Lionel Messi និង​ក្រុម​អាហ្សង់ទីន «វាយ​សម្រុក​ដូច​ព្យុះ» ផ្ដួលប៉ាណាម៉ាបានសម្រេច​

(លទ្ធផល​បាល់ទាត់​អា​ហ្ស​ង់​ទីន – ប៉ា​ណា​ម៉ា) – ក្រុម​ជើងឯក World Cup 2022 បាន​ផ្ដួល​ក្រុម​ជម្រើសជាតិ​ប៉ា​ណា​ម៉ា ក្នុងនោះ Lionel Messi ក៏ជា​អ្នក​បាន​ចូលរួមចំណែក​ក្នុង​ជ័យជម្នះ​នេះ។

ព្រឹក​ថ្ងៃទី 24 មីនា ក្រុម​ជម្រើសជាតិអាហ្សង់ទីន បាន​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ប៉ា​ណា​ម៉ា។ ដោយមាន​កម្លាំង និង​ជំនាញ​ខ្លាំង​ជាង Lionel Messi និង​មិត្ត​រួម​ក្រុម​បាន​បើក​ការវាយលុក​តាំងពី​នាទី​ដំបូង។ នៅ​នាទី​ទី 17 Messi ត្រូវ​ឱប​ក្បាល​សោកស្ដាយ​បន្ទាប់ពី​ស៊ុត​បាល់​ពិ​ន័យចំ​បង្គោល​ទី។ នាទី​ក្រោយមក អា​ហ្ស​ង់​ទីន​នៅតែ​ជា​អ្នកគ្រប់គ្រង​ស្ថានការណ៍ តែ​មិនអាច​បំ​ប៉ើង​សំណាញ់​របស់​ប៉ា​ណា​ម៉ា បណ្ដោយឱ្យ​តង់​ទីមួយ​ចប់​ក្នុង​លទ្ធផល 0-0។

ចូលដល់​តង់​ទី​ពីរ ស្ថានការណ៍​នៅតែ​មិនបាន​ផ្លាស់ប្ដូរ។ នាទី​ទី 50 Messi បានសម្រេច​ចិត្ត​ទាត់​ផ្ដាច់​បាល់​ពិន័យ​ជ្រុង ប៉ុន្តែ​អ្នកចាំទី​របស់​ប៉ា​ណា​ម៉ា សង្គ្រោះ​ទាន់ពេល។ ក្រោយមក អ្នកចាំទី​របស់​ប៉ា​ណា​ម៉ា Guerra ក៏​បាន​យកឈ្នះ​ជា​បន្តបន្ទាប់​លើ​កីឡាករ​នានា​របស់​អា​ហ្ស​ង់​ទីន​ដែល​ទាត់​ផ្ដាច់​ជា​ហូរហែ។

 

ទោះជា​យ៉ាងនេះ​ក៏ដោយ នៅ​ចំពោះ​មុខការ​វាយ​សម្រុង​ដូច​ព្យុះ​របស់​ម្ចាស់​ជើងឯក World Cup 2022 អ្នកចាំទី Guerra មិនអាច​ទប់ទល់​បានយូរ​ឡើយ។ នៅ​នាទី​ទី 80 Messi ស៊ុត​បាល់​ពិ​ន័យចំ​បង្គោល​ទី តែ​លើក​នេះ Thiago Almada មានមុខ​ទាន់ពេល ហើយក៏​ទាត់​បញ្ចូល​ទី​បានសម្រេច ជួយ​ឱ្យ​អា​ហ្ស​ង់​ទីន​នាំមុខ 1-0។ ប្រហែល 10 នាទី​ក្រោយមក Messi ក៏​រកបាន​មួយ​គ្រាប់​នៅពេល​ទាត់​បាល់​ពិន័យចំ​គោល​ដៅ​បាន​ល្អ ហើយ​ជួយ​ឱ្យ​អា​ហ្ស​ង់​ទីន​នាំមុខ 2-0។

លទ្ធផល 2-0 ត្រូវបាន​រក្សា​រហូតដល់​ចប់​ការប្រកួត។ ចុងក្រោយ អា​ហ្ស​ង់​ទីន​ឈ្នះ​ប៉ា​ណា​ម៉ា 2-0 និង​បន្ត​សប្បាយរីករាយ​ក្រោយពី​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក​បាល់ទាត់​ពិភពលោក​ឆ្នាំ 2022៕

Advertisement