U-22 ថៃ ទទួល​ព័ត៌មាន​ល្អមុន​ពេល​មក​កម្ពុជា ៖ កំពូល​កីឡាករ Jonathan Khemdee នឹងបង្ហាញ​មុខ​​នៅ​ស៊ី​ហ្គេមលើក​ទី 32

ក្លឹប Ratchaburi បាន​យល់​ព្រមឱ្យ​ខ្សែការ​ពារ​ Jonathan Khemdee មក​ប្រកួត​ឱ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​វ័យ​ក្រោម 22 ឆ្នាំ​របស់​ប្រទេស​នៅ​ស៊ី​ហ្គេម​លើក​ទី 32 នាពេលខាងមុខ។

ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ 29 នាក់​របស់ U-22 ថៃ ដែល​ត្រៀមខ្លួន​សម្រាប់​ស៊ី​ហ្គេម​នៅ​កម្ពុជា Jonathan Khemdee ត្រូវបាន​ចាត់ទុកថា​ជា​ខ្សែការ​ពារ​​មិនអាច​ជំនួស​បាន​របស់​ក្រុម​ជម្រើសជាតិ​ថៃ។ កន្លងមក បើទោះជា​មានឈ្មោះ​ក្នុង​បញ្ជី​កោះហៅ ប៉ុន្តែ គ្រូបង្វឹក​ថៃ Issara Sritaro នៅតែ​មិនទាន់​ប្រាកដថា នឹងមាន​វត្តមាន​រប​ស់​កំពូល​កីឡាករ​រូបនេះ​នៅ​ស៊ី​ហ្គេម។

ក៏ប៉ុន្តែ ចុងក្រោយ ដំណឹង​ល្អ​សម្រាប់ U-22 ថៃ ក៏បាន​លេចឡើង នៅពេល​ក្លឹប​ចំនួន​បី គឺ Ratchaburi FC, Samut Prakan City និង Chonburi FC បាន​យល់ព្រម​អនុញ្ញាតឱ្យ​កីឡាករ​របស់ខ្លួន​មក​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​ទី 32។ នេះ​មានន័យថា Jonathan Khemdee របស់​ក្លឹប Ratchaburi ប្រាកដជា​បង្ហាញ​វត្តមាន​នៅលើ​វាលស្មៅ​របស់​កម្ពុជា។

ទោះយ៉ាងណា​ក៏ដោយ Jonathan Khemdee ទំនងជា​មិនអាច​ធ្វើដំណើរ​មក​កម្ពុ​ជា​នៅ​ថ្ងៃទី 20 មេសា ដំណាលគ្នា​នឹង​ក្រុម​ជម្រើសជាតិ​ថៃ តែ​អាច​ធ្លាក់​ទៅដល់​ថ្ងៃទី 26 មេសា ព្រោះ​ជាប់​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ League Cup។ លើសពីនេះ បើសិនជា​ក្លឹប Ratchaburi ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ វត្តមាន​របស់ Jonathan Khemdee ក៏​អាច​យឺត​ជាង​នេះ។

Jonathan Khemdee (ឆ្វេង) ប្រាកដជាបង្ហាញវត្តមាននៅស៊ីហ្គេមលើកទី 32

Jonathan Khemdee ដែលមាន​ស្រុកកំណើត​នៅ​ប្រទេស​ដា​ណឺ​ម៉ាក គឺជា​កីឡាករ​ឆ្នើម​ដែល​ពិបាក​រក​មនុ​ស្សមក​ជំនួស​បាន​នៅក្នុង​តំណែង​ខ្សែការពារ។ កីឡាករ​កើត​ឆ្នាំ 2002 នេះ បាន​ចូលរួម​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ U-23 អាស៊ី ឆ្នាំ 2022 និង​ទាត់​ជា​កីឡាករ​ជម្រើស​ដំបូង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ស៊ី​ហ្គេម​លើក​ទី 31 ដែល​​ថៃ​បាន​ប៉ះ​វៀតណាម​កាលពី​ឆ្នាំមុន ក៏ដូចជា​ទើបតែ​បានបង្ហាញ​ភាពលេច​ធ្លោ​នៅ Doha Cup 2022 ដោយ​រកបាន​ពីរ​គ្រាប់​ក្នុង​បី​ប្រកួត​របស់​ថៃ​នៅ​​ពានរង្វាន់​នេះ។

ថៃ​​ចាញ់​វៀតណាម 0-1 ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ស៊ីហ្គេម​លើក​ទី 31

នៅ​ស៊ី​ហ្គេម​លើក​នេះ U-22 ថៃ ស្ថិតក្នុង​ពូ​ល B ជាមួយនឹង​វៀតណាម ម៉ាឡេស៊ី សិង្ហ​បុរី និង​ឡាវ។ នៅក្នុង​ជុំ​ចុងក្រោយ​នៃ​វគ្គ​ចែក​ពូ​ល ក្រុម​ដំរី​ប្រយុទ្ធ​នឹងត្រូវ​ប៉ះ​ម្ចាស់​ជើងឯក U-22 វៀតណាម ដែល​នេះ​អាច​និយាយបានថា គឺ​ជា​ការ​ប្រកួត​ដណ្ដើម​មេដាយមាស​ឡើង​វិញ​កាលពី​មួយឆ្នាំ​មុន ជាទី​ដែលថៃ​បាន​ចាញ់​វៀតណាម 0-1 ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​៕

Advertisement