U-22 ថៃ ឬ​​​ម្ចាស់​​ជើងឯក​វៀតណាម អាច​នឹង​ត្រូវ​ជម្រុះ​​ភ្លាម​ៗ​​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​នៅ SEA Games លើក​ទី 32

U-22 ថៃ ទំនងជាខ្លាចប៉ះម្ចាស់ជើងឯកវៀតណាម ក្នុងវគ្គសន្សំពិន្ទុនៅ SEA Games លើកទី 32 ដូច​កាល​ពី​អតីតកាល

ទំព័រសារព័ត៌មាន Thairath យល់ថា ម្ចាស់ផ្ទះ​កម្ពុជា​កំពុងតែ​ប្រើ​ល្បិច​​នៅក្នុង​ការចាប់​លេខ​សម្រាប់​​វិញ្ញាសា​បាល់ទាត់​បុរស​ដែល​ចូល​រួម​​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ឆ្នាំ 2023 (2023 Southeast Asian Games – 32nd SEA Games – SEA Games លើក​ទី 32​)។

ព្រឹក​ថ្ងៃទី 30 មីនា​នេះ ព័ត៌មាន​ស្ដីពី​ពិធី​ចាប់​លេខចែក​ពូ​ល​សម្រាប់​វិញ្ញាសា​បាល់ទាត់​បុរស និង​នារី​របស់ SEA Games លើក​ទី 32 ត្រូវបាន​ប្រកាស​ជា​ផ្លូវការ។ ពិធី​នេះ​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី 05 មេសាខាងមុខ នៅឯពហុ​​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។ បាល់ទាត់​បុរស​នឹង​ជា​វិញ្ញាសា​ដែល​ចាប់ផ្ដើម​មុនគេ​បង្អស់ ពោលគឺ​នៅ​ថ្ងៃទី 29 មេសា ដល់ 16 ឧសភា 2023។

ទំព័រសារព័ត៌មាន Thairath របស់​ថៃ យល់ថា ម្ចាស់ផ្ទះ​កម្ពុជា​កំពុង​ប្រើប្រាស់​ល្បិចកល នៅពេល​មិន​ប្រកាស​ជា​ផ្លូវការ​នូវ​រូបមន្ត​ចាប់លេខ​ចែក​ពូ​ល​របស់​វិញ្ញាសា​បាល់ទាត់​បុរស។ Thairath ក៏បាន​សរសេរថា ទំនងជា U-22 ថៃ នឹងត្រូវ​ទម្លាក់​ចុះមក​ក្នុង​ក្រុម​គ្រាប់ពូជ​ទី​ពីរ​នៃ​វិញ្ញាសា​បាល់ទាត់​បុរស​នៅ SEA Games លើក​ទី 32​។

បច្ចុប្បន្ន​មាន​ព័ត៌មាន​មួយចំនួន​និយាយថា U-20 វៀតណាម​ក្នុងនាម​ជា​ក្រុម​ជើងឯក នឹងត្រូវ​បានដាក់​ទៅក្នុង​ក្រុម​គ្រាប់ពូជ​ទីមួយ​ដែលមាន U-20 កម្ពុជា។ ពេលនោះ U-22 ថៃ​នឹងត្រូវ​រុញ​ចុះ​មកក្នុង​ក្រុម​គ្រាប់ពូជ​ទី​ពីរ បើ​ទោះ​បាន​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ SEA Games លើក​ទី 31 ដែល​បាន​ធ្វើឡើង​នៅ​វៀតណាម។

សារព័ត៌មាន​ថៃ​យល់ថា U-22 ថៃ អាច​នឹង​ប៉ះ​ក្រុម​ជើងឯក​វៀតណាម​ភ្លាម​ៗ​​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​របស់ SEA Games លើក​ទី 32​។ លើកចុងក្រោយ​បំផុត​ដែលក្រុម​ថៃ និង​វៀតណាម​​បាន​ប៉ះគ្នា​​​ក្នុង​​វគ្គ​សន្សំ​ពិន្ទុ គឺ​នៅ SEA Games លើក​ទី 30 ​ធ្វើឡើង​នៅ​ហ្វ៊ី​លី​ពី​ន ដែល​កាលណោះ ក្រុម​ជម្រើសជាតិ​ថៃ​ត្រូវ​ហាលអាវ​តាំងពី​វគ្គ​សន្សំ​ពិន្ទុ បន្ទាប់ពី​ការប្រកួត​ដែលមាន​លទ្ធផល 2-2។

នៅ SEA Games លើក​ទី 31 ក្រុម​ជម្រើសជាតិ U-22 ថៃ និង​វៀតណាម សុទ្ធតែ​ត្រូវបាន​ដាក់ចូល​ក្នុង​ក្រុម​គ្រាប់ពូជ​ទីមួយ។ ពួកគេ​ក្រោយមក​ក៏បាន​ប្រកួត​យ៉ាង​ល្អ រហូតដល់​បាន​ជួបគ្នា​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ជាទី​ដែល​ក្រុម​វៀតណាម​ដណ្ដើមបាន​មេដាយមាស។

ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម 22 ឆ្នាំ​របស់​កម្ពុជា ត្រូវបាន​ដាក់ចូល​ក្នុង​ក្រុម​គ្រាប់ពូជ​ទីមួយ។ ចំណែក​អាយុ​វិញ ម្ចាស់ផ្ទះ​កម្ពុជា​ក៏បាន​កាត់បន្ថយឱ្យ​​មក​នៅ​ត្រឹម U-22 និង​កំណត់​មិនឱ្យ​មាន​កីឡាករ​លើស​អាយុ។ មុន​នោះ ការកំណត់​អាយុ​កីឡាករ​បាល់​ទាត់​​នៅ SEA Games លើក​ទី 31 គឺ U-23+3៕

Advertisement