Cristiano Ronaldo ដណ្ដើមបាន​តំណែង «ស្ដេច​រកប្រាក់» របស់ Lionel Messi

Cristiano Ronaldo នាំមុខគេ​នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​ស្ដីពី​កីឡាករ​ដែល​រកប្រាក់​បាន​ច្រើនជាងគេ​លើ​ពិភពលោក​ សម្រាប់​ឆ្នាំ​សារពើពន្ធ​ 2022-2023​។

យោងតាម​ទំព័រ Forbes កំពូល​តារាបាល់ទាត់ Ronaldo រកបាន 136 លាន​ដុល្លារ​អាម៉េរិក នៅក្នុង​ឆ្នាំសារពើពន្ធ 2022-2023។ ខ្សែប្រយុទ្ធ​របស់​ព័រទុយហ្កាល់​រូបនេះ កំពុង​នាំមុខគេ​នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​ជា​លើកដំបូង រាប់​ចាប់ពី​ឆ្នាំ 2017 និង​ជា​លើក​ទី​បី​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន​។ 136 លាន​ដុល្លារ​អាម៉េរិក ក៏​ជា​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កីឡាករ​បាល់ទាត់​មួយរូប។

ខ្ទង់​ប្រាក់​ប្រហែល 46 លាន​ដុល្លារ​នៅក្នុង​ប្រាក់ចំណូល​សរុប​របស់ Ronaldo គឺ​បានមកពី​ក្លឹប​ដែល​គាត់​លេង​ឱ្យ គឺ Man Utd និង Al Nassr។ 90 លាន​ដុល្លារ​ទៀត​គឺ​បានមកពី​វិស័យ​នានា​ដែល​នៅក្រៅ​វាលស្មៅ ក្នុងនោះ​មាន​ទាំង​ការផ្សាយពាណិជ្ជកម្ម និង​ជំនួញ។ នៅក្នុង​ប្រវត្តិសាស្ត្រ មាន​កីឡាករ​តែ​បីនាក់​ប៉ុណ្ណោះ​ដែលមាន​ប្រាក់ចំណូល​ក្រៅ​វាលស្មៅ​ច្រើនជាង 90 លាន​ដុល្លារ នោះ​គឺ Roger Federer, Tiger Woods និង Conor McGregor ។

Ronaldo បានបញ្ចប់​កិច្ចសន្យា​ជាមួយ Man Utd កាលពី​ពាក់កណ្ដាល​ខែវិច្ឆិកា 2022 និង​បាន​ចុះកិច្ចសន្យា​ជាមួយ Al Nassr ចាប់ពី​ខែមករា 2023។ យោងតាម​បណ្ដាញ​ផ្សព្វផ្សាយ ក្លឹប Al Nassr ផ្ដល់ប្រាក់​ចំណូល​ប្រហែល 200 លាន​ដុល្លារ​អាម៉េរិក/ឆ្នាំ ដល់ CR7។ ដូច្នេះ ស្ថិតិ​របស់ Forbes ស្ដីពី​ប្រាក់ចំណូល​របស់ Ronaldo ទំនងជា​នឹង​កើនឡើង​ខ្ពស់​ចាប់ពី​ឆ្នាំក្រោយ។

Cristiano Ronaldo

លំដាប់​លេខ​ពីរ​នៅក្នុង​តា​រាង​ចំណាត់ថ្នាក់​នេះ គឺ​បាន​ទៅលើ Lionel Messi។ ចំណាត់ថ្នាក់​របស់ Messi បាន​ធ្លាក់ចុះ​មួយ​កាំ​បើ​ធៀប​នឹង​ឆ្នាំ​កន្លង ប៉ុន្តែ​គាត់​នៅតែមាន​ប្រាក់ចំណូល 130 លាន​ដុល្លារ​អាម៉េរិក។ ប្រាក់ចំណូល​នៅក្នុង និង​ក្រៅ​វាលស្មៅ​របស់​កំពូល​តារា​បាល់ទាត់​អា​ហ្ស​ង់​ទីន​រូបនេះ​គឺ​ស្មើគ្នា។

ចំណាត់ថ្នាក់​លេខ​បី​បាន​ទៅលើ Kylian Mbappe ដោយ​រកបាន 120 លាន​ដុល្លារ​អាម៉េរិក។ ក្នុងនោះ 100 លាន​ដុល្លារ​បាន​ពី​ក្លឹប​បាល់ទាត់។

Kylian Mbappe (ស្ដាំ) និង Lionel Messi

កំពូល​កីឡាករ​បាល់បោះ LeBron James ឈរ​លំដាប់​លេខ​បួន ដោយ​រកបាន 119.5 លាន​ដុល្លារ ខណៈ​កំពូល​អ្នក​ប្រដាល់ Canelo Alvarez រកបាន 110 លាន​ដុល្លារ ត្រូវ​ឈរ​លេខ​ប្រាំ។

បន្ទាប់មកទៀត​គឺ កីឡាករ​វាយកូនគោល Dustin Johnson (107 លាន), កីឡាករ​វាយកូនគោល Phil Mickelson (106 លាន), តារា​បាល់បោះ Stephen Curry (100.4 លាន), កីឡាករ​វាយ​កូន​បាល់ (tennis) Roger Federer (95.1 លាន) និង​ទី​ដប់​គឺ​តារា​បាល់បោះ Kevin Durant (89.1 លាន)៕

Advertisement