ថ្ងៃ​ទី 05 ឧសភា​នេះ កម្ពុជា​សម្ពោធ​បើក​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32 ជា​ផ្លូវការ

ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ

ពិធី​សម្ពោធ​បើក​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី 32 ជា​ផ្លូវការ​នេះ នឹងត្រូវ​ធ្វើឡើង​នា​វេលា​ម៉ោង 19 នៅឯ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ស្ថិតក្នុង​រាជធានី​ភ្នំពេញ។

មកដល់​បច្ចុប្បន្ន ម្ចាស់ផ្ទះ​កម្ពុជា​នៅតែ​មិន​បញ្ចេញ​ព័ត៌មាន​លំអិត​អំពី​កម្មវិធី និង​ការសំដែង​នានា​នៅក្នុង​ពិធី​​សម្ពោធ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32 ក្រៅតែពី​ពេលវេលា ទីតាំង និង​បណ្ដា​មន្ត្រីជាន់ខ្ពស់​ដែល​អញ្ជើញ​ចូលរួម។ ក្រុម​អ្នកយកព័ត៌មាន​ក៏​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​ទស្សនា​ការហាត់​សម ព្រោះ​គណៈកម្មការ​ស៊ី​ហ្គេម​ចង់​បង្កើត​កម្មវិធី​ដ៏​ទាក់ទាញ​មួយ​ទៅតាម​ស្ដង់ដា​អូឡាំពិក។

ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ គណៈ​កម្មាធិការ​​ជាតិ CAMSOC កាលពី​ថ្ងៃទី 24 មេសា បានឱ្យដឹងថា កម្ពុជា​ត្រូវតែ​ប្រារព្ធ​ពិធី​សម្ពោធ​បើក​ព្រឹត្តិការណ៍​ប្រកប​ដោយ​ការទាក់ទាញ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ទៅតាម​ស្ដង់ដា​អូឡាំពិក ពុំមែន​លំដាប់​តំបន់​ដូច​​ប្រទេស​ដទៃ។ គ្រប់គ្នា​នឹង​បានឃើញ​ចំណុច​ដ៏​អស្ចារ្យ​របស់​ពិធី​នេះ។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តោ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​មិន​យក​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​ពិធី​សម្ពោធ​នេះ​ផងដែរ។ សម្ដេច​មាន​ប្រសា​សន៍​ថា មនុស្ស​ជាង​កន្លះ​លាន​នាក់​ចង់​ចូល​ទស្សនា ប៉ុន្តែ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ អាចដាក់​មនុស្ស​បានតែ​ពី 60,000 ទៅ 70,000 នាក់​ប៉ុណ្ណោះ។ ទោះជា​យ៉ាងណាក៏ដោយ បញ្ហា​នេះ​ត្រូវបាន​ដោះស្រាយ​តាមរយៈ​ការដំឡើង​ឆាក​បញ្ចាំង​ស្លាយ​ផ្សាយ​បន្ត​ផ្ទាល់​នៅតាម​បណ្ដា​ខេត្ត-ក្រុង​។

ទីលាន​បាល់ទាត់​មរតក​តេ​ជោ ស្ថិតក្នុង​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ នៅ​សង្កាត់​ព្រែ​កតាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ត្រូវបាន​សម្ពោធ​ការដ្ឋាន​សាងសង់​កាលពី​ខែសីហា 2017 ហើយ​បួន​ឆ្នាំ​ក្រោយមក​ក៏បាន​សម្រេច​ជា​ស្ថាពរ។ ការចំណាយ​សម្រាប់​ការសាងសង់​ពហុ​កីឡដ្ឋាន​នេះ​គឺ​ប្រហែល 160 លាន​ដុល្លារ​អាម៉េរិក ជា​ជំនួយ​របស់​ប្រទេស​ចិន។

យោងតាម​គេហទំព័រ​ស៊ី​ហ្គេម​លើក​ទី 32 ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​នៅ​កម្ពុជា មាន​សមាជិក​ចូលរួម​ប្រហែល 12,000 នាក់ មកពី 11 ប្រតិភូ ដោយ​មិនទាន់​រាប់បញ្ចូល​ក្រុម​អាជ្ញាកណ្ដាល។ អ្នកយកព័ត៌មាន​ជាង 2,000 នាក់​ក៏បាន​ទទួល​កាត​ចុះឈ្មោះ​ចូល​យក​ព័ត៌មាន ក្នុងនោះ​មាន 907 នាក់​មកពី​បរទេស។

ស៊ី​ហ្គេម​លើក​ទី 32 ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ និង​ទីក្រុង​បួន​ផ្សេងទៀត ចាប់ពី​ថ្ងៃទី 29 មេសា​ដល់ 16 ឧសភា ដោយមាន​កីឡា 36 ប្រភេទ ចែកជា 584 វិញ្ញាសា។ កាលពី​ថ្ងៃទី 04 ឧសភា គណៈកម្មការ​ស៊ី​ហ្គេម​បានប្រគល់​មេដាយ​ចំនួន 9 គ្រឿង​ដំបូង​ជូន​អត្តពលិក​ ក្នុងនោះ​ម្ចាស់ផ្ទះ​កម្ពុជា​នាំមុខគេ​ដោយ​ដណ្ដើមបាន​មេដាយមាស​ប្រាំ​គ្រឿង។ ហ្វ៊ី​លី​ពី​ន​ដណ្ដើមបាន​មេដាយមាស​ពីរ​គ្រឿង ខណៈ​ថៃ និង​ឡាវ​ទទួលបាន​មួយគ្រឿង ពី​ប្រភេទ​កីឡា​គុន ជូ​ជិត​ស៊ូ (Jujutsu) និង​ល្បុក្កតោ។

នៅក្នុង​ថ្ងៃទី 05 ឧសភា​នេះ ស៊ី​ហ្គេម​លើក​ទី 32 នឹងមិនមាន​ការប្រកួត​កីឡា​ណាមួយ​ឡើយ ដោយ​ផ្ដោតទៅលើ​តែ​ពិធី​សម្ពោធ​ជា​ផ្លូវការ។

បទ​ចម្រៀង​ផ​ផ្លូវការ​របស់​ស៊ី​ហ្គេម​លើក​នេះ​គឺ​បទ Cambodian Pride ដែល​បច្ចុប្បន្ន​​ចំនួន​​​អ្នក​ចូល​មើល​​បាន​កើន​ឡើង​ដល់​ជាង 65 លាន​លើក​នៅលើ YouTube ក្រោយពី​បង្ហោះ​បាន​ជាង​បី​សប្ដាហ៍។ រូបតំណាង​ស៊ី​ហ្គេម​លើក​ទី 32 គឺ​កូន​ទន្សាយ​ពីរ​ក្បាល មួយ​ឈ្មោះ រំដួល និង​មួយ​ឈ្មោះ បុរី។

ចំណែក​ពិធី​បិទ​ស៊ី​ហ្គេម​លើក​ទី 32 វិញ នឹងត្រូវ​ធ្វើឡើង​ក្នុង​​ថ្ងៃទី 17 ឧសភា នៅឯ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ៕

Advertisement