ផ្លូវការ៖ Kylian Mbappe បញ្ជាក់​ពី​គោលដៅ​បន្ទាប់​សម្រាប់​អនាគត

នៅក្នុង​ពិធី​លើកតម្កើង​កិត្តិយសនៃ​ការ​ក្លាយ​ជា​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​គ្រាប់​ជាងគេ​សម្រាប់ PSG កំពូល​តារាបាល់ទាត់​បា​រាំង Kylian Mbappe បាន​បញ្ចេញ​ប្រតិកម្ម​ទាក់ទិន​នឹង​ពាក្យ​ចចាមអារ៉ាម​ស្ដីពី​គោលដៅ​អនាគត​របស់ខ្លួន។

កាលពី​ថ្ងៃទី 05 មីនា (ពេលវេលា​នៅ​កម្ពុជា) Kylian Mbappe បាន​ក្លាយជា​កីឡាករ​ដែល​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់ PSG បន្ទាប់ពី​បាន​ជួយ​ឱ្យ​ក្លឹប​នេះ​ឈ្នះ Nantes 4-2។ ដើម្បី​លើកតម្កើង​កិត្តិយស​របស់ Mbappe ក្លឹប PSG ក៏បាន​ធ្វើ​ពិធី​មួយ​ដ៏​ធំ។

នៅក្នុង​ពិធី​ខាងលើ Mbappe បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ពាក្យ​ចចាមអារ៉ាម​កន្លងមក​ដែល​និយាយថា កីឡាករ​កើត​ឆ្នាំ 1998 នេះ​នឹង​ចាក​ចេញពី​កីឡដ្ឋាន Le Parc des Princes នៅ​ចុងរដូវ​កាល​នេះ ពិសេស​នៅក្នុង​ករណី​ដែល PSG ត្រូវ Bayern Munich ជម្រុះ​ត្រឹម​ជើង​ទី​ពីរ​នៃ​វគ្គ knock-out ខាងមុខ។

«ខ្ញុំ​មិន​គិតថា​នឹង​ចាកចេញ​ឡើយ។ ខ្ញុំ​កំពុងមាន​សេចក្ដីសុខ​នៅទីនេះ និង​មិន​គិត​អ្វី​ផ្សេង​ក្រៅតែពី​ការទទួលយក​នូវ​អ្វីដែល​ខ្លួន​កំពុង​មាននៅ PSG» Mbappe ថ្លែង​ដូច្នេះ។

Mbappe ថា ថ្ងៃ​ណាមួយ​​គាត់​ប្រាកដជា​ដណ្ដើមបាន​គ្រាប់​បាល់​មាស

Mbappe បន្ថែមថា «ពិត​ជាមាន​មោទកភាព​នៅពេល​បាន​ប្រកួត​នៅទីនេះ ចារ​ក្នុង​ប្រវត្តិសាស្ត្រ​សម្រាប់​រដ្ឋធានី​ប៉ារីស​របស់ខ្ញុំ ទឹកដី​បារាំង​របស់ខ្ញុំ។ ប្រការនេះ​ពិតជា​ល្អប្រសើរ ពិសេស​នៅពេល​ខ្ញុំ​បាន​ក្លាយជា​ផ្នែក​មួយ​របស់​ក្លឹប​នេះ»។

ក្រៅពីនេះ Kylian Mbappe ក៏បាន​និយាយ​អំពី​មហិច្ឆតា​របស់ខ្លួន៖ «ថ្ងៃ​ណាមួយ​ខ្ញុំ​ប្រាកដជា​ដណ្ដើមបាន​គ្រាប់​បាល់​មាស។ នោះ​គឺជា​បេសកកម្ម​ដ៏​ធំ​របស់ខ្ញុំ»។

ការអះអាង​ខាងលើ​របស់ Mbappe បានធ្វើឱ្យ​ពាក្យ​ចចាមអារ៉ាម​​ទាំង​ឡាយ​ដែលថា កីឡាករ​រូបនេះ​នឹង​ចាក​ចេញពី​ក្លឹប PSG ក្លាយជា​អតីតកាល និង​អស់​ន័យ​ខ្លឹម​សារ​៕

Advertisement