U-22 ឡាវ​មាន​ការ​ជឿជាក់​ បន្ទាប់​ពី​ U-22 វៀតណាម​​បង្ហាញ​ភាព​ទន់​ខ្សោយ​​មុន​ស៊ីហ្គេម​នៅ​កម្ពុជា

នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក​របស់ U-22 វៀតណាម ជាមួយ​នឹង​​ U-22 ឡាវ ​នៅ​ល្ងាច​ថ្ងៃ​ទី 30 មេសា​នេះ​ ទស្សនិកជន​ប្រហែល​ជា​បាន​ទស្សនា​ថ្វីជើង​ល្អ​របស់​ក្រុម​ឡាវ​ ព្រោះ​តែ​ពួក​គេ​បាន​រីក​ចម្រើន​ជាង​មុន ខណៈ​ដែល​ U-22 វៀតណាម ហាក់​បាន​ថម​ថយ​កម្លាំង​មុន​ការ​ប្រកួត​នៅ​ស៊ីហ្គេម​លើក​នេះ​។

ក្រោយ​រយៈ​ពេល​ប្រាំ​ឆ្នាំ​ដែល​​លេច​ធ្លោ​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូបង្វឹក​ជន​ជាតិ​កូរ៉េខាងត្បូង Park Hang-seo ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​វៀតណាម​បច្ចុប្បន្ន​នឹង​ឈាន​ចូល​ដល់​ដំណាក់​កាល​ថ្មី​នៅ​ស៊ីហ្គេម​លើក​ទី​ 32 ដែល​ចាប់​ផ្ដើម​ដោយ​​ការ​ប្រកួត​ជាមួយ​ U-22 ឡាវ​នៅ​ឯ​កីឡដ្ឋាន​ព្រីនស៍​ នា​រាជធានី​ភ្នំ​ពេញ​ ដែលជា​ការ​ប្រកួត​ផ្លូវ​ការ​ដំបូង​របស់​ក្រុម​វៀតណាម​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូបង្វឹក​បារាំង លោក Philippe Troussier ។​

​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ក្រុម​វៀតណាម​បាន​បង្ហាញ​កម្លាំង​ដែល​ស្ទើរ​តែ​មិន​មាន​គូ​ប្រៀប​នៅ​អាស៊ី​អាគ្នេយ៍ ប៉ុន្តែ​ថ្មីៗ​នេះ ពួក​គេ​ហាក់​បាន​ថម​ថយ​កម្លាំង​ទៅ​ហើយ​ ពិសេស​គឺ​នៅ​មុន​ការ​ប្រកួត​នៅ​ស៊ីហ្កេមលើក​ទី 32 នេះ​។ នៅ​ Doha Cup កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្រុម​ជម្រើស​ជាតិ​វៀតណាម​សុទ្ធ​តែ​បរាជ័យ​។ ពេល​ត្រលប់​មក​ប្រទេស​ទាត់​មិត្ត​ភាព​ជាមួយ​ក្លឹប​ TP HCM និង​ក្លឹប​ Ba Ria – Vung Tau ក្រុម​ជម្រើស​ជាតិ​វៀតណាម​ក៏​បន្ត​ចាញ់​បួន​គ្រាប់ និង​ឈ្នះតែ​​ពីរ​គ្រាប់​។

នៅ​ស៊ីហ្គេម​លើក​ទី 30 និង 31 ក្រុម​ជម្រើស​ជាតិ​វៀតណាម​សុទ្ធ​តែ​ដណ្ដើម​បាន​មេដាយ​មាស​។ ក៏ប៉ុន្តែ ​នៅ​ស៊ីហ្គេម​លើក​នេះ ក្រុម​ជម្រើស​ជាតិ​វៀតណាម​ត្រូវ​បាន​អ្នក​ខ្លះ​យល់​ថា «បាន​ថម​ថយ​កម្លាំង​​» បើ​ធៀប​នឹង​ក្រុម​កីឡាករ​ជំនាន់​មុន​ៗ ព្រោះ​ថា ស៊ីហ្គេម​លើក​ទី 32 មិន​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​កីឡាករ​លើស​អាយុ​ ដូច្នេះ ក្រុមកីឡាករ​សំខាន់​ៗមួយ​ចំនួន​​របស់​វៀតណាម​ក៏​ត្រូវ​អវត្តមាន ស្រប​ពេល​​ដែល​ក្រុម​កីឡាករ​វ័យ​ក្មេង​បាន​បង្ហាញ​ភាព​ទន់​ខ្សោយ​នៅ​មុន​ការ​ប្រកួត​នៅ​ស៊ីហ្គេម​លើក​នេះ​។

ប្រការ​ខាងលើ​នេះ​កំពុង​តែ​ជួយ​ឱ្យ​ U-22 ឡាវ​មាន​សង្ឃឹម​នៅ​ក្នុង​ការ​ប៉ះ​ជាមួយ​ U-22 វៀតណាម ​នៅ​ល្ងាច​ថ្ងៃ​ទី 30 មេសា​នេះ ថ្វី​បើ​ពួក​គេ​មិន​ធ្លាប់​បាន​ឈ្នះ​លើ​វៀតណាម និង​ទើប​តែ​ឆ្លង​ផុត​វគ្គ​ចែក​ពូលបាន​​មួយ​លើក​នៅ​ស៊ីហ្គេម​ (2009)។

«មុន​នោះ យើង​មាន​គម្លាត​ឆ្ងាយ​ពីវៀតណាម ប៉ុន្តែ​ចាប់​ពី​ប្រហែល​មួយ​ឆ្នាំ​កន្លង ឡាវ​ចាប់​ផ្ដើម​រីក​ចម្រើន​ ហើយ​យើង​សង្ឃឹម​ថា​នឹង​ធ្វើ​ឱ្យ​វៀតណាម​ភ្ញាក់​ផ្អើល​» គ្រូបង្វឹក Michael Weiss និយាយ​នៅ​ក្នុង​សន្និសិទ​សារព័ត៌មាន​កាល​ពី​ថ្ងៃទី 29 មេសា​ដូច្នេះ​។

U-22 ឡាវ​នៅ​តែ​មាន​វត្តមាន​របស់​ក្រុម​កីឡាករ​ច្រើន​រូប​ដែល​បាន​ទាត់​នៅ​ស៊ីហ្កេម​លើក​ទី 31 ក្នុង​នោះ​មាន​កីឡាករ​ដើម​កំណើត​វៀតណាម​ពីរ​រូប​ផងដែរ​។ ជាង​នេះ​ ពួក​គេ​ថែម​ទាំង​មាន​កីឡាករ​ឡាវ​ដើម​កំណើត​បរទេស​បី​រូប​ផ្សេង​ទៀត​ដែល​កំពុង​ទាត់​ឱ្យ​អាល្លឺម៉ង់ អាម៉េរិក និង​បារាំង​។ ទាំង​នេះ​គឺជា​ក្ដី​សង្ឃឹម​មួយ​ផ្សេង​ទៀត​សម្រាប់​ឡាវ​។

Advertisement