បណ្ដាញស្ថានីយ​ប្រេង​ក្នុង​ទី​​អវកាស​នឹង​បង្ហាញ​ខ្លួន​ក្នុង​ពេល​អនាគត

ក្រុមហ៊ុន Orbit Fab កំណត់​គោលដៅ​សាងសង់​ស្ថានីយ​ឥន្ធនៈ​អវកាស​ជាច្រើន​កន្លែង ដោយ​សង្ឃឹមថា បច្ចេកវិទ្យា​ចាក់​សាំង​ក្នុង​ទី​អវកាស​នឹង​ជួយ​ជំរុញ​​វិស័យ​ផ្កាយរណប​​ឱ្យ​រីកចម្រើន​ជាង​មុន។

ផ្ទាំង​សូ​ឡា​ដែល​បំពាក់​លើ​ផ្កាយរណប​អាចបង្កើត​អគ្គិសនី​សម្រាប់​កាមេរ៉ា ឬ​វិទ្យុ ប៉ុន្តែ​មិនអាច​ជួយ​ផ្កាយរណប​ ​កែប្រែ​គន្លង​គោចរ នេះ​បើតាម Daniel Faber សហ​ស្ថាបនិក​ដែល​បាន​បង្កើត​ក្រុមហ៊ុន Orbit Fab កាលពី​ឆ្នាំ 2018។ ដើម្បីឱ្យ​ផ្កាយរណប​ហោះហើរ​ចំ​គន្លង​គោចរ ក្រុម​អ្នកជំនាញ​ត្រូវ​ប្រើប្រាស់​ឥន្ធនៈ​ដើម្បី​កែប្រែ​ទីតាំង​របស់​ពួកវា។ ដូច្នេះ អាយុកាល​របស់​ផ្កាយរណប​ក៏ត្រូវ​បានកំណត់​ដោយ​បរិមាណ​ឥន្ធនៈ​ដែល​អ្នកវិទ្យាសាស្ត្រ​បាន​បំពាក់​ឱ្យ​ពួកវា​នៅមុន​ពេល​បាញ់​បង្ហោះ​។

យោងតាម AFP ចុះផ្សាយ​កាលពី​ថ្ងៃទី 27 មេសា ក្រុមហ៊ុន Orbit Fab មាន​ផែន​ការបាញ់​បង្ហោះ​អាងធំៗឡើងទៅ​កាន់​គន្លង​តារាវិថី ក្នុងនោះ អាងនីមួយៗមាន​ឥន្ធនៈ​រាប់​តោន។ ក្រោយមក យានតូចៗ និង​ងាយស្រួល​បញ្ជា​នឹង​ផ្លាស់​ទី​ទៅមក​រវាង​អាង​ផ្ទុក​ឥន្ធនៈ និង​ផ្កាយរណប​ដើម្បី​ចាក់​ប្រេង។

ដូច​ទៅនឹង​រថយន្ត ផ្កាយរណប​ដែល​ចង់​ចាក់​ប្រេង​បន្ថែម​ពី Orbit Fab គឺ​ត្រូវតែមាន​ប្រព័ន្ធ​ចាក់​ប្រេង​សមស្រប។ Faber បានឱ្យដឹងថា ផ្កាយរណប​ប្រហែល​ពី 200 ទៅ 250 គ្រឿង ត្រូវបាន​រចនា​ដើម្បី​អាច​ប្រើប្រាស់​បណ្ដាញ​ស្ថានីយ​ប្រេងអវកាស​​របស់ Orbit Fab ។ នេះ​គឺជា​ទីផ្សារ​ដ៏​មាន​សក្ដានុពល ព្រោះថា​ មាន​ផ្កាយរណប​រហូតដល់ 24,500 គ្រឿង​គ្រោង​នឹងត្រូវ​បាញ់​បង្ហោះ​ចន្លោះ​ពី​ឆ្នាំ 2022 ដល់ 2030។

Orbit Fab បាន​បាញ់​បង្ហោះ​អាង​ផ្ទុក​ឥន្ធនៈ​មួយ​ឡើងទៅ​កាន់​គន្លង​គោចរ ហើយ​គ្រោង​នឹងធ្វើ​តេស្ត​លើ​ការចាក់​ប្រេង​នាពេលខាងមុខ។

ផលប្រយោជន៍​នៃ​ការចាក់​ប្រេង​ក្នុង​ទី​អវកាស​គឺ​ការកាត់បន្ថយ​ទម្ងន់​របស់​ផ្កាយរណប​នៅពេល​បាញ់​បង្ហោះ​ដោយសារតែ​ការ​កាត់បន្ថយ​ឥន្ធនៈ និង​ជួយ​បង្កើន​អាយុកាល​របស់​ផ្កាយរណប់។

ក្រៅពី​ផ្កាយរណប Orbit Fab ក៏​ឆ្ពោះទៅរក​ការផ្ដល់សេវា​កម្មដ​ល់ប​ណ្ដា​ស្ថានីយ​អវកាស​ឯកជន​ផងដែរ។ ក្រុមហ៊ុន​ក៏​យកចិត្តទុកដាក់​លើ​ទីផ្សារ​នៅលើ​ផ្ទៃ និង​នៅលើ​គន្លង​តារាវិថី​របស់​ព្រះ​ចន្ទ​ ដោយ​ការ​​ផ្ដោតលើ​ការកែច្នៃ​វត្ថុធាតុដើម​ឱ្យទៅជា​ឥន្ធនៈ ហើយ​ផ្គត់ផ្គង់​ដល់​អតិថិជន៕

Advertisement