រថយន្ត​អគ្គិសនី Volvo លក់​ក្នុងតម្លៃ​ថ្លៃ ​នៅតែ​​ត្រូវ​អតិថិជន​ទិញ​អស់

តម្លៃ 8 ម៉ឺន​ដុល្លារ​អាម៉េរិក/គ្រឿង មិនអាច​រារាំង​អតិថិជន​ដែល​ចង់​ប្រើ​រថយន្ត​អគ្គិសនី​ដ៏​ទំនើប​របស់​ក្រុមហ៊ុន Volvo បានឡើយ។

ថ្មីៗនេះ បន្ទាប់ពី​ដាក់ឱ្យ​បញ្ជា​ទិញ​ជាមុន​រថយន្ត​អគ្គិសនី EX90 ក្រុមហ៊ុន​ផលិត​រថយន្ត Volvo ក៏​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​អ្នកប្រើប្រាស់ រហូត​ធ្វើឱ្យ​ក្រុមហ៊ុន​នេះ​ត្រូវ​ផ្អាក​ការលក់​បណ្ដោះអាសន្ន ព្រោះតែ​បរិមាណ​​នៃ​រថយន្ត​ដែល​ត្រូវបាន​បញ្ជា​ទិញ បាន​លើសពី​គម្រោង​នៃ​ការផលិត​លើកទីមួយ។ ប៉ុន្តែ ក្រុមហ៊ុន​បាន​សន្យាថា នឹង​បើក​លក់​ជាថ្មី​នាពេលខាងមុខ។

Volvo EX90 ត្រូវបាន​អភិវឌ្ឍ​ឡើង​ដោយយោង​ទៅតាម​តួ​រថយន្ត​អគ្គិសនី SPA2 របស់​ក្រុមហ៊ុនមេ Geely ដែល​ដូច​ទៅនឹង Polestar 3។ ក្នុងពេលដែល Polestar 3 មាន​កៅអី​ចំនួន​ប្រាំ Volvo EX90 មាន​កៅអី​អាចឱ្យ​អង្គុយ​បាន 7 នាក់។

កំណែ​មូលដ្ឋាន​របស់ Volvo EX90 ប្រើប្រាស់​ម៉ូ​ទ័​រ​អគ្គិសនី​ដែល​អាច​ផលិត​កម្លាំង​បាន 402 ​សេះ ខណៈដែល​កំណែ Performance មាន​កម្លាំង 510 ​សេះ អាច​បង្កើនល្បឿន​ពី 0-97 គីឡូម៉ែត្រ/ម៉ោង ដោយ​ប្រើពេល​តែ 4.7 វិនាទី។ កំណែ​ទាំងពីរ​នេះ​ប្រើប្រាស់​ប្រព័ន្ធ​ថ្ម​ផ្ទុក​ថាមពល 107 kWh អាចឱ្យ​បើកបរ​បាន 580 គីឡូម៉ែត្រ ទៅតាម​ស្ដង់ដា​របស់ WLTP ឬ​ប្រហែល 483 គីឡូម៉ែត្រ​ក្នុង​ការបើកបរ​ជាក់ស្ដែង។

Volvo EX90 ត្រូវបាន​បំពាក់​ប្រព័ន្ធ LiDAR ((Light Detection and Ranging) ដែលជា​សេន​ស័​រ 3D សម្រាប់​​បាញ់​វាស់​ចម្ងាយ និង​វាស់​ជម្រៅ​របស់​វត្ថុ ក៏ដូចជា​ដៅ​សម្គាល់​ភាព​ជ្រៅ​នៃ​ផ្ទៃ​លំហ​ជាដើម) រយៈ​ចម្ងាយ​ឆ្ងាយ​មួយ​គ្រៀង, រ៉ា​ដា​ប្រាំ​គ្រឿង, កាមេរ៉ា 8 គ្រឿង និង​សែន​ស័​រ​ចាប់​រលកសញ្ញា 16 គ្រឿង។ ក្រៅពីនេះ រថយន្ត​អគ្គិសនី EX90 ក៏​បំពាក់​បច្ចេកវិទ្យា​ជាច្រើន​ទៀត​នៅ​ខាងក្នុង​កាប៊ីន រួមមាន​ទាំង​អេក្រង់​ទូរទស្សន៍ 14.5 អ៊ី​ញ​ដែល​បំពាក់​កម្មវិធី​ជំនួយការ​របស់ Google ផងដែរ៕

Advertisement