កំពូល​ថ្វី​ជើង​របស់ Man City ទទួលបាន​កិច្ចព្រមព្រៀង​ថ្មី ជួយ​រកចំណូលបាន​ច្រើន​បន្ថែមទៀត

ខ្សែប្រយុទ្ធ​របស់ Man City កំពូល​ថ្វី​ជើង Erling Haaland បាន​ចុះ​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​ជាមួយ​ក្រុមហ៊ុន​ខ្នាត​យក្ស​មួយ ដែល​នេះ​នឹង​ជួយ​ឱ្យ​គាត់​រកចំណូលបាន​រាប់សិប​លាន​ដុល្លារ​ក្នុង​មួយ​រដូវ​កាល។

យោងតាម L’Équipe ខ្សែប្រយុទ្ធ​ជនជាតិ​ន័​រ​វែ​ស Erling Haaland កំពុង​ទទួលបាន​ប្រាក់បៀវត្សរ៍​ប្រហែល 20 លាន​ផោន/ឆ្នាំ ដោយ​មិនទាន់​គិតដល់​ប្រាក់រង្វាន់ ក្រោយពី​បាន​ចូល​ទាត់​ឱ្យ Man City។ ខ្ទង់​ប្រាក់​នេះ​ជួយ​ឱ្យ Haaland ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ បន្ទាប់ពី Kevin De Bruyne (21 លាន​ផោន/ឆ្នាំ)។

ក៏ប៉ុន្តែ ក្នុង​អនាគត Haaland អាច​នឹង​រកបាន​ប្រាក់​ច្រើនជាង​នេះ​ទ្វេដង តាមរយៈ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ម្ចាស់​ឧបត្ថម្ភ Nike។ ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់ និង​សម្ភារ​កីឡា​អាម៉េរិក Nike បានប្រកាស​បង្ហាញ​កិច្ចព្រមព្រៀង​ឧបត្ថម្ភ​ជាមួយ Erling Haaland។

ភាគី​ទាំងពីរ​ធ្លាប់មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​តាំងពី Haaland មាន​អាយុ 14 ឆ្នាំ ប៉ុន្តែ​បាន​អស់​សុពលភាព​កាលពី​ខែមករា 2022។ យោងតាម Athletic កិច្ចព្រមព្រៀង​ថ្មី​ជាមួយ Nike នឹង​ជួយ​ឱ្យ Haaland រកប្រាក់​ចំណូល​បន្ថែម 20 លាន​ផោន​ជា​រៀងរាល់ឆ្នាំ ប្រហាក់ប្រហែល​នឹង​ប្រាក់បៀវត្សរ៍​ដែល​កីឡាករ​នេះ​ទទួលបាន​ពី​ក្លឹប Man City។

ដូច្នេះ ខ្សែប្រយុទ្ធ​ជនជាតិ​ន័​រ​វែ​ស បាន​ចូលរួម​ជាមួយ​ក្រុម​ទូត​របស់ Nike ដែលមាន​សុទ្ធតែ​កំពូល​តារាបាល់ទាត់ រួមមាន​ជាអាទិ៍ Kylian Mbappe, Kevin De Bruyne និង​Cristiano Ronaldo ផងដែរ។

Haaland ទាត់​បញ្ចូល​ទី​បាន 42 គ្រាប់ ក្នុង 37 ប្រកួត​ដែល​លេង​ឱ្យ Man City នៅក្នុង​រដូវ​កាល​នេះ ក្នុងនោះ​មាន 28 គ្រាប់​នៅឯ​ពានរង្វាន់​លី​គ​កំពូល​អង់គ្លេស។ ក្រៅពីនេះ Haaland ក៏បាន​ក្លាយជា​កីឡាករ​ក្មេង​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ Champions League ដែល​រកបាន 30 គ្រាប់៕

Advertisement