កីឡាបាល់ទាត់​លើ​តុ​ដែល​ប្រកួត​នៅ​បុ​រេ​ស៊ី​ហ្គេម​លើក​ទី 32 មាន​បួន​ប្រទេស​ចូលរួម

ព្រឹត្តិការណ៍​បុ​រេ​ការប្រកួត​កីឡាបាល់ទាត់​លើ​តុ នឹងត្រូវ​បានរៀបចំ​ប្រកួត​ឡើង​នៅ​ទីលាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ ដើម្បី​ត្រៀម​សម្រាប់​ចូលរួម​ដណ្ដើម​មេដាយ​នៅ​ស៊ី​ហ្គេម​លើក​ទី 32 នា​ខែឧសភា 2023 ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។

យោងតាម​ទំព័រ Cambodia2023 ព្រឹត្តិការណ៍​បុ​រេ​ការប្រកួត​កីឡាបាល់ទាត់​លើ​តុ ធ្វើឡើង​រយៈពេល​ពីរ​ថ្ងៃ​គឺ ថ្ងៃទី 06 និង​ទី 07 មេសា។ ប្រភេទ​កីឡា​នេះ នឹងត្រូវ​ដាក់ឱ្យ​ប្រកួត​ក្នុង​ស៊ី​ហ្គេម​លើក​ទី 32 នា​ខែឧសភា 2023 ដោយមាន​មេដាយ​ដូច​ប្រភេទ​កីឡាផ្សេងៗដែរ ប៉ុន្តែ​មិនត្រូវ​បាន​រាប់​ប​ញ្ជូ​ល​ក្នុង​បញ្ជី​មេដាយ​ផ្លូវការ។

ឯកឧត្តម ញ៉ា​ន សុខ​វិសាល ទីប្រឹក្សា​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ នៃ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) សង្ឃឹមថា កីឡាបាល់ទាត់​លើ​តុ​នេះ នឹងត្រូវ​បានដាក់​បញ្ចូល​ឱ្យ​ប្រកួត​ជា​ផ្លូវការ​នៅ​ស៊ី​ហ្គេម​លើក​ក្រោយ និង​រីកចម្រើន​ជា​បន្តបន្ទាប់។

ការប្រកួត​បាល់ទាត់​លើ​តុ​បុ​រេ​ស៊ី​ហ្គេម រយៈពេល​ពីរ​ថ្ងៃនេះ មាន​បួន​ប្រទេស​ចូលរួម ដោយមាន​ប្រាំ​ក្រុម ក្នុងនោះ​ម្ចាស់ផ្ទះ​កម្ពុ​ជាមាន​ពីរ​ក្រុម។ នេះ​បើតាម លោក អន ច​ន្ត្រា​សំរិត អគ្គលេខាធិការរង សហព័ន្ធ​កីឡាបាល់ទាត់​លើ​តុ​កម្ពុជា៕

Advertisement