គូប្រកួត​ដែល​ត្រូវ​ប៉ះគ្នា​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​វិញ្ញាសា​បាល់ទាត់​នារី​នៅ​ស៊ី​ហ្គេម​លើក​ទី 32

ការប្រកួត​រវាង​ក្រុម​បាល់​ទាត់​នារី​ជម្រើស​ជាតិ​កម្ពុជា និង​វៀតណាម នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក​នៅ​ឯ​ AFF Cup ហ្វ៊ីលីពីន កាល​ពី​ឆ្នាំ 2022

គូប្រកួត​នានា​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​វិញ្ញាសា​បាល់ទាត់​នារី​របស់​ស៊ី​ហ្គេម​លើក​នេះ បានបង្ហាញ​ខ្លួន​ជា​ផ្លូវការ​ហើយ បន្ទាប់ពី​ការប្រកួត​កាលពី​ថ្ងៃទី 09 ឧសភា ក្នុង​នោះ កម្ពុជា​នឹង​ត្រូវ​ប៉ះ​វៀតណាម​​។

ក្រោយពី​វគ្គ​ចែក​ពូ​ល​នៃ​វិញ្ញាសា​បាល់ទាត់​នារី​របស់​ស៊ី​ហ្គេម​លើក​ទី 32 ត្រូវបាន​បញ្ចប់ ក្រុមបាល់ទាត់​ពីរ​គូ​ដែល​ត្រូវ​ប៉ះគ្នា​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក៏ត្រូវ​បានកំណត់​រួចហើយ​ដែរ។ យោងតាម​លក្ខន្តិក ក្រុម​កម្ពុជា​ដែលជា​ប់​លេខ​ពីរ​នៅ​ពូ​ល B នឹងត្រូវ​ប្រកួត​ជាមួយ​វៀតណាម​ដែលជា​ក្រុម​ជាប់​លេខ​មួយ​នៅ​ពូ​ល A នៅក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

ចំណែក​ក្រុម​ថៃ​ដែល​ជាប់​លេខ​មួយ​នៅ​ពូ​ល B នឹងត្រូវ​ប្រកួត​ជាមួយ​​​ក្រុម​មី​យ៉ាន់​ម៉ា​ដែល​ជាប់​លេខ​ពីរ​នៅ​ពូ​ល A នៅ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។ ការប្រកួត​ទាំងពីរ​គូ​ខាងលើនេះ​នឹងត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី 12 ឧសភា​ខាងមុខ។

ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា បាន​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​លើកដំបូង​នៅ​ស៊ី​ហ្គេម និង​បាន​លឿន​ជាង​មួយ​ជើង។ នេះ​គឺជា​ប្រវត្តិសាស្ត្រ​ដ៏​លេចធ្លោ​របស់​ក្រុមបាល់ទាត់​នារី​​ជម្រើស​ជាតិ​របស់​កម្ពុជា​។

នៅក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ ទោះជា​មានសង្ឃឹម​តិចតួច​ក៏ដោយ តែបើ​សិន​ឈ្នះ​ក្រុម​វៀតណាម ដែលជា​ម្ចាស់​ជើងឯក​ស៊ី​ហ្គេម ក្រុម​កម្ពុជា​នឹងមាន​ភាគរយ​ខ្ពស់​ដែល​ត្រូវ​ប៉ះ​ថៃ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ក្នុង​ករណី​ចាញ់​ ក្រុម​​កម្ពុជា​នឹង​​នៅមាន​ឱកាស​​ក្នុងការ​ដណ្ដើមមេដាយ​សំរឹទ្ធ​។

Advertisement