កីឡាករ​ខ្សែការពារ​របស់ PSG ត្រូវ​រង​ការ​ចោទថា «វាយប្រហារ​ផ្លូវភេទ»

តារាបាល់ទាត់របស់ក្លឹប PSG និងក្រុមជម្រើសជាតិម៉ារ៉ុក Achraf Hakimi និងភរិយា

(បារាំង) – តារាបាល់ទាត់​របស់​ក្លឹប PSG និង​ក្រុម​ជម្រើសជាតិ​ម៉ា​រ៉ុ​ក Achraf Hakimi ត្រូវបាន​ស៊ើបអង្កេត​ពីបទ​រំលោភបំពាន​ផ្លូវភេទ បន្ទាប់ពី​បាន​អញ្ជើញ​ស្ត្រី​ម្នាក់​មកលេង​ផ្ទះ​ក្នុងពេល​ភរិយា​ទៅ​ទេសចរណ៍។

យោងតាម​ទំព័រ Le Parisien (បារាំង) ស្ត្រី​វ័យ 23 ឆ្នាំ​ម្នាក់​បាន​រាយការណ៍​ប្រាប់​ប៉ូលិស​កាលពី​ចុង​សប្ដាហ៍​កន្លង​ថា នាង​ត្រូវបាន​កីឡាករ​មួយរូប​របស់​ក្លឹប PSG ចាប់រំលោភ ប៉ុន្តែ​មិន​ចង់​ដាក់ពាក្យ​ប្ដឹង។ ស្ត្រី​រូបនេះ​និយាយប្រាប់​ប៉ូលិស​ថា ខ្លួន​គ្រាន់តែ​ចង់ «រាយការណ៍​ពី​ករណី​ចាប់រំលោភ»។ ក៏ប៉ុន្តែ ដោយសារតែ​ភាព​ធ្ងន់ធ្ងរ​នៃ​ហេតុការណ៍ រដ្ឋអាជ្ញា​មួយក្រុម​ក៏​ចាប់​ផ្ដើមធ្វើ​ការស៊ើបអង្កេត​លើ​ជនសង្ស័យ។

Le Parisien ឱ្យដឹងថា Hakimi ចាប់ផ្ដើម​និយាយ​គ្នា​ជាមួយ​ស្ត្រី​ខាងលើ​នៅលើ Instagram កាលពី​ថ្ងៃទី 16 មករា។ ក្រោយមក កីឡាករ​ខ្សែការពារ​វ័យ 24 ឆ្នាំ​រូបនេះ ក៏​​បាន​កក់​សេវាកម្ម Uber និង​អញ្ជើញ​នាង​មកកាន់​ផ្ទះ​ផ្ទាល់ខ្លួន​នៅ Boulogne-Billancourt ក្នុង​ទីក្រុង​បារី​ស​កាលពី​ថ្ងៃទី 25 មករា។ នៅទីនេះ កីឡាករ​របស់​ក្លឹប PSG បាន​រួមភេទ​ជាមួយ​ស្ត្រី​ខាងលើ បើ​ទោះ​​នាង​មិន​យល់ព្រម។ នាង​បាន​ទាត់​ទៅលើ Hakimi មុនពេល​ផ្ញើ​សារ​ឱ្យ​មិត្ត​ម្នាក់​មក​ទទួល និង​រាយការណ៍​ប្រាប់​ប៉ូលិស​នៅ​ថ្ងៃ​បន្ទាប់។

ទំព័រ AP បាន​ផ្សាយ​ថា ការិយាល័យ​រដ្ឋអាជ្ញា​ទ​ទួល​បន្ទុក​​រឿងក្ដី​នេះ​ត្អូញត្អែរថា «ព័ត៌មាន​ត្រូវបាន​បែកធ្លាយ​ជា​សាធារណៈ ធ្វើឱ្យ​ដំណើរការ​ស៊ើបអង្កេតរ​ក​ការពិត​ជួប​ការលំបាក»។

ក្នុងអំឡុងពេល​កើតហេតុ ភរិយា​របស់ Hakimi ដែលជា​តារាភាពយន្ត​ជនជាតិ​អេ​ស្ប៉ា​ញ ឈ្មោះ Hiba Abouk កំពុងតែ​ទៅ​ទេសចរណ៍​ជាមួយ​កូនប្រុស 2 នាក់​នៅ​ឌូ​បៃ។

ដោយឡែក Dani Alves ដែលជា​កីឡាករ​ខ្សែការពារ​មួយរូប​ផ្សេងទៀត​ដែល​ធ្លាប់​ទាត់​ឱ្យ PSG ក៏​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ ទាក់ទង​នឹង​រឿង​បំពាន​ផ្លូវភេទ។ Dani ត្រូវ​តុលាការ​បដិសេធ​សំណើសុំ​នៅក្រៅ​ឃុំ និង​ត្រូវ​ជាប់ឃុំ​រហូតដល់​សវ​នា​ការ​ត្រូវបាន​ធ្វើឡើង។ ប៉ុន្តែ កាលបរិច្ឆេទ​នៃ​ការបើក​សវនាការ​នេះ​មិន​ទាន់​ត្រូវ​បានកំណត់​នៅឡើយ៕

Advertisement