អគារ​សង់​ដោយ​ការ​បោះពុម្ព 3D ធំជាងគេ​បង្អស់​នៅ​ទ្វីបអឺរ៉ុប ប្រើពេល​ស្ថាបនា​​តែ 140 ម៉ោង

(អាល្លឺម៉ង់) – អគារ​ដែល​មាន​បណ្ដោយ​ 55 ម៉ែត្រ ទទឹង 11 ម៉ែត្រ និង​កម្ពស់ 9 ម៉ែត្រ គ្រោង​នឹង​សាងសង់​រួចរាល់​ជា​ស្ថាពរ​ដោយ​ប្រើប្រាស់​កម្មករ​ពីរ​នាក់ និង​ប្រើពេល​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។

គម្រោង​នៅ​ប្រទេស​អាល្លឺម៉ង់​នេះ ត្រូវបាន​បញ្ជាក់ថា ជា​សំណង់​បោះពុម្ព 3D ធំជាងគេ​បង្អស់​នៅ​ទ្វីបអឺរ៉ុប។ ជាធម្មតា ការ​សាង​សង់​​អគារនីមួយៗគឺ​ត្រូវ​ប្រើប្រាស់​កម្មករ​យ៉ាងហោច​ក៏​ប្រាំ ឬ​ដប់​នាក់ ប៉ុន្តែ ការស្ថាបនា​អគារ​បោះពុម្ព 3D នេះ មាន​បុគ្គលិក​​​តែ​ពីរ​នាក់​ប៉ុណ្ណោះ។

កម្មករសំណង់​នៅទីនេះ​គឺជា​រ៉ូ​បូត​ដែល​ធ្វើការ​ទៅតាម​គម្រោង​ដែល​បាន​កំណត់​​នៅលើ​កុំព្យូទ័រ។ តាម​ផែនការ គម្រោង​នេះ​នឹងត្រូវ​សាងសង់​រួចរាល់​ក្នុង​រយៈពេល 140 ម៉ោង។ នៅពេល​រួចរាល់ អគារ​នេះ​នឹងមាន​ទំហំ​ប្រហែល 55 ម៉ែត្រ x 11 ម៉ែត្រ x 9 ម៉ែត្រ។

លោក Hans-Joerg Kraus ដែលជា​នាយក​ប្រតិបត្តិ​របស់ Kraus Gruppe ឱ្យដឹងថា «ខ្ញុំ​គិតថា បច្ចេកវិទ្យា​បោះពុម្ព 3D មាន​អនាគត​ប្រកបដោយ​សក្ដានុពល។ …នៅទីនេះ យើង​កំពុង​ប្រឹងប្រែង​ស្វែងយល់​ឱ្យដឹងថា នេះ​ជា​ផលិតផល​ដែល​ឆ្ពោះទៅកាន់​អនាគត ឬ​អត់…។

ក្រៅពី​អាល្លឺម៉ង់ ក៏មាន​ប្រទេស​ជាច្រើន​ផ្សេងទៀត​កំពុង​បង្កើន​ការប្រើប្រាស់​បច្ចេកទេស​សាងសង់​ដោយ​ការបោះពុម្ព 3D។ កាលពី​ឆ្នាំ 2018 ក្រុមហ៊ុន​មួយ​របស់​បារាំង​បានបង្ហាញ​ផ្ទះ​បោះពុម្ព 3D ជា​លើកដំបូង​មួយ​ខ្នង​ដែល​សាងសង់​ក្នុង​រយៈពេល 18 ថ្ងៃ។ ចំណែក​ប្រទេស​ចិន​វិញ ក៏​ប្រើប្រាស់​បច្ចេកវិទ្យា​បោះពុម្ព 3D ដើម្បី​សាងសង់​ទំនប់ទឹក​មួយ​នៅ​តំបន់​ខ្ពង់រាប​ទី​បេ។

យោងតាម SCMP បច្ចេកវិទ្យា​សាងសង់​ដោយ​ការបោះពុម្ព 3D ដំបូង​ឡើយ​ត្រូវបាន​អភិវឌ្ឍ​ឡើង​ក្នុង​បំណង​កាត់បន្ថយ​សំណល់​នៅក្នុង​ការផលិត។ បច្ចេកវិទ្យា​នេះ​ក៏មាន​សក្ដានុពល​នៅក្នុង​វិស័យ​ជាច្រើន​ផ្សេងទៀត មាន​ជាអាទិ៍ វិស័យ​វេជ្ជសាស្ត្រ ការពារជាតិ និង​ឧស្សាហ​កម្ម​ផលិត​អាហារ។ល។

Advertisement