កំពូលតារាសម្ដែង Tom Cruise និយាយថា នៅតែចង់សម្ដែងក្នុងឈុតឆាកផ្សងគ្រោះថ្នាក់ មានដូចជាការលោតចុះពីភ្នំជាដើម បើទោះមានអាយុ 80 ឬ 100 ឆ្នាំក៏ដោយ។
ក្នុងកម្មវិធី Jimmy Kimmel Live កាលពីថ្ងៃទី 26 កុម្ភៈ Tom Cruise ត្រូវបានគេសួរថា «តើនឹងបន្តសម្ដែងក្នុងឈុតផ្សងគ្រោះថ្នាក់ លោតពីភ្នំទៀតទេ នៅពេលមានអាយុ 80 ឬ 100 ឆ្នាំ?»។
លោក Tom Cruise ថ្លែងថា «នោះគឺជាអ្វីដែលខ្ញុំប៉ង។ ខ្ញុំបានធ្វើកិច្ចការនេះពេញមួយជីវិតហើយ… ខ្ញុំជាក្មេងដែលឡើងលើដំបូលផ្ទះពេលមានអាយុ 4 ឆ្នាំ ព្រោះតែចូលចិត្តមើលមេឃ ពពក និងដួងតារា»។
ក្នុងពេលថតរឿង Mission: Impossible 7 លោក Tom Cruise និយាយថា គាត់នៅតែសម្ដែងដោយផ្ទាល់ខ្លួននូវទិដ្ឋភាពផ្សងគ្រោះថ្នាក់ ដូចជាបើកម៉ូតូហោះធ្លាក់ទៅលើជ្រោះជ្រៅជាដើម។ គាត់ត្រូវសម្ដែងសកម្មភាពនេះរហូតដល់ 8 លើក។ «ខ្ញុំមានពេលតែ 6 វិនាទីប៉ុណ្ណោះដើម្បីបើកឆត្រ មុនពេលធ្លាក់ដល់ដី» Tom Cruise និយាយដូច្នេះ។ ដើម្បីធ្វើបានដូច្នេះ គាត់ត្រូវហាត់សមយ៉ាងលំបាក ក្នុងនោះគាត់បានលោកឆត្រយោង 13,000 លើក និងរៀនប្រណាំងម៉ូតូ។ល។
ឈុតឆាកផ្សងគ្រោះថ្នាក់ធំបំផុតរបស់ Tom Cruise ក្នុងពេលថតរឿង Mission: Impossible – Dead Reckoning Part One
ក្រុមអ្នកផលិតភាពយន្តក៏ត្រូវធ្វើកិច្ចការជាច្រើនដើម្បីធានាថា កំពូលតារាសម្ដែងរូបនេះមិនជួបគ្រោះថ្នាក់ក្នុងពេលថតរឿង។
ក្នុងអាជីព Tom Cruise តែងសម្ដែងក្នុងឈុតផ្សងគ្រោះថ្នាក់ដោយខ្លួនឯង មិនចាំបាច់មានអ្នកសម្ដែងជំនួស។ គាត់ធ្លាប់លោតពីយន្តហោះដែលមានកម្ពស់ 7,620 ម៉ែត្រ តោងឡើងកង្កេះភ្នំកម្ពស់ប្រហែល 610 ម៉ែត្រ និងឡើងអគារ Burj Khalifa កម្ពស់ជាង 518 ម៉ែត្រ។ កាលពីឆ្នាំ 2018 ពេលថតរឿង Mission Impossible – Fallout គាត់ត្រូវរងរបួសពេលលោតពីអគារមួយទៅអគារមួយ។
ក្នុងវ័យ 60 ឆ្នាំ Tom Cruise នៅតែហាត់ប្រាណ លើកដុំដែក និងធ្វើការហាត់ខ្លាំង។ បច្ចុប្បន្ន គាត់កំពុងថតរឿង Mission: Impossible 8។ Tom Cruise ក៏មានគម្រោងថតភាពយន្តដែលមានទិដ្ឋភាពអវកាសផងដែរ ដោយគាត់នឹងដើរក្នុងអវកាសដូចទៅនឹងអវកាសចរចេញជួសជុលស្ថានីយអវកាសអន្តរជាតិ។ នេះបើតាម Cinemablend៕