រកួត​ខ្លាំង​។ កីឡាករ​របស់​ពួក​គេ​លឿន​ណាស់​។ យើង​នឹង​ត្រូវ​ប្រុង​ប្រយ័ត្ន​» គ្រូបង្វឹក​ថៃ Sritaro និយាយ​អំពី​គូ​ប្រកួត​របស់​ខ្លួន​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​។ គ្រូបង្វឹកវ័យ​ 43 ឆ្នាំ​របស់​ U22 ​ថៃ ​និយាយ​ថា បើ​ទោះ​ជា​ឈ្នះ​មីយ៉ាន់ម៉ា ប៉ុន្តែ​​ ថៃ​នៅ​មាន​កំហុស​ច្រើន​ ត្រូវ​ការ​ដក​យក​ជា​បទ​ពិសោធន៍​ និង​កែតម្រូវ​។

វៀតណាម​មាន​អ្នក​គាំទ្រ​ (ខាងក្រោយ) ច្រើន​លើស​លុប

ក្រុម​កីឡាករ​បាល់​ទាត់​ជម្រើស​ជាតិ​អាយុ​ក្រោម​ 22 ឆ្នាំ (U22) របស់​ថៃ នឹង​ប្រកួត​ជាមួយ​ក្រុម​ឥណ្ឌូណេស៊ី​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នាវេលា​ម៉ោង​ 20 ថ្ងៃ​ទី 16 ឧសភា​ខាងមុខ​។ បួន​ម៉ោង​មុន​នោះ វៀតណាម​ នឹង​ដណ្ដើម​មេដាយ​សំរឹទ្ធ​ជា​មួយ​មីយ៉ាន់ម៉ា​៕

Advertisement