អត្ត​ព​លិ​ក​កម្ពុជា «ហោះ» ទៅលើ​​អាកាស​ អុជ​ព្រះ​អគ្គិ​ជ័យ​ស៊ី​ហ្គេម​លើក​ទី 32 បញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា​ចាប់ផ្ដើម​ជា​ផ្លូវការ

អត្តពលិកកម្ពុជា «ហោះ» ទៅលើអុជព្រះអគ្គិជ័យស៊ីហ្គេមលើកទី 32

ទិដ្ឋភាព «ហោះ​ឡើង» ទៅ​អុជ​ព្រះ​អគ្គិ​ជ័យ​កីឡា​ស៊ី​ហ្គេម របស់​កីឡាការិនី​តៃ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី បាន​បិទ​បញ្ចប់​ពិធី​សម្ពោធ​បើក​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (ស៊ី​ហ្គេម) លើក​ទី 32 កាលពី​យប់​ថ្ងៃទី 05 ឧសភា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។

ប៉ុន្មាន​សប្ដាហ៍​មុន​នោះ ព្រះ​អគ្គិ​ជ័យ​កីឡា (ភ្លើង​គប់) ស៊ី​ហ្គេម ត្រូវបាន​យក​អណ្ដាតភ្លើង​ពី​ពន្លឺព្រះអាទិត្យ​នៅ​ប្រាសាទអង្គរវត្ត។ នៅឯ​ទីលាន​បាល់ទាត់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ពេល​ទទួលបាន​ព្រះ​អគ្គិ​ជ័យ​កីឡា​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា កំពូល​កីឡាការិនី​ជូ​ជិត​ស៊ូ (Jujutsu) របស់ កម្ពុជា កញ្ញា ខាន់ ជេ​សា  (Jessa Khan) ក៏​កាន់​រត់​ចុះ​ទៅលើ​ឆាក ហើយ​ប្រគល់ជូន​ជើងឯក​កីឡាការិនី​ប៉េតង់​ពិភពលោក កែ ឡេង។ បន្ទាប់ពី​បាន​ឆ្លងកាត់​ដៃ​របស់​អត្ត​ព​លិ​ក​ឆ្នើម​ជាច្រើនរូប​របស់​កម្ពុជា ព្រះ​អគ្គិ​ជ័យ​កីឡា​ក៏បាន​ទៅដល់​ដៃ សន សៀវ​ម៉ី ដើម្បីឱ្យ​កំពូល​កីឡាការិនី​តៃ​ក្វាន់​ដូ​រូបនេះ ធ្វើ​សកម្មភាព​ចុងក្រោយ​នៃ​ការអុជ​ព្រះ​អគ្គិ​ជ័យ​កីឡា។

សន សៀវ​ម៉ី អាយុ 27 ឆ្នាំ មាន​កម្ពស់ 1.83 ម៉ែត្រ គឺជា​និមិត្តរូប​នៃ​ជោគជ័យ​របស់​វិស័យ​កីឡា​កម្ពុជា។ សៀវ​ម៉ី ធ្លាប់​ដណ្ដើមបាន​មេដាយមាស​បី​គ្រឿង​នៅ​ស៊ី​ហ្គេម​ឆ្នាំ 2013, 2017, 2019 ហើយក៏​ជា​អត្ត​ព​លិ​ក​កម្ពុ​ជាដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ដណ្ដើមបាន​មេដាយមាស​នៅ​ព្រឹត្តិការណ៍​កីឡា​អាស៊ី (ASIAD) លើក​ទី 17 នៅ Incheon ឆ្នាំ 2014។

នៅក្នុង​ឈុត​អុជ​ព្រះ​អគ្គិ​ជ័យ ខ្សែកាប​បាន​ជួយ​ឱ្យ សៀវ​ម៉ី ដែលមាន​គប់​នៅ​នឹង​ដៃ «ហោះ​ឡើង» លើ​អាកាស ទៅ​ក្បែរ​ទីតាំង​អេក្រង់ hologram ដែល​បន្ទាប់មក​បញ្ចាំង​ទស្សនីយភាព​ដុំ​ភ្លើង​ដ៏​អស្ចារ្យ មុនពេល​នាគ​ទេព​បង្ហាញខ្លួន និង​លេប​យក ហើយ​ព្រួស​បាល់​ភ្លើង​សំដៅ​គប់​ស៊ី​ហ្គេម។ អណ្ដាតភ្លើង​ស៊ី​ហ្គេម​ក៏​ឆេះ​ឡើង​នៅលើ​វិមាន​អគ្គិ​ជ័យ​កីឡា​របស់​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ បញ្ជាក់ថា ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី 32 បានចាប់ផ្ដើម​ជា​ផ្លូវការ។

ឈុត​ឆាក​អុជ​ព្រះ​អគ្គិ​ជ័យ​ស៊ី​ហ្គេម​នេះ​ក៏បាន​បិទ​បញ្ចប់​ពិធី​សម្ពោធ​បើក​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32 ដែល​ធ្វើឡើង​រយៈពេល 150 នាទី កាលពី​យប់​ថ្ងៃទី 05 ឧសភា 2023 ផងដែរ៕

កីឡាការិនី​តៃ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី
កីឡាការិនី​តៃ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី «ហោះឡើង»
កីឡាការិនី​តៃ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី «ហោះឡើង»
អណ្ដាតភ្លើង​ស៊ី​ហ្គេម​ក៏​ឆេះ​ឡើង​នៅលើ​វិមាន​អគ្គិ​ជ័យ​កីឡា​របស់​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ

មហា​ទស្សនីយភាព​នៅ​មុន​ពិធី​អុជ​ព្រះអគ្គិជ័យ​កីឡា ៖

 

Advertisement