អ្នកគាំទ្រ​រៀប​ចំ​​ខ្លួន​ដូច​​គ្រូបង្វឹក Honda របស់ U-22 កម្ពុជា បង្ក​ការភ្ញាក់ផ្អើល​លើ​វេទិកា​​ទស្សនិក​ជន​នៅ​ស៊ី​ហ្គេម

អ្នកគាំទ្រ​ពិសេស​មួយរូប​មកពី​ប្រទេស​ជប៉ុន ដែលមាន​រូបរាង​មុខមាត់ និង​ស្លៀកពាក់​ដូច​ទៅនឹង​គ្រូបង្វឹក Keisuke Honda របស់​ U-22 កម្ពុជា បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ពេល​បង្ហាញ​វត្តមាន​នៅឯ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32។

​ការប្រកួត​ពីរលើក​របស់ U-22 កម្ពុជា មាន​វត្តមាន​អ្នកគាំទ្រ​ពិសេស​ម្នាក់​នៅលើ​វេទិកា​សម្រាប់​ទស្សនិកជន​ក្នុង​កីឡដ្ឋាន​ជាតិ​អូឡាំពិក។ អ្នកគាំទ្រ​ដែល​មកពី​ប្រទេស​ជប៉ុន​នេះ មាន​រូបរាង​មុខមាត់​ដូច​ទៅនឹង​គ្រូបង្វឹក Keisuke Honda នៃ​ក្រុមបាល់ទាត់​បុរស​វ័យ​ក្រោម​ 22 ឆ្នាំ (U-22) របស់​​កម្ពុជា។

ពេល​បង្ហាញខ្លួន​នៅលើ​វេទិកា​ទស្សនិកជន​ភ្លាម «Honda ក្លែងក្លាយ» ក៏​ទទួលបាន​ចំណាប់អារម្មណ៍​ច្រើន​ពី​អ្នកគាំទ្រ​កម្ពុជា។ អ្នកគាំទ្រ​កម្ពុជាក៏​​ចូលចិត្ត​អ្នកគាំទ្រ​ពិសេស​រូបនេះ។

បុរស​សង្ហា​ម្នាក់នេះ តាមពិត​គឺជា Makihika ដែលជា KOL (Key Opinion Leader ឬ​អ្នកផ្ដល់យោបល់​ដែលមាន​ឥទ្ធិពល) ជនជាតិ​ជប៉ុន​មួយរូប។ Makihika ត្រូវបាន​គេ​ស្គាល់​ច្រើន​នៅលើ​បណ្ដាញ​សង្គម ដោយ​មាន​ឆា​នែ​ល TikTok និង YouTube មាន​អ្នកតាមដាន​ជាង 600,000 នាក់។

Makihika កំពុងតែ​ល្បីឈ្មោះ​ខ្លាំង ដោយសារ​មាន​រូបរាង​មុខមាត់​ដូច​ទៅនឹង​គ្រូបង្វឹក Keisuke Honda។ Makihika និយាយថា «ខ្ញុំ​គាំទ្រ Honda ទើបបានជា​តាមដាន​ដំណើរ​របស់គាត់។ ខ្ញុំ​បាន​ស្វែងយល់​អំពី​ឥរិយាបថ ការ​ស្លៀកពាក់ ការធ្វើ​ខ្លួន​របស់ Honda ដើម្បី «សំដែង» ជា​រូបគាត់»។

Makihika តែងតែ​មកកាន់​កម្ពុជា​នៅពេល​មាន​ព្រឹត្តិការណ៍​ប្រកួតធំៗរបស់​ក្រុមបាល់ទាត់​កម្ពុជា។ Makihika និយាយថា គាត់​មកកាន់​កម្ពុជា​ច្រើន​ថ្ងៃ​មកហើយ និង​មាន​វត្តមាន​នៅលើ​វេទិកា​ទស្សនិកជន​រប​ស់​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ដើម្បី​ផ្ដល់​កម្លាំងចិត្ត​ដល់ U-22 កម្ពុជា។

Makihika នឹងធ្វើ​ដំណើរ​ជាមួយ​ក្រុម U-22 កម្ពុជា ក៏ដូចជា​និមិត្តរូប Honda របស់គាត់ ​នៅក្នុង​ការប្រកួត​ទាំងឡាយ​នាពេលខាងមុខ​នៅ​ស៊ី​ហ្គេម​លើក​ទី 32 នេះ៕

Makihika
Makihika (ពាក់វ៉ែនតា)
Makihika
Makihika (ពាក់វ៉ែនតា)
Makihika
គ្រូបង្វឹក​ Honda ពិត
Advertisement