ទិដ្ឋភាព​ស្ទើរតែ​មិន​ធ្លាប់​មាននៅ​កម្ពុជា ទាក់ទិន​នឹង​ការគាំទ្រ​វិស័យ​បាល់ទាត់

មនុស្ស​រាប់ពាន់នាក់​ប្រមូលផ្ដុំ​គ្នា​នៅ​ទីតាំង​ចែក​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​បា​ល់​ទាត់​របស់​​ក្រុម​ជម្រើសជាតិ​បុរស និង​នារី​កម្ពុជា នៅ​ស៊ី​ហ្គេម​លើក​ទី 32។

បើទោះជា​​ថ្ងៃ​ក្ដៅ​​ខ្លាំង មនុស្ស​រាប់ពាន់នាក់​ដែលជា​អ្នកគាំទ្រ​របស់​កម្ពុជា នៅ​តែ​ប្រមូលផ្ដុំ​គ្នា​​លើ​ផ្លូវ​តាំងពីព្រឹក​ព្រលឹម ថ្ងៃទី 06 ឧសភា 2023 ដើម្បី​រង់ចាំ​ទទួល​សំបុត្រ​ដោយ​មិន​គិត​ថ្លៃ​ពី​សហព័ន្ធ​បាល់ទាត់​កម្ពុជា (FFC) ​ សម្រាប់​ការ​ចូល​ទស្សនាការ​ប្រកួត​បា​ល់​ទាត់​របស់​ក្រុម U-22 និង​ក្រុម​នារី​របស់​កម្ពុជា​នា​ពេល​ខាង​មុខ​។

ទិដ្ឋភាព​មនុស្ស​រាប់ពាន​នាក់​ប្រជ្រៀត​គ្នា​នេះ ធ្វើឱ្យ​មនុស្ស​មួយចំនួន​មានការ​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព សុខភាព​របស់​បងប្អូន​កូនចៅ​ដែល​ទៅកាន់​កន្លែង​ចែក​សំបុត្រ ព្រោះថា មនុស្ស​មាន​ចំនួន​ប្រើ​ន ខណៈ​កម្ដៅថ្ងៃ​ក៏​កាន់តែ​ក្ដៅ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ សមត្ថកិច្ច​ក៏​បាន​បង្ហាញ​​វត្តមាន​នៅ​ខាង​មុខ​កន្លែង​ចែកសំបុត្រ និង​បាន​រៀប​ចំសណ្ដាប់​ធ្នាប់​ដើម្បី​បង្ការ​បញ្ហា​ណាមួយ​កើត​ឡើង​ជា​យថាហេតុ​។

នៅ​ស៊ីហ្គេម​លើក​ទី 32 គិត​ត្រឹម​ម៉ោង 12 ថ្ងៃត្រង់ ថ្ងៃទី 06 ខែឧសភា ឆ្នាំ 2023 នេះ ម្ចាស់​ផ្ទះ​កម្ពុជា​ដណ្ដើម​បាន​មេដាយ​មាស​ចំនួន 6 គ្រឿង ឈរ​លើ​កំពូល​តារា​ង​ចំណាត់​ថ្នាក់​ ខណៈ​ដែល​មេដាយ​សរុប​ កម្ពុជា​រក​បាន​ 12 គ្រឿង​។

Advertisement