ក្រុម​ហ៊ុន​ Geely ​​ដាក់​បង្ហាញ​​ឡាន​ហោះ​អគ្គិសនី​ធំ​បំផុត​នៅ​ប្រទេស​ចិន

ឡាន​ហោះ​អគ្គិសនី​គំរូ​ដែល​ហោះ​ឡើង និង​ចុះចត​ដោយ​ត្រង់ AE200 ដែលមាន​ស្លាប​ប្រវែង 14.5 ម៉ែត្រ កាលពី​ថ្ងៃទី 06 មេសា ត្រូវ​បានដាក់​បង្ហាញ​ជា​លើកដំបូង​នៅក្នុង​ខេត្ត Sichuan ភាគ​និរតី​ប្រទេស​ចិន។

ឡាន​ហោះ​មាន​មនុស្ស​បើក AE200 ត្រូវបាន​អភិវឌ្ឍ​តែឯង​ដោយ Aerofugia ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ផលិត​រថយន្តចិន​ Geely។ កាលពី​ថ្ងៃទី 06 មេសា ឡាន​ហោះ​នេះ​ត្រូវ​បានដាក់​បង្ហាញ​ជា​លើកដំបូង​នៅ​ទីក្រុង Chengdu របស់​ខេត្ត Sichuan។

AE200 គឺជា​ឡាន​ហោះ​អគ្គិសនី​ប្រភេទ​ហោះ​ឡើង និង​ចុះចត​ត្រង់ ធំជាងគេ​បង្អស់ និង​បានធ្វើ​ការសាកល្បង​ហោះហើរ​លើកដំបូង​នៅ​ប្រទេស​ចិន។ ឡាន​ហោះ​នេះ​មាន​កម្ពស់ 3.5 ម៉ែត្រ បណ្ដោយ 9.5 ម៉ែត្រ និង​ស្លាបមាន​ប្រវែង 14.5 ម៉ែត្រ អាច​ដឹក​មនុ​ស្សបាន​ប្រាំ​នាក់។

ដងខ្លួន​របស់​ឡាន​ហោះ​នេះ​ធ្វើ​អំពី​វត្ថុ​ធាតុ composite ដែល​ជួយ​កាត់បន្ថយ​សំឡេង​រំខាន។ ក្នុង​អនាគត AE200 អាច​ហោះហើរ​លើ​កម្ពស់​ចាប់ពី 300 ដល់ 1,000 ម៉ែត្រ និង​ហោះ​បាន​ចម្ងាយ​ពី 200 ដល់ 300 គីឡូម៉ែត្រ ក្នុង​ល្បឿន 250 គីឡូម៉ែត្រ/ម៉ោង។

នៅពេល​មាន​វត្តមាន​ក្នុង​ទីផ្សារ​ជា​ផ្លូវការ ឡាន​ហោះ​អគ្គិសនី AE200 នឹងត្រូវ​បានដាក់​ឱ្យ​ដំណើរការ​ហោះហើរ​រវាង​ទីក្រុង និង​ទីក្រុង៕

Advertisement