គ្រូបង្វឹក​​ក្រុម​បាល់​ទាត់ U-22 របស់​ឥណ្ឌូណេស៊ី សរសើរ​ចំពោះ​ទីលាន​បាល់ទាត់​នៅ​កម្ពុជា

ក្រុម​បាល់​ទាត់ U-22 ឥណ្ឌូណេស៊ី ហ្វឹកហាត់​នៅ​ទីលាន​របស់​ក្លឹប​វិសាខា

គ្រូបង្វឹក Indra Sjafri នៃ​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាយុ​ក្រោម 22 ឆ្នាំ​ (U-22) របស់​ប្រទេស​ឥណ្ឌូណេស៊ី មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ហេដ្ឋារចនា​សម្ព័ន្ធ​សម្រាប់​បាល់​ទាត់​នៅ​ស៊ីហ្គេម​លើក​ទី 32 របស់​ម្ចាស់​ផ្ទះ​កម្ពុជា​។

U-22 ឥណ្ឌូណេស៊ី ត្រូវ​បាន​រៀប​ចំ​ឱ្យ​ហ្វឹក​ហាត់​នៅ​ទីលាន​របស់​ក្លឹបវិសាខា​ ក្រោយ​ពី​បាន​មក​ដល់​កម្ពុជា។ ថ្វីបើ​ទីលាន​នេះ​នៅ​ឆ្ងាយ​ពី​សណ្ឋាគារ​ភ្នំ​ពេញ​ដែល​ក្រុម​ឥណ្ឌូណេស៊ី​ស្នាក់​នៅ ប៉ុន្តែ ជំនួស​មក​វិញ វាល​ស្មៅ​របស់​ទីលាន​នេះបាន​ធ្វើ​ឱ្យ​គ្រូបង្វឹក​ Indra Sjafri មាន​ការ​ពេញ​ចិត្ត​។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពីពេល​ថ្មី​ៗ​នេះ ​គ្រូបង្វឹក​ Indra Sjafri និយាយ​ថា «ខ្ញុំមាន​ការ​ភ្ញាក់ផ្អើល។ ឆ្នាំ 2019 ខ្ញុំ​បាន​ទៅ​ដល់​ទីនោះ វា​ជា​វាលស្មៅ​សិប្បនិម្មិត​ តែ​ពេល​នេះ​គឺជា​ស្មៅ​ធម្មជាតិ​។ នោះ​គឺជា​ការ​ផ្លាស់​ប្ដូរ​ធំ ហើយ​ផ្ទៃ​របស់ទីលាន​នេះ​ល្អ​ណាស់​»។

​គ្រូបង្វឹក​ Indra Sjafri ក៏​ពេញ​ចិត្ត​នឹង​គុណភាព​របស់​ទីលាន​ប្រកួត​ នៅ​ពេល​រួមដំណើរ​ជាមួយ​ក្រុម​កូន​សិស្ស​ ធ្វើ​ទស្សនកិច្ច​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ ជា​ទី​ដែល​នឹង​មាន​ការ​ប្រកួត​របស់​បណ្ដា​ក្រុម​នៅ​ពូល A ។

នៅ​ថ្ងៃ​ទី 29 មេសា​នេះ ឥណ្ឌូណេស៊ី​នឹង​ប្រកួត​បើក​ឆាក​ជាមួយ​ហ្វ៊ីលីពីន វេលា​ម៉ោង 16​ ល្ងាច​។ ម៉ោង 19 ក្បាល​ព្រលបនៃ​ថ្ងៃ​ដដែល​ ម្ចាស់ផ្ទះ​កម្ពុជា​នឹង​ប្រកួត​ជាមួយ​ទីម័រខាងកើត​។

Advertisement