ផ្លូវការ​៖ ក្រុម​បាល់​ទាត់​បុរស​ U-22 កម្ពុជា ​ស្ថិត​ក្នុង​ក្រុម​គ្រាប់​ពូជ​ទី​មួយ

គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី 32 (Cambodia SEA Games Organizing Committee) បាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ​ចំណាត់​ថ្នាក់​គ្រាប់​ពូជ​របស់​វិញ្ញាសា​បាល់​ទាត់​បុរស​។

ក្រុម​ U-22 កម្ពុជា ដែល​ជា​ក្រុម​ម្ចាស់​ផ្ទះ​របស់​ស៊ីហ្គេម​លើក​ទី 32 បាន​បញ្ចូល​ខ្លួន​ទៅ​ក្នុង​ក្រុម​គ្រាប់​ពូជ​​ទី​មួយ​របស់​វិញ្ញាសា​បាល់​ទាត់​បុរស​។ ចំណែក​ម្ចាស់​ជើង​ឯក​ស៊ីហ្គេម​រដូវ​កាល​កន្លង​ (វៀតណាម) ក៏​ស្ថិត​នៅ​ក្នុង​ក្រុម​​គ្រាប់​ពូជ​ទី​មួយ​។

កម្ពុជា​ដែល​បាន​បញ្ចូល​ខ្លួន​ទៅ​ក្នុង​ក្រុម​គ្រាប់​ពូជ​ទី​​មួយ​បាន​ធ្វើ​ឱ្យ​ថៃ​ត្រូវ​ធ្លាក់​​ចុះ​ទៅ​ក្នុង​ក្រុម​គ្រាប់​ពូជ​​ទី​ពីរ​ ដែល​​​មាន​ U-22 ឥណ្ឌូណេស៊ី​។

ក្រុម​គ្រាប់​ពូជ​ទី​បី​មាន​វត្តមាន​របស់​ម៉ាឡេស៊ី និង​មីយ៉ាន់ម៉ា​។ ចំណែក​បួន​ក្រុម​ដែល​នៅ​សល់​គឺ សិង្ហបុរី ហ្វ៊ីលីពីន ឡាវ និង​ទីម័រ​ខាងកើត​ត្រូវ​ស្ថិត​ក្នុង​ក្រុម​ទី​បួន​។

ថ្ងៃទី 05 មេសា​នេះ ពិធី​ចាប់​លេខ​ចែក​ពូល​វិញ្ញាសា​បាល់​ទាត់​របស់​ស៊ីហ្គេម​លើក​ទី 32 នឹង​ត្រូវ​ធ្វើ​ឡើង​។ នៅ​ក្នុង​វិញ្ញាសា​បាល់​ទាត់​បុរស​ U-22 កម្ពុជា​ត្រូវ​បញ្ចូល​ខ្លួន​​ទៅ​ក្នុង​ពូល A ដែល​មាន​ឈ្មោះ​សម្គាល់​ថា A1។ U-22 វៀតណាម​នឹង​ស្ថិត​នៅ​ក្នុង​ពូល B ដែល​មាន​ឈ្មោះ​សម្គាល់​ថា B1។ បន្ទាប់​មក​ទៀត​នឹង​មាន​ការ​ចាប់​លេខ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​​ដែល​នៅសល់​។

ចំណាត់​ថ្នាក់​ក្រុម​គ្រាប់​ពូជ​នៅ​ស៊ីហ្គេមលើក​ទី 32

នៅ​ស៊ីហ្គេម​លើក​នេះ​ វិញ្ញាសា​បាល់​ទាត់​បុរស​នឹង​នៅ​សល់​តែ​ដប់​ក្រុម​គត់ ព្រោះ​តែការ​ដក​ខ្លួន​របស់​ប្រទេស​​ព្រុយណេ​​។ ដប់​ក្រុម​​នៅ​អាស៊ី​អាគ្នេយ៍​នេះ​នឹង​ត្រូវ​ចែក​ស្មើ​គ្នា​ជា​ពីរពូល​។ ពីរក្រុម​ដែល​ជាប់​លេខ​មួយ និង​លេខ​ពីរ​នៅ​​ពូល​នីមួយ​ៗ​នឹង​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​។

តាម​គម្រោង វិញ្ញាសា​បាល់​ទាត់​បុរស​នៅ​ស៊ីហ្គេម​លើក​នេះ​នឹង​ចាប់​ផ្ដើម​ប្រកួត​ពី​ថ្ងៃទី 29 មេសា 2023​។ ក្រុម​ដែល​នៅ​ក្នុង​ពូល​ A នឹង​បាន​ទាត់​នៅឯ​​កីឡដ្ឋាន​មរតក​តេជោក​ ខណៈ​ដែល​ក្រុម​នៅ​​ពូល​ B នឹង​ទាត់​នៅឯ​​កីឡដ្ឋាន​ព្រីនស៍ (Prince Stadium)។ ដោយ​ឡែក​ វិញ្ញាសា​បាល់​ទាត់​នារី​នឹង​ប្រកួត​ចាប់​ពី​ថ្ងៃទី 02 ដល់ទី 15 ឧសភា 2023 នៅ​ឯ​កីឡដ្ឋាន RSN និងកីឡដ្ឋាន​ RCAF (ស្ដាត​ចាស់)៕

Advertisement